ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៣ នៅញ៉ូវយ៉ក

ចែករំលែក៖

អាមេរិក៖ បន្ទាប់ពីបញ្ចប់ជំនួបពិភាក្សាជាមួយបណ្តាមេដឹកនាំប្រទេសសំខាន់ៗមួយចំនួនរួចហើយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៣។ ក្នុងនាមកម្ពុជាជាអនុប្រធាននៃមហាសន្និបាតអសប សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះដែលបង្ហាញអោយពិភពលោកបានឃើញនឹងដឹងកាន់តែច្បាស់ថា ប្រជាជាតិកម្ពុជាកំពុងតែសប្បាយរីករាយទទួលផលពីសុខសន្តិភាពស្ថេរភាព និងការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តសម័យទំនើបរបស់ខ្លួន។ កម្ពុជាគឺជាករណីជោគជ័យដ៏សំខាន់មួយ ដែលប្រទេសនេះពីមុនធ្លាប់ត្រូវបានញាំញីដោយសង្រ្គាមហើយដែលពេលនេះសម្រេចបាននូវការផ្លាស់ប្ដូរមុខមាត់ថ្មីគួរជាទីមោទនៈ។

កម្ពុជាពីមុនជាប្រទេសមួយដែលគេធ្លាប់ស្គាល់ថាជាវាលពិឃាត ជាតំបន់អសន្តិសុខដោយសារជម្លោះប្រដាប់អាវុធ និងកំណប់គ្រាប់មីនដ៏គ្រោះថ្នាក់ និងជាប្រទេសដែលមានសេដ្ឋកិច្ចអន់ថយផុងជាប់ក្នុងភាពក្រីក្រ និងមានអសន្តិសុខស្បៀង។ ប៉ុន្តែកម្ពុជាបច្ចុប្បន្នទទួលបានសន្តិភាពពេញលេញនិងបានក្លាយជាគោលដៅទេសចរណ៍ដ៏មានប្រជាប្រិយនិងទាក់ទាញបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ ហើយក៏ជាប្រទេសនាំចេញនូវស្បៀងអាហារ។ ទន្ទឹមនឹងនេះគឺកម្ពុជាមានស្នាដៃលេចធ្លោក្នុងការកាត់បន្ថយភាពក្រីក្រនិងការកែលម្អលឿន និងជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅក្នុងពិភពលោកដែលថ្មីៗនេះបានឆ្លងផុតដោយជោគជ័យពីឋានៈជាប្រទេសមានចំណូលទាបទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាបដោយសារកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងរង្វង់៧ភាគរយក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះ។ ចំពោះការបោះឆ្នោតជាតិកន្លងទៅថ្មីៗនេះគឺបានធ្វើឡើងដោយសេរី ហើយគ្មានការបង្ខិតបង្ខំ ឬការគំរាមកំហែងឡើយ។

រាជរដ្ឋាភិបាលកម្ពុជានឹងអនុម័តក្នុងពេលដ៏ឆាប់ខាងមុខនេះនូវ«គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព»ដែលត្រូវបានធ្វើជាតូបនីយកម្មពេញលេញហើយយើងនឹងប្រើប្រាស់គោលដៅទាំងអស់នេះដើម្បីតម្រង់ទិសគោលនយោបាយនិងផែនការរយៈពេលមធ្យម និងរយៈពេលវែងរបស់កម្ពុជា។ កម្ពុជាគឺជាអ្នកគាំទ្រប្រកបដោយសង្គតិភាពចំពោះនិម្មាបនកម្មសន្តិភាពនិងសន្តិសុខរបស់អង្គការសហប្រជាជាតិ។ជាក់ស្តែងរយៈពេល១២ឆ្នាំកន្លងមកនេះកម្ពុជាបានចូលរួមបញ្ជូនកងកម្លាំងមួកខៀវរាប់ពាន់នាក់ទៅបំពេញប្រតិបត្តិការរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ ក៏ប៉ុន្តែការរក្សាសន្តិភាពកំពុងជួបប្រទះនឹងបញ្ហាប្រឈមដែលពុំធ្លាប់មានពីមុនមកដោយតួអង្គមិនមែនរដ្ឋបានបង្កសង្គ្រាមពួកគេវាយប្រហារមកលើកងកម្លាំងរក្សាសន្តិភាពរបស់យើងបណ្ដាលឲ្យបាត់បង់ជីវិត និងពិការជាច្រើននាក់។ យើងជំពាក់គុណដ៏ធំធេងចំពោះពលីកម្មរបស់វីរៈបុរសថែរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិយើងទាំងអស់នេះ។ យ៉ាងណាក្តីមរណភាពនិងពលិកម្មរបស់ពួកគេពុំបានកែប្រែនូវការប្ដេជ្ញាចិត្តរបស់យើងក្នុងការបន្តរួមចំណែកដល់បុព្វហេតុដ៏ឧត្តុង្គឧត្តមនេះឡើយ។

សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ផងដែរថាចំពោះការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុគឺជាធាតុផ្សំសំខាន់មួយទៀតសម្រាប់ជោគជ័យនៃរបៀបវារៈឆ្នាំ២០៣០ដែលទាមទារឲ្យមានការយកចិត្តទុកដាក់ជាបន្ទាន់និងមិនបែកខ្ញែកពីសំណាក់សហគមន៍សកល។ កម្ពុជាគាំទ្រពេញទំហឹងចំពោះភាពជាអ្នកដឹកនាំជាសកលរបស់អង្គការសហប្រជាជាតិព្រមទាំងប្ដេជ្ញាអនុវត្តនូវការទទួលខុសត្រូវរួមរបស់យើងក្នុងកិច្ចការប្រឹងប្រែងកសាងសង្គមមួយនៃមនុស្សជាតិប្រកបដោយសន្តិភាពសមធម៌ និងមានការអភិវឌ្ឍប្រកបដោយចីរភាព៕


ចែករំលែក៖