ព័ត៌មានទាន់ហេតុការណ៍៖

លិខិតមិត្តអ្នកអាន៖ បាត់ដំបងនៃខ្ញុំ ចោរគាស់ផ្ទះទាំងថ្ងៃញឹកណាស់

ចែករំលែក៖

ក្នុងនាមប្រជាពលរដ្ឋ រស់នៅខេត្តបាត់ដំបង ចាប់អារម្មណ៍ថា មួយរយៈពេលនេះ សកម្មភាព​ចោរគាស់ផ្ទះបានកើតឡើង​ជាញឹកញាប់នៅខេត្តបាត់ដំបង​ មិនថាតែនៅជាយក្រុងបាត់ដំបង ឬនៅតាមបណ្តាស្រុកនោះឡើយ ។ ការ​កើតមាននូវអំពើ​ចោរកម្ម​ទាំងថ្ងៃជាញឹកញាប់នេះ បណ្តាលមកពីការរីករាលដាលនៃវង់ល្បែងស៊ីសង និងបញ្ហាគ្រឿងញៀន ។ ជាមួយនោះ គេសង្កេតឃើញថា អាជ្ញាធរមានសមត្ថកិច្ចខេត្តបាត់ដំបង គ្មានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារសន្តិសុខ​ជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋាននោះឡើយ ។

មិនថាតែនៅជាយក្រុងបាត់ដំបងនោះទេ ដែលមានករណីហ្វូងចោរចូលគាស់ផ្ទះប្រជាពលរដ្ឋទាំងកណ្តាលថ្ងៃនោះ សូម្បីតែ​នៅ​តាមបណ្តាស្រុកឆ្ងាយៗ ក៏មានចោរគាស់ផ្ទះញឹកញាប់ដែរ ។ គេកម្រឃើញអាជ្ញាធរ​មានសមត្ថកិច្ច​បំបែកសំណុំរឿង ឬចាប់បានក្រុមចោរគាស់ផ្ទះនោះណាស់ ។ ប្រការនេះធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងសហគមន៍ព្រួយបារម្ភជាខ្លាំងអំពីបញ្ហា​ករណី​ចោរលួច​ចោរប្លន់នេះ ។ នៅពេលដែលរឿងដដែលៗបានកើតឡើងជាញឹកញាប់ ហើយអាជ្ញាធរមានសមត្ថកិច្ច​មិនអាច​សម្រាលក្តីព្រួយបារម្ភបាននោះ ប្រជាពលរដ្ឋយល់ថា អគ្គស្នងការនគរបាលជាតិ គួរតែជួយ​សម្រួលបញ្ហានេះផង ។

ក្នុងនាមប្រជាពលរដ្ឋនៅទីរួមខេត្តបាត់ដំបង ខ្ញុំបាទយល់ឃើញថា អាជ្ញាធរមានសមត្ថកិច្ច​មិនបាន​ផ្តល់ភាពកក់ក្តៅជូន​ប្រជាពលរដ្ឋនោះឡើយ ផ្ទុយទៅវិញ ក្រៅតែអំពីបញ្ហាចោរគាស់ផ្ទះកើតមាន​ស្ទើរជារៀងរាល់ថ្ងៃនោះ វង់ល្បែងស៊ីសងច្រើនប្រភេទ​មានទាំងកាស៊ីណូស្របច្បាប់ និងមិនស្របច្បាប់ កើតឡើងព្រោងព្រាត ទាំងនៅកណ្តាលក្រុង​បាត់ដំបង និងនៅតាមព្រំដែនថៃ ។ ការរីករាលដាលនៃការប្រើប្រាស់គ្រឿងញៀន ក៏ជាកង្វល់មួយរបស់ប្រជាពលរដ្ឋផងដែរ ។ បញ្ហាល្បែងស៊ីសង និងគ្រឿងញៀន ក៏មិនត្រូវបានអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការបង្ក្រាបឲ្យអស់ពីសមត្ថភាពនោះដែរ។ ដូច្នេះ ប្រជាពលរដ្ឋនៅខេត្តបាត់ដំបងនឹងបន្តរស់នៅ​ក្នុងភាពភ័យខ្លាច​ជារហូតទៅ ៕ ប្រជាពលរដ្ឋម្នាក់


ចែករំលែក៖