ភ្នំពេញ: យុវជនម្នាក់បានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ និងប្រុសស្រី៣នាក់ទៀតរបួសធ្ងន់ ដោយសារគ្រោះថ្នាក់ចរាចរម៉ូតូបុកគ្នាក្នុងទិសដៅបញ្ច្រាស ។
ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជាង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវសុធារស ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះមឿន សុវណ្ណារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
ប្រភពកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជនម្នាក់បើកម៉ូតូឌុបនារីម្នាក់ ម៉ាកស៊ុយស៊ូគីនិច ពណ៌ស លាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GN-0927 ធ្វើដំណើរ តាមផ្លូវសុធារស ក្នុងទិសដៅពីជើងទៅត្បូងយ៉ាងលឿន ខណ:មកដល់ចំណុចកើតហេតុបានទៅបុកម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដាឃ្លីក ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1AL-4449 បើកបរ និងរួមដំណើរដោយយុវជន៣នាក់ ក្នុងទិសដៅបញ្ច្រាសគ្នា បានបុកគ្នាពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ទាំងសងខាង ត្រូវរថយន្តគ្លីនិច ឯកជន ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ តែយុវជនម្នាក់ខាងម៉ូតូ ស៊ុយស៊ូគីនិច បានស្លាប់នៅតាមផ្លូវបាត់ទៅ ហើយត្រូវបានរថយន្តសង្គ្រោះដឹកយកមកកន្លែងកើតហេតុវិញ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញមកវាស់វែងយកម៉ូតូទាំង២គ្រឿង ទៅការិយាល័យចរាចរផ្លូវគោកនៃស្នងការរាជធានីភ្នំពេញរង់ចាំ ដោះស្រាយតាមផ្លូវច្បាប់ចំណែកសពជនគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឲក្រុមគ្រួសារយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី ៕ ជ្រោយពេជ្រ