ប៉ោយប៉ែត៖ ស្ត្រីម្នាក់បានស្លាប់នៅកន្លែងកើតហេតុ និងស្រី្ត៣នាក់ទៀត រងរបួសស្រាល ដោយសារថយន្តដឹកដីបុកពីក្រោយ កាលពីវេលាម៉ោង២ និង២០នាទីរសៀល ថ្ងៃទី៣០ ខែ កញ្ញា ឆ្នាំ២០១៨ នៅកំណាត់លើផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងកើតស្ថានីយដឹកអ្នកដំណើរ ស៊ូជីង ប្រហែល៥០ម៉ែត្រ ស្ថិតក្នុងភូមិអណ្តូងថ្មមាស សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
សមត្ថកិច្ចជំនាញចរាចរណ៍ក្រុងប្រាប់ថា ជនរងគ្រោះក្នុងករណីខាងលើ ០១/ឈ្មោះ ម៉ៅ ស្រីអូន ភេទស្រី អាយុ ២៩ ឆ្នាំ មុខរបរ បុគ្គលិកសាលារៀន អេលីហ្កែន (រងរបួសស្រាល) អ្នកបើកបរម៉ូតូ, ២/ឈ្មោះ ឌឿន ស្រីម៉ៅ ភេទស្រី អាយុ ២៧ ឆ្នាំ មុខរបរកម្មករសំណង់ (រងរបួសស្រាល) អ្នករូមដំណើរលើម៉ូតូ, ០៣/ឈ្មោះ សំ ស្រីទាវ ភេទស្រី អាយុ២១ ឆ្នាំ មុខរបរធ្វើស្រែ (រងរបួសស្រាល) អ្នករួមដំណើរលើម៉ូតូ និង០៤/ឈ្មោះ ខុន ភត្ត្រា ភេទស្រី អាយុ១៦ ឆ្នាំ មុខរបរបុគ្គលិកសាលរៀន អេលីហ្គែន (ស្លាប់នឹងកន្លែង) អ្នកទាំងបួននាក់ខាងលើ ស្នាក់នៅផ្ទះជួល ក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
សមត្ថកិច្ចបន្ថែមថា មុនកើតហេតុ គេឃើញជនរងគ្រោះទាំ៤នាក់ ជិះម៉ូតូ១គ្រឿង ម៉ាកវ៉េវ ពណ៌ខៀវ ពុំមានស្លាកលេខ (ជិះគ្នា០៤នាក់) បើកបរចេញពីអាហារដ្ឋាន អូរខៃដន ហើយបើកសសៀរខាងឆ្វេងដៃ(ពីកើតទៅលិច) បើកជិតដល់ចំណុចកើតហេតុបានស៊ីញូស្តាំ ឆ្លងផ្លូវ ផុតគំនូសពាក់កណ្តាលទ្រូងផ្លូវបានបន្តិច ស្រាប់តែមានរថយន្តដឹកដី១គ្រឿង ម៉ាកហ៊ីណូ ពណ៌ស ពុំពាក់ស្លាកលេខ បើកពីកើតទៅលិច បានកៀរ នឹងម៉ូតូខាងលើ បណ្តាលឲ្យម៉ូតូខ្ទាតទៅមុខ ហើយចំណែកអ្នកជិះម៉ូតូខាងក្រោយ បានធ្លាក់ចូលកង់ក្រោយខាងស្តាំរថយន្ត បណ្តាលឲ្យកិនស្លាប់តែម្តង ។
ចំណែកអ្នកបើកបររថយន្ត (ក្តាប់ឈ្មោះពុំបាន) បានទុករថយន្តចោល ចុះរត់គេចខ្លួនបាត់ ក្រោយកើតហេតុ ។
នៅកន្លែងកើតហេតុ គេឃើញសមត្ថកិច្ចជំនាញផ្នែកសណ្ដាប់ធ្នាប់ចរាចរណ៍ ក្រុងប៉ោយប៉ែត ចុះវាស់វែងធ្វើកំណត់ហេតុរួចរាល់ ប្រគល់សពឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ។
ចំពោះយានយាន្តទាំងពីរ យកមករក្សាទុកនៅអធិការដ្ឋានក្រុងប៉ោយប៉ែត ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕ វណ្ណា