ភ្នំពេញ៖ ម៉ូតូកង់បីឥណ្ឌាមួយគ្រឿងបើកបរក្នុងស្ថានភាពស្រវឹងហើយលឿន ក៏បានជ្រុលចង្កូតមកបុករថយន្តឡិចស៊ីស GS-300 ពីក្រោយបណ្តាលឲ្យរេចង្កូតទៅបុកបង្គោលភ្លើងបន្ថែមទៀត រងការខូចខាតយ៉ាងដំណំ រីឯម្ចាស់កង់បីរងរបួសស្រាល ។
ហេតុការណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃចន្ទ ទី ០១ ខែ តុលា ឆ្នាំ ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ស្រវឹងបើកម៉ូតូកង់បីឥណ្ឌាពណ៌សមួយគ្រឿង ពាក់ស្លាកលេខ កណ្តាល 1X-8209 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២ ទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន ហើយមកបុកគូទរថយន្តឡិចស៊ីសGS-300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AT-7176 ដែលកំពុងបត់ចូលផ្ទះ ពីក្រោយពេញទំហឹងបណ្តាលឲ្យរងការខូចខាតផ្នែកខាងក្រោយរថយន្ត រីឯម៉ូតូកង់បីឥណ្ឌាវិញ បានរេចង្កូតទៅបុកបង្គោលភ្លើងបន្ថែមទៀត រងការខូចខាតស្ទើរតែទាំងស្រុង ហើយបង្កឲ្យអ្នកបើកបរនោះរងរបួសស្រាល ។
ក្រោយពេលកើតហេតុខាងភាគីម្ចាស់រថយន្ត ក៏ព្រមយកសំណងចំនួន១២០$ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕ ភារ៉ា ដង្កោ