ព័ត៌មានទាន់ហេតុការណ៍៖

សាកសពបុរសម្នាក់ត្រូវពលរដ្ឋប្រទះឃើញអណ្ដែតទឹកក្នុងទន្លេបាសាក់នៅស្រុកស្អាង

ចែករំលែក៖

ខេត្តកណ្ដាលៈ ប្រជាពលរដ្ឋបានប្រទះឃើញ សាកសពបុរសម្នាក់ អណ្តែតទឹកតាមដងទន្លេ បាសាក់ក្នុងសភាពស្អុយរលួយបង្កឲ្យ មានការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ តាមដងទន្លេបាសាក់ ស្ថិតក្នុងភូមិក្បាលកោះឃុំកោះអន្លង់ចិន ស្រុក ស្អាង ខេត្ត កណ្តាល ។

មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា សាកសពជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ ភេទ ប្រុស អាយុប្រហែល៣៥ឆ្នាំ ស្លៀកខោជើងខ្លី ពណ៌គគី ស្លៀកខោក្នុងពណ៌ខ្មៅ ពាក់អាវយឺតដៃវែងបង្កង់ខ្មៅស សម្បុរខ្មៅស្រអែម កំពស់១,៧០ម៉ែត្រ សក់កាត់ខ្លី ។

ប្រភពដដែលបន្តថា នៅវេលាម៉ោងថ្ងៃខែឆ្នាំកើតហេតុខាងលើ មានប្រជាពលរដ្ឋបានរាយការណ៍មកនគរបាលប៉ុស្តិ៍កោះអន្លង់ចិនថាបានប្រទះឃើញសាកសពជនរងគ្រោះអណ្តែតទឹកមាត់ច្រាំងតាមដងទន្លេរបាសាក់ នៅក្នុងភូមិក្បាលកោះ ឃុំកោះអន្លង់ចិន ភ្លាមនោះក៏បានរាការណ៍ជូននគរបាលប៉ុស្តិ៍រដ្ឋបាលកោះអន្លង់ចិន ។

ក្រោយពីកម្លាំងប៉ុស្តិ៍ទទួលព័ត៌មានពីពលរដ្ឋរួច ភ្លាមនោះដែរ ក៏រាយការណ៍បន្តទៅកម្លាំងនគរបាលផ្នែកកោសល្យវិច្ច័យស្រុក ធ្វើការត្រួតពិនិត្យកោសល្យវិច្ច័យសាកសព ដោយសហការជាមួយក្រុមប្រឹក្សា ពេទ្យឃុំ មេភូមិក្បាលកោះ រួចបញ្ជាក់ថា សាកសពជនរងគ្រោះពុំមានស្លាកស្នាមអ្វីគួរអោយកត់សំគាល់ឡើយ ជនរងគ្រោះ​ស្លាប់ដោយសារលង់ទឹកប្រាកដមែន ។

ក្រោយពីពិនិត្យរួច សមត្ថកិច្ចបានប្រគល់សាកសពឲ្យអាជ្ញាធរឃុំកោះអន្លង់ចិនចាត់ចែងតាមប្រពៃណី ៕ស្អាងជ័យ


ចែករំលែក៖