ភ្នំពេញ៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍២ករណីផ្ទួនគ្នា នៅវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃ ទី៣ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅចំណុចស្តុប ក្តាន់ពីរ តាមបណ្តោយផ្លូវសហពន្ធ័រុស្សី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ បង្កឡើងដោយម៉ូតូ និងរថយន្ត ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ករណីទី១ មានបុរសម្នាក់ ឈ្មោះរស់ សុធា ជិះម៉ូតូមួយគ្រឿង ម៉ាក BeRT ពណ៌ខៀវ លាយស ពាក់ស្លាកលេខ ភ្នំពេញ1GS-1821 បើកបរទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងបានជ្រុលបុកក្បាលនាគ ពុះចែកទ្រូងផ្លូវបណ្តាលឲ្យដួលបោកក្បាល រងរបួសធ្ងន់ ត្រូវរថយន្តសង្គ្រោះបន្ទាន់ដឹកយកសង្គ្រោះភ្លាមៗ តែដោយជនរងគ្រោះរងរបួសធ្ងន់ពេក បានស្លាប់នៅពាក់កណ្តាលផ្លូវត្រូវបានរថយន្តសង្គ្រោះដឹកយកមកកន្លែងកើតហេតុវិញ។
កម្លាំងសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុ ស្រាប់តែករណីទី២ បង្កឡើងដោយរថយន្តសាំងយ៉ុងពណ៌ ស មួយ គ្រឿងដឹកគ្រឿងសង្ហារឹម ពាក់ស្លាកលេខ ភ្នំពេញ 2P-9490 បើកបរដោយបុរសម្នាក់ រួមដំណើរ នឹងស្ត្រីម្នាក់ទៀតទិសដៅពីកើតទៅលិច បានជ្រុល ចង្កូត ទៅបុកក្បាលនាគ ពុះចែកទ្រូងផ្លូវកន្លែងដដែល ពេញទំហឹងបណ្តាលឲ្យ អ្នកបើកបររងរបួសធ្ងន់ ចំណែកស្រ្តីរួមដំណើរជាមួយ រងរបួសស្រាល ត្រូវបានរថយន្តសង្គ្រោះ បន្ទាន់ដឹកយកទៅសង្គ្រោះភ្លាមៗ ចំណែកក្បាលនាគបាក់អស់១កង់ និងខ្ទាតចេញពីជួរអស់មួយផ្ទាំង រីឯរថយន្តខ្ទេច ផ្នែកខាងមុខ និងហូរប្រេងម៉ាសុីនពេញផ្លូវទៅមុខលែងរួច ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានវាស់វែងយកររថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ ។ ដោយឡែកសពជនរងគ្រោះ សមត្ថកិច្ចជំនាញធ្វើឯកសាររួចដឹកយកទៅតម្កល់ទៅនៅវត្តទឹកថ្លារង់ចាំសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ភារ៉ាដង្កោ