ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ជាប្រធាន គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត បានផ្តល់ថវិកា៥ម៉ឺនដុល្លារសហរដ្ឋអាមេរិកដល់កងកម្លាំងនគរបាល ដើម្បីលើកទឹកចិត្តចំពោះការបង្ក្រាបក្រុមប្រដាប់អាវុធអាណាធិបតេយ្យ នាពេលថ្មីៗនេះ ។
ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ កងកម្លាំងនគរបាលជាតិបានស្រាវជ្រាវ និង ធ្វើការចាប់ខ្លួន សកម្មជន និង មេក្លោង ចលនាប្រដាប់អាវុខុសច្បាប់នៅទូទាំងប្រទេសចំនួន៩នាក់ ដោយរឹបអូសអាវុធវែង៣០ដើម អាវុធខ្លីមួយដើម និង ឧបករណ៍ សម្ភារៈផ្សំគ្រឿងផ្ទុះមួយចំនួនទៀត ។
នេះគឺជាក្រុមប្រដាប់អាវុធអាណាធិបតេយ្យ ដែលមានគម្រោងធ្វើសកម្មភាពប្រឆាំងនឹងរាជរដ្ឋាភិបាលក្រោយការបោះឆ្នោតកាលពីខែកក្កដាឆ្នាំ២០១៨នេះ ។
សូមរំលឹកថា ក្នុងនាមគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត សម្តេចក្រឡាហោម ស ខេង តែងតែលើកទឹកចិត្ត និង ថ្លែងអំណរគុណ ចំពោះកងកម្លាំងប្រដាប់អាវុធ និងសមត្ថកិច្ចពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងចូលរួមយ៉ាងសកម្មក្នុងការថែរក្សាការពារសន្តិសុខ និងសណ្តាប់ធ្នាប់សារធារណៈបានយ៉ាងល្អប្រសើរ នៅក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ ដែលប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព គ្មានអំពើហិង្សា ។
ជាមួយគ្នានេះសម្តេចក្រឡាហោម ធ្លាប់បានបញ្ជាក់អះអាងដែរថា ការសម្រេចបាននូវជោគជ័យក្នុងភារកិច្ចដ៏ថ្លៃថ្លានេះ ក៏មិនអាចកាត់ផ្តាច់បានពីការចូលរួមចំណែកយ៉ាង សំខាន់ពីប្រជាពលរដ្ឋគ្រប់រូប និងគ្រប់គណបក្សនយោបាយ ដែលបានបង្ហាញពីភាពចាស់ទុំខាងនយោបាយ និងភាពសុខដុមរមនាក្នុងសង្គម ព្រមទាំង កិត្យានុភាពជាតិខ្មែរទាំងមូល ទៅដល់សកលលោក បានឃើញច្បាស់នូវសមិទ្ធផល និងផ្លែផ្កានៃការអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរី
ពហុបក្សនៅកម្ពុជា ៕ ចេស្តា