ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ ប្រធានមន្ទីរកសិកម្មខេត្តឧត្តរមានជ័យប្រើកូនចៅ​ឲ្យយកលុយពីរថយន្តដឹកមាន់ទាចូលពីថៃរាល់ថ្ងៃ

ចែករំលែក៖

គ្មានទេការត្រួតពិនិត្យសុខភាពសត្វ ដែលនាំចូលពីប្រទេសថៃ ឆ្លងកាត់ ច្រកទ្វារព្រំដែនអន្តរជាតិជាំ-សាង៉ាំ ស្ថិតក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។ ប្រធានមន្ទីរកសិកម្មខេត្តឧត្តរមានជ័យ ដែលបានបញ្ចេញកម្លាំង​ជាមន្ត្រីនៃការិយាល័យ​កសិកម្ម ស្រុកអន្លង់វែង ឲ្យចាំលូកដៃយកលុយពីឈ្មួញដឹកមាន់ ទា ពីប្រទេសថៃមកនោះ និយាយថា បញ្ហាសុខភាពសត្វ គឺខាងកាំកុងត្រូលត្រួតពិនិត្យរួចហើយ ជាមួយគ្នានោះ បើទោះបីជាខាងកសិកម្មមិនយកប្រាក់ ក៏ខាងគយ កាំកុងត្រូល និង​ស្នាក់ការច្រកទ្វារ​ គេអនុញ្ញាតឲ្យចូលដែរ ។ ដូច្នេះ ការយកលុយរបស់ពួកមន្ត្រីកសិកម្ម គឺគ្រាន់តែ​«អែប» តាមគេប៉ុណ្ណោះ ។

បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា មួយថ្ងៃៗ រថយន្តដឹកមាន់ទា ពីប្រទេសថៃចូលមកកម្ពុជា​រាប់សិបគ្រឿង ឆ្លងកាត់ ព្រំដែន ចំណុចស្រុកអន្លង់វែង ដែលត្រូវបង់ប្រាក់ឲ្យកូនចៅលោក សូត ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្មខេត្ត តាមរយៈមន្ត្រីនៃការិយាល័យ​កសិកម្ម ស្រុកអន្លង់វែង ។ រថយន្តដឹកមាន់ ទា ដែលធ្វើដំណើរ​ឆ្លងផុតច្រកទ្វារព្រំដែនរួចហើយ នឹងត្រូវត្រៀមថវិកាសម្រាប់ជូន​មន្ត្រី​កសិកម្ម ដែលបោះទីតាំងដូចកុងត្រូលសមត្ថកិច្ចដទៃទៀតដែរ ។ ទង្វើរបស់ក្រុមមន្ត្រី​កសិកម្មស្រុកអន្លង់វែង គឺ​តាមបញ្ជារបស់លោក សូត ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្ម ។ ក្រុមមន្ត្រីទាំងនោះនិយាយថា ជារឿងធម្មតា ដែល​សមត្ថកិច្ច (ពេទ្យសត្វ) ខាងកសិកម្ម ត្រូវ​ទទួល​យក​ប្រាក់ពីឈ្មួញ ពីព្រោះស្ថាប័នជំនាញនានាបានយកប្រាក់នៅចំណុច​ច្រកទ្វារព្រំដែនរួចហើយ ។

ពួកឈ្មួញរកស៊ីដឹកមាន់ ទា ចូលពីប្រទេសថៃនិយាយថា ការបង់ប្រាក់ជូនមន្ត្រីកសិកម្ម មិនមែនជារឿងថ្មីទេ ។ ប្រសិនបើមិនបង់ប្រាក់ជូនមន្ត្រីទាំងនោះទេ គឺនឹងមានហេតុផល ចាប់ឃាត់ចុះឡើង មិនខានឡើយ ។ ដោយសារតែពួកគេជាមន្ត្រីជំនាញ ដូច្នេះ ពួកឈ្មួញដែលរកស៊ីត្រូវតែបង់ប្រាក់ ។ បើមិនដូច្នោះទេ មុខជាត្រូវ​សមត្ថកិច្ចជំនាញទាំងនោះចាប់ឃាត់ទុកតែមួយថ្ងៃ ពីរថ្ងៃ មុខជា​ងាប់មាន់ ទា អស់ជាមិនខាន ។ ដោយខ្លាច​ងាប់សត្វ និងម្យ៉ាងទៀត ក្រុមមន្ត្រីទាំងនោះ ក៏មិនដែលពិនិត្យសត្វនោះដែរ ដូច្នេះ ពួកឈ្មួញចាំបាច់ត្រូវតែចំណាយប្រាក់ឲ្យស្ថាប័នជំនាញ ពោលគឺកូនចៅ លោកសូត ស៊ីសុខឃាង មិនហ៊ានខកមួយជើងណាឡើយ ។ សម្រាប់​ក្រុមអ្នករកស៊ី ក៏មិនហ៊ានប្រតិកម្មវែងឆ្ងាយជាមួយក្រុមអ្នករកស៊ីទាំងនេះដែរ ៕


ចែករំលែក៖