ក្រុមមន្ត្រីជលផលខេត្តតាកែវ អះអាងដូចជាទំនងថា ធនធានធម្មជាតិដូចជាត្រី បង្កងជាដើម នៅក្នុងភូមិសាស្ត្រស្រុកបុរីជលសារ និងស្រុកអង្គរបុរី ជាប់ព្រំដែនប្រទេសវៀតណាម បើមិនអនុញ្ញាតឲ្យជនជាតិវៀតណាម ដែលមានជំនាញខាងនេសាទ ចូលមកនេសាទក្នុងដែនដីខ្មែរទេនោះ ក៏ផលមច្ឆជាតិទាំងនោះត្រូវហូរតាមទឹកចូលទៅប្រទេសវៀតណាមដដែលទេ ។ ដូច្នេះ យើងត្រូវអនុញ្ញាតឲ្យជនជាតិវៀតណាមចូលមកនេសាទក្នុងដែនដីខ្មែរ យកប្រាក់ នោះវានឹងបានផលចំណេញ(Sic) ។ គេមិនដឹងថា តើលោក អ៊ូច ភា អភិបាលខេត្តតាកែវ យល់ស្របតាមការលើកឡើងរបស់ក្រុមមន្ត្រីជលផលទាំងនោះដែរឬយ៉ាងណាទេ?
បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា នៅវេលានេះ បណ្តាជនជាតិវៀតណាម បានបញ្ចេញទូករាប់រយគ្រឿងចូលមកនេសាទក្នុងដែនដីខ្មែរ ក្នុងភូមិសាស្ត្រស្រុកអង្គរបុរី ខេត្តតាកែវ ។ គេរាយការណ៍ថា ទូកលប ក្តាម មួយគ្រឿងត្រូវបង់៨លានដុង ឬប្រហាក់ប្រហែល៦០០ដុល្លារ, ទូកកន្ទុយកណ្តុរ មួយគ្រឿងត្រូវបង់១២លានដុង, សៃយ៉ឺន១ខ្សែ១២លានដុង, លបត្រីកេសមួយខ្សែ១២លានដុង និងលបត្រីរ៉ស់មួយខ្សែ១២លានដុង ។ បណ្តាទូកអ្នកនេសាទជនជាតិវៀតណាម ត្រូវបង់ឲ្យមេការដែលមានកិច្ចសហប្រតិបត្តិការជាមួយ សមត្ថកិច្ច និងស្ថាប័នជំនាញប្រចាំការនៅស្រុកអង្គរបុរី ខេត្តតាកែវ ។ ក្រៅពីការបង់ប្រចាំរដូវរបស់ទូកអ្នកនេសាទជនជាតិវៀតណាម នេះ ក៏នៅមានការបង់ប្រចាំខែ ឲ្យស្ថាប័នជំនាញ និងអាជ្ញាធរដែនដីថែមទៀត ។
អ្នកដែលចាត់ការក្នុងរឿងនេះ ដឹកនាំដោយនាយខណ្ឌរដ្ឋបាលជលផលតាកែវ លោក សៅ កុសល និងលោក ឃឹម ប៊ុនថន នាយផ្នែករដ្ឋបាលជលផលអង្គរបុរី ។ ករណីដែលពួកមន្ត្រីជលផលប្រព្រឹត្តអំពើពុករលួយ អនុញ្ញាតឲ្យបណ្តាជនវៀតណាមចូលមកនេសាទក្នុងដីខ្មែរនោះ បានកើតមានជារៀងរាល់ឆ្នាំ ។ មួយរយៈចុងក្រោយនេះ អាជ្ញាធរខេត្តតាកែវ ក្រោមអំណាចចាត់ចែងគ្រាមុនរបស់លោក ឡាយ វណ្ណៈ បទល្មើសនេសាទបានកើតឡើងយ៉ាងរីករាលដាលតាមរយៈការអនុញ្ញាតឲ្យជនជាតិវៀតណាមចូលនេសាទ ។ មិនតែប៉ុណ្ណោះ ជំនាន់លោកឡាយ វណ្ណៈ ពលរដ្ឋខ្មែរមិនអាចចូលនេសាទក្នុងទឹកដីខ្មែរបានឡើយ ។ ជំនាន់លោក អ៊ូច ភា ជាអភិបាលខេត្ត ពួកមន្ត្រីថ្នាក់ក្រោម ពោលលោកសៅ កុសល កំពុងលេងប៉ាហ៊ីជាមួយថ្នាក់ដឹកនាំខេត្ត ។ គេជឿថា លោក អ៊ូច ភា ទំនងជា មិនបណ្តោយឲ្យពួកមន្ត្រីជលផល ប្រព្រឹត្តអំពើផ្តេសផ្តាស់ដូចជំនាន់អភិបាលខេត្តមុនៗទៀតឡើយ ៕