ភ្នំពេញ៖ ព្រឹត្តិការណ៍ពិព័រសម្រាប់នារីដ៏ធំមួយឈ្មោះថា “នារីសម័យថ្មី” នឹងត្រូវរៀបចំធ្វើចុងឆ្នាំ២០១៨នេះ ស្របពេលដែលតម្រូវការសម្ភារៈប្រើប្រាស់ សម្លៀកបំពាក់ គ្រឿងសម្អាង គ្រឿងអលង្ការ និងទំនិញជាច្រើនសម្រាប់នារីមានការកើនឡើងខ្លាំង ។ ការបញ្ជាក់នេះធ្វើឡើងក្នុងកម្មវិធីសន្និសីទព័ត៌មានរួមគ្នាប្រកាសរៀបចំពិព័រណ៍ «នារីសម័យថ្មី (Ladies’ Fair)» ជាផ្លូវការ ដំបូង និងធំបំផុតប្រចាំឆ្នាំ២០១៨ នៅកម្ពុជា នៅសណ្ឋាគារហ៊ីម៉ាវ៉ារី ។
ថ្ងៃនេះ ក្រុមហ៊ុន 360 Ads & Event សហការជាមួយគេហទំព័រមួយចំនួន ធ្វើដោយមានការចូលរួមពីក្រុមហ៊ុនដៃគូសហការធំៗពីរ គឺក្រុមហ៊ុនផ្ដល់សេវាទូទាត់ឥតសាច់ប្រាក់ធំបំផុតនៅកម្ពុជា Pi Pay ។
កញ្ញា ដែក ដារី អ្នកគ្រប់គ្រងក្រុមហ៊ុន 360 Ads & Event ថ្លែងថា៖ “នេះជាលើកដំបូងដែលកម្ពុជាយើងមានពិព័រណ៍ពិសេសបែបនេះសម្រាប់ស្រ្តី ហើយមានផលិតសម្បូរបែបសម្រាប់ស្រីៗចង់ Shopping ។ យើងរៀបចំពិព័រណ៍នេះឡើងសម្រាប់ស្ត្រីដែលមានអាយុចាប់ពី ១៨ ឆ្នាំ ដល់ ៥០ ឆ្នាំ ។ យើងរំពឹងថានឹងមានអ្នកចូលរួមប្រមាណ ២ ម៉ឺននាក់ ។
ពិព័រណ៍ នារីសម័យថ្មី មានស្តង់លក់ផលិតផលម៉ាកល្បីៗទាំងក្នុងស្រុក និងក្រៅស្រុក សរុបប្រមាណជា ៣០០ ស្ដង់ ក្នុងនោះមានផលិតផល ដូចជា សម្លៀកបំពាក់ និងគ្រឿងតុបតែង (Apparel & Accessories) សម្រស់ និងម៉ូដ (Beauty & Fashion) កីឡា និងសុខភាព (Sports & Fitness) សម្ភារៈផ្ទះបាយ (Home Appliances) ផលិតផលកូនក្មេង (Baby Care) សុខភាព (Health Care) អាហារ និងភេសជ្ជៈ (Foods & Beverages) អប់រំ (Education) កម្សាន្ត (Entertainment) ទេសចរណ៍ (Travel & Tourism) និងអចលនទ្រព្យ (Real Estate) ។
អ្នកស្រី សរ សុគន្ធី អ្នកគ្រប់គ្រងវិបសាយ «កញ្ញា» ថ្លែងថា “យើងរីករាយដែលសហការជាមួយក្រុមហ៊ុន 360 Ads & Event ឲ្យមានពិព័រណ៍នេះឡើង ។ តាមរយៈការសហការនេះ និងការផ្សព្វផ្សាយលើវិបសាយ កញ្ញា យើងបានផ្ដល់តម្លៃបន្ថែមដល់អ្នកអានរបស់យើងជាក់ស្ដែង តាមរយៈ Shopping ក្នុងតម្លៃ Discount យ៉ាងច្រើនដល់ ៨០ភាគរយ ។ កន្លងមក កញ្ញា ផ្ដល់តែព័ត៌មាន ជុំវិញរឿងពាក់ព័ន្ធស្រីៗ ជាចំណេះដឹង ជាតិចនិក ជាដំណោះស្រាយទាក់ទងនឹងជីវិតស្នេហា គ្រួសារ សម្រស់ សុខភាព ដល់អ្នកអានជាស្ត្រីរបស់យើងប៉ុណ្ណោះ៕ វឌ្ឍនា