ព័ត៌មានទាន់ហេតុការណ៍៖

រាជរដ្ឋាភិបាលកំពុងពិនិត្យលិខិតស្នើសុំបន្ធូរ​បន្ថយ និងលើកលែងទោសទណ្ឌិត៣១៩នាក់ក្នុង​ឱកាសពិធីបុណ្យភ្ជុំបិណ្ឌ

ចែករំលែក៖

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឲ្យដឹងថា ក្រសួងយុត្តិធម៌កំពុងតែពិនិត្យលើលិខិតស្នើសុំលើកលែង និងបន្ធូរបន្ថយ ទោសទណ្ឌិតចំនួន៣១៩នាក់ ដែលបានស្នើសុំមកពីតាមបណ្តាពន្ធនាគារនានា នៅទូទាំងប្រទេសសម្រាប់ក្នុងឱកាសពិធីបុណ្យ ភ្ជុំបិណ្ឌដ៏ខ្លីខាងមុខនេះ ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានថ្លែងនៅថ្ងៃទី៣ ខែតុលានេះថា មកដល់ពេលនេះគណៈកម្មការរបស់ក្រសួងយុត្តិធម៌កំពុងតែពិនិត្យ ពិចារណាលើ​សំណើស្នើសុំលើកលែង​ទោសនិងបន្ធូរ បន្ថយទៅលើទណ្ឌិតចំនួន៣១៩នាក់ ក្នុង នោះមានចំនួន១៣៣នាក់ ជាស្ដ្រីមកពី តាមបណ្តាពន្ធនាគារ និងតាមមណ្ឌលអប់រំកែប្រែទាំងបួននៅទូទាំងប្រទេស។

អ្នកនាំពាក្យរូបនេះបន្តថា ការលើក លែង និងបន្ធូរបន្ថយទោសនេះ គឺធ្វើឡើងស្របទៅតាមគោលការណ៍ច្បាប់ និងមនុស្ស ធម៌ រួមមាន ស្ដ្រីមានផ្ទៃពោះ ស្ដ្រីដែល មានកូនក្នុងពន្ធនាគារ ជនចាស់ជរា អ្នក មានជំងឺ និងអ្នកកែប្រែខ្លួនជាដើម គឺមិន​មែនសំដៅទៅលើសកម្មជននយោបាយ សកម្មជនអង្គការសង្គមស៊ីវិល ឬមិនសង្គម ស៊ីវិលអ្វីនោះទេ សំខាន់គឺស្របតាមលក្ខខណ្ឌអ្វីដែលបានកំណត់តែប៉ុណ្ណោះ។

លោកបញ្ជាក់ទៀតថា ចំពោះការសម្រេច លើកលែង និងបន្ធូរបន្ថយទោសដល់ទណ្ឌិត ក្នុងចំណោមលិខិតស្នើសុំចំនួន៣១៩នាក់ នោះក្រសួងយុត្តិធម៌កំពុង ពិចារណា និង បើកកិច្ចប្រជុំចុងក្រោយ ដើម្បីសម្រេច នា ពេលខាងមុខ និងដាក់លិខិតស្នើសុំនេះទៅព្រះមហាក្សត្រ ។

អ្នកនាំពាក្យរូបនេះបានប្រាប់ក្រុមអ្នក រាយការណ៍ព័ត៌មានថា អ្នកទោសដែល មាន ចំនួន ១៣៣នាក់ ជាស្រ្តីនោះត្រូវបានស្នើសុំពីមណ្ឌលកែប្រែចំនួន៤សម្រាប់ការលើកលែងនិងបន្ធូរបន្ថយទោសដល់ ពួកគេ ។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៧ មាន ទណ្ឌិត១៥៧នាក់ (ស្រី២០នាក់) បានទទួល ការលើកលែង និងបន្ធូរបន្ថយទោស ។ ក្នុងនោះ ពិធីបុណ្យចូលឆ្នាំចំនួន៧២នាក់ , ពិធីបុណ្យពិសាខបូជាចំនួន៣៥នាក់ និង ពិធីបុណ្យអុំទូក៥០នាក់ ។

ក្នុងជំនួបសំណេះសំណាល ជាមួយ ប្រជាពលរដ្ឋខ្មែរនៅអាមេរិក នាពេលថ្មីៗ នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ដ្រីកម្ពុជាមានប្រសាសន៍ថា នៅឆ្នាំ២០១៨ សម្ដេចនឹងស្នើសុំព្រះមហាក្សត្រ ដើម្បីឲ្យ ព្រ​ះអង្គព្រះរាជទាន លើកលែងទោស និង បន្ធូរបន្ថយជាទ្រង់ទ្រាយធំបន្ថែមលើកម្ម វិធីលើកលែងទោសប្រចាំឆ្នាំដូចជា បុណ្យ ភ្ជុំបិណ្ឌ បុណ្យឯករាជ្យជាតិ និងការប្រារព្ធខួប២០ឆ្នាំនៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ៕ ហេង សូរិយា


ចែករំលែក៖