ព័ត៌មានទាន់ហេតុការណ៍៖

ចោរឆក់ទូរស័ព្ទបានសម្រេចត្រូវជនរងគ្រោះបើកម៉ូតូដេញបុកដួលយកទូរស័ព្ទបានវិញជនសង្ស័យរត់ចោលម៉ូតូ

ចែករំលែក៖

ភ្នំពេញ: ជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿង ធ្វើសកម្មភាពឆក់ទូរសព្ទដៃ ពីបុរសជនជាតិចិន បានសម្រេច រួចបើកម៉ូតូគេចខ្លួន ត្រូវជនរងគ្រោះជិះម៉ូតូដេញបុក បណ្តាលដួលម៉ូតូទាំង២គ្រឿង រួចយកទូរស័ព្ទបានវិញ បណ្តាលឲ្យរងរបួសស្រាល ចំណែកជនសង្ស័យរត់ចោលម៉ូតូបាត់ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង៨យប់ ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨​ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២៦៥ ខាងមុខខារ៉ាអូខេដឺមូន ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ប្រភព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតគេឃើញជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ស៊េរី ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1G-4900 ក្នុងទិសដៅពីជើងទៅត្បូង ខណ:នោះ ក៏មានបុរសជនជាតិចិនម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកស្តេប ពណ៌ស លាយខ្មៅ មកពីក្រោយ ហើយបានស្រែកចោរៗ ហើយបើកម៉ូតូដេញពីក្រោយយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ ជនរងគ្រោះបានជិះម៉ូតូបុកបណ្តាលឲ្យដួលទាំង២នាក់ ហើយជនរងគ្រោះបានស្រវាយកទូរស័ព្ទមួយគ្រឿងម៉ាកIphone -X ពីជនសង្ស័យទាំងខ្លួនរងរបួស។

ភ្លាមៗនោះ ជនសង្ស័យបានរត់ឡើងជិះម៉ូតូមួយគ្រឿងទៀតដែលជាបក្ខពួកគេចខ្លួនបាត់ស្រមោល បន្សល់ម៉ូតូមួយគ្រឿងនៅនឹងកន្លែងកើតហេតុ ។ ចំណែកជនរងគ្រោះត្រូវបានប្រជាពលរដ្ឋបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យឯកជនមួយកន្លែងនៅក្បែរកន្លែងកើតហេតុនោះដែរ ។

បន្ទាប់ពីកើយហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមក និងបានយកម៉ូតូទាំង២គ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ៕ជ្រោយពេជ្រ


ចែករំលែក៖