ភ្នំពេញៈ បុរសម្នាក់ជាជាងពិដានបានដាច់ខ្យល់ស្លាប់តាមផ្លូវ ខណៈដែលជាងរួមការងារកំពុងដឹកតាមម៉ូតូយកទៅមន្ទីរពេទ្យ ក្រោយពីរងរបួសធ្ងន់ធ្ងរ ដោយសារឆ្លងចរន្តភ្លើង ពេលដែលកំពុងចាប់ពិដាន។
ហេតុការណ៍ខាងលើបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅការដ្ឋានសំណង់មួយកន្លែង ក្នុងភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
សពជនរងគ្រោះមានឈ្មោះ សាយ តុល ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ ជាងពិដាន ស្នាក់នៅផ្ទះជួល ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ មានប្រពន្ធ ជាកម្មការនីរោងចក្រ មានកូន២នាក់ក្នុងបន្ទុកគ្រួសារ និងមានស្រុកកំណើត ភូមិស្នោ ឃុំសេនារាជឧត្តម ស្រុកព្រះស្តេច ខេត្តព្រៃវែង ។
តាមសម្តីកម្មកររួមការងារ បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ នៅធ្វើការងារ ចាប់ពិដានដោយឈរលើជន្ទារ ដោយដាក់ឡើងជាន់ បាញ់វីស ចាប់ពិដាន តែម្នាក់ឯង កម្មករផ្សេងទៀត រវល់ការងារផ្សេងៗគ្នា ស្រាប់តែនៅវេលាម៉ោងខាងលើ សង្ស័យជនរងគ្រោះ អូសទាញខ្សែភ្លើង មានស្នាមដាច់រលាត់ទៅប៉ះនឹងដែករន្ទា ទើបឆ្លងឆក់ធ្លាក់ជនរងគ្រោះ មកក្រោម កំពស់២ម៉ែត្រ រងរបួសធ្ងន់សន្លប់ស្តូក ។
ប្រភពបន្តទៀតថា បន្ទាប់ពីឃើញជនរងគ្រោះឆក់ធ្លាក់ពីលើរន្ទាដែក ភ្លាមៗត្រូវបានកម្មករ រួមការងារ ឌុបដឹកតាមម៉ូតូ យកជនរងគ្រោះមកមន្ទីរពេទ្យបង្អែកពោធិចិនតុង តែជាអនិច្ចារ្យ ជនរងគ្រោះបានដាច់ខ្យល់ស្លាប់តាមផ្លូវបាត់ទៅហើយ លុះមកដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យក៏បានបញ្ជាក់ថាជនរងគ្រោះបានស្លាប់ហើយ ទើបរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យតែម្តង ។
ជនរងគ្រោះ បន្ទាប់ពីសមត្ថកិច្ចជំនាញខណ្ឌសែនសុខ ធ្វើការពិនិត្យកោសល្យវិច័យ ឃើញថា ពិតជាស្លាប់ដោយសារឆក់ចរន្តភ្លើងពិតប្រាកដមែន រួចទំនាក់ទំនងទៅក្រុមគ្រួសារ ចាត់ចែងដឹកសពយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត ៕ តុង សីហា