សារព័ត៌មាន south China morning Post បានផ្សាយថា ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo នឹងទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង នៅសប្តាហ៍ក្រោយ ដើម្បីពិភាក្សាកាត់បន្ថយ ការប្រឈមមុខតានតឹងដាក់គ្នា លើវិស័យពាណិជ្ជកម្ម ក្នុងរយៈពេលកន្លងមក។ ក្រៅពីនេះ នៅមាន បញ្ហាកូរ៉េខាងជើង ក៏នឹងត្រូវលើកមកពិភាក្សាផងដែរ ។
តាមគ្រោង រដ្ឋមន្ត្រីការបរទេសអាមេរិក នឹងទៅកាន់ប្រទេសចិន នៅថ្ងៃទី ៨ ខែតុលាខាងមុខ ក្រោយពេលមានដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន កូរ៉េខាងជើង កូរ៉េខាងត្បូង ។ ដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង ត្រូវបានធ្វើឡើងក្នុងពេលដែល អាមេរិកចិនកំពុងប្រឈមមុខដាក់គ្នា លើវិស័យពាណិជ្ជកម្ម ក៏ដូចជាយោធានៅសមុទ្រ ចិនភាគខាងត្បូង ក្រោយពេលអាមេរិក បញ្ជូនយន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រ B-52។
ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា លោក Mike Pompeo នឹងខិតខំបញ្ចុះបញ្ចូលចិន ឲ្យគោរពទៅតាមគោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោន ទៅលើកូរ៉េខាងជើង ។ តាមគម្រោង រដ្ឋមន្ត្រីការរទេសអាមេរិក និង សង្ខេបនូវលទ្ធផលនៃជំនួបជាមួយកូរ៉េខាងជើង ឲ្យភាគីចិនបានដឹង ហើយស្នើឲ្យចិន បន្តរក្សាគម្លាត់ពីកូរ៉េខាងជើង ។
ក្នុងពេលជាមួយគ្នានេះ លោក Harry Kazianis ប្រធានក្រុមស្រាវជ្រាវ ការពារជាតិនៅប្រទេសចិន បានលើកឡើងថា លោក Mike Pompeo នឹងស្វែងរក ចំណុច រួមនៅក្នុងវិវាទ ពាណិជ្ជកម្ម និងវិវាទផ្សេងៗទៀត។ លោកបានលើកឡើងពីមូលហេតុដែលរដ្ឋមន្ត្រីការបរទេសអាមេរិកបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិននោះ គឺដោយសារ ទំនាក់ទំនងប្រទេសទាំងពីរស្ថិតនៅក្នុងកម្រិតទាបបំផុត ។ ជាមួយគ្នានេះ អាមេរិកចង់ឲ្យចិនដាក់គំនាប ខ្លាំងជាងនេះលើកូរ៉េខាងជើង ។
ក្នុងពេលជាមួយគ្នានេះ លោក Jin Chang Soo មកពីមជ្ឈមណ្ឌលស្រាវជ្រាវ Sejong របស់កូរេខាងត្បូង បានបញ្ជាក់ថា ដំណោះទស្សនកិច្ច របស់រដ្ឋមន្ត្រីការបរទេសអាមេរិក ទៅកាន់ទីក្រុងប៉េកាំង ដើម្បី បង្កើនរូបភាពឲ្យកាន់តែប្រសើរ នៅលើឆាកអន្តរជាតិ ៕ ម៉ែវ សាធី