ភ្នំពេញ ៖ បុរសម្នាក់ ត្រូវម្ចាស់ម៉ូតូចាប់ឃាត់ខ្លួន យកទៅប្រគល់ឲ្យនគរបាលប៉ុស្តិ៍បឹងទំពុនទី២ ខណ្ឌមានជ័យ ចាត់ការតាមច្បាប់ កាលពីវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨ ខណៈដែលរូបគេត្រឡប់មកបន្ទប់ជួលវិញ ក្រោយពីធ្វើសកម្មភាពលួចម៉ូតូជនរងគ្រោះបានសម្រេចហើយគេចខ្លួនបាត់ កាលពីយប់ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០១៨ នៅចំណុចផ្ទះជួល ផ្លូវលេខ៥៧ បេតេ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ ។
មន្រ្តីនគរបានប៉ុស្តិ៍បឹងទំពុនទី២ បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ខែម ជួបសំរិទ្ធិដាលីន ហៅញ៉ាញ់ ភេទ ប្រុស អាយុ២៨ ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនពិនិត្យសម្លៀកបំពាក់ មានទីលំនៅផ្ទះជួល ផ្លូវលេខ៥៧ បេតេ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ ។
តាមសម្តីជនរងគ្រោះ បានឲ្យដឹងថា នៅយប់ថ្ងៃកើតហេតុ រូបគាត់បានទុកម៉ូតូមួយគ្រឿង ម៉ាកស៊ុយហ្ស៊ីគី វីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AB – 6533 ចតទុកខាងមុខបន្ទប់ផ្ទះជួល ក្នុងរបងដោយ មិនមាន ចាក់សោ . ក ម៉ូតូ នោះទេ លុះព្រឹកឡើង ស្រាប់តែបើកទ្វារបន្ទប់មក ក៏បាត់ម៉ូតូតែម្តង ។ បន្ទាប់ពីដឹងថាបាត់ម៉ូតូ រូបគាត់(ជនរង គ្រោះ) បានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍រដ្ឋបាលនគរបាលបឹងទំពន់ទី២ និង សុំឲ្យសមត្ថកិច្ចចុះមកពិនិត្យកាមេរ៉ា សុវត្ថិភាព នៅទីតាំងកើតហេតុផងដែរ ។
ក្រោយពីសមត្ថកិច្ចត្រួតពិនិត្យមើលជាក់ស្តែង រួចមកក៏កំណត់មុខសញ្ញាបានថាជនសង្ស័យ ជាមនុស្សដែលស្នាក់ នៅបន្ទប់ផ្ទះជួលក្បែរគ្នា ។
មន្ត្រីដដែលបន្តទៀតថា ជនសង្ស័យបានរត់គេចខ្លួនបាត់រហូត លុះដល់វេលាម៉ោង ៣ ទៀបភ្លឺថ្ងៃទី៤ ខែតុលា ឆ្នាំ ២០១៨ ជនសង្ស័យបានត្រឡប់មកបន្ទប់ជួលវិញ ក៏ត្រូវបុរសរងគ្រោះ និងអ្នកជិតខាង ចាប់ឃាត់ខ្លួនរួចទំនាក់ទំនងមកសមត្ថកិច្ច ដើម្បីមកទទួលយកជនសង្ស័យទៅសាកសួរនិង ចាត់ការតាមច្បាប់ ។
នៅចំពោះ មុខសមត្ថកិច្ច ជនសង្ស័យ បានឆ្លើយបដិសេធថា ខ្លួនមិនបានលួចម៉ូតូ ជនរងគ្រោះនោះទេ តែយ៉ាងណាក៏ដោយ ផ្អែកលើកាមេរ៉ាសុវត្ថិភាព ដែលបញ្ជាក់ពីភិនភាគ និង មើលឃើញមុខជនសង្ស័យច្បាស់ នោះគឺ ទើបសមត្ថកិច្ច អះអាងថាអាចបន្តនីតិវិធីបានហើយ បើទោះបីជា រូបគេបដិសេធយ៉ាងណាក៏ដោយ ។
ដោយឡែកម៉ូតូរបស់ជនរងគ្រោះ គឺពុំត្រូវបានយកមកវិញឡើយ ខណៈ មិនដឹងថា ជនសង្ស័យយកទៅលក់ ឬ ទៅទុកនៅទីណានោះទេ ។ បច្ចុប្បន្ន ជនសង្ស័យ កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕ ស តារា