ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុស២នាក់ ចង់ចេះហែលទឹក ចុះទឹកបៀររៀនហែល ចៃដន្យអាក្រក់លង់ស្លាប់ ផ្អើលអ្នកភូមិ

ចែករំលែក៖

ខេត្តស្វាយរៀង៖ ក្មេងប្រុស២នាក់ ហេតុតែចង់ចេហែលទឹកនឹងគេ ក្រោយពីយកគោទៅលែងនៅវាលស្រែរួចទំនេរ សម្រេចចិត្តចុះទឹកបៀររៀនហែលទឹកក្បែរផ្ទះ ប៉ុន្តែសំណាងអាក្រក់ ស្រាប់តែឈ្លក់ទឹកលង់ ស្រែកហៅអ្នកភូមិជួយ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកភូមិប្រញាប់ប្រញាលហៅគ្នីគ្នាជួយសង្គ្រោះ ប៉ុន្តែហួសពេលទៅហើយ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង២០នាទីល្ងាច ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅភូមិចែងម៉ែង ឃុំអង្គតាសូ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំ បានឲ្យកាសែតនគរវត្តដឹងថា ក្មេងប្រុសរងគ្រោះមានឈ្មោះ គង់ ទិត អាយុ១៣ឆ្នាំ មុខរបរសិស្ស និងឈ្មោះ អិុន សុភត្រា អាយុ១៤ឆ្នាំ មុខរបរសិស្សអ្នកទាំង២នាក់ មានទីលំនៅភូមិចែងម៉ែង ឃុំអង្គតាសូរ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

យោងតាមអ្នកភូមិក្បែរកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ មានក្មេងប្រុស២នាក់ ដែលមានទីលំនៅក្បែរភូមិគ្នា បានយកសត្វគោទៅលែងឲ្យស៊ីស្មៅដូចសព្វរាល់ដង ហើយពេលទំនេរ ក៏ឆ្លៀតចុះទឹកបៀរដែលមានជម្រៅជ្រៅល្មម ព្រោះមិត្តភក្តិគេចេះហែលទឹកគ្រប់ៗគ្នា ។

ក្រោយមកប្រមាណជា១៥នាទី ស្រាប់តែមានការភ្ញាក់ផ្អើល នឹងក្មេងប្រុសទាំង២ស្រែក ហៅអ្នកភូមិជួយខ្លួន ព្រោះមិនចេះហែលទឹកនោះទេ ទើបអ្នកភូមិខ្នះខ្នែងប្រញាប់ប្រញាល់ រត់ទៅជួយ និងចុះទឹកបៀរ លើកយកមកដាក់លើគោក និងសង្គ្រោះ ប៉ុន្តែអកុសលហួសពេលទៅហើយ ខណៈឈ្លក់ទឹកសភាពធ្ងន់ធ្ងរពេក ក៏ផុតដង្ហើមស្លាប់ទាំង២គួរឲ្យសង្វេគបំផុត ។

បន្ទាប់ពីពិនិត្យសាកសពរួចសមត្ថកិច្ចបានប្រគល់ទៅឲ្យក្រុមគ្រួសារ យកទៅធ្វេីបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួល និងអាឡោះអាឡ័យបំផុត ៕ យឹម សុថាន


ចែករំលែក៖