ខេត្តកំពង់ឆ្នាំង ៖ មនុស្ស២នាក់បានស្លាប់ ក្នុងពេលដែលបម្លាស់ទីផ្ទះបណ្តែតទឹក ដែលកើតឡើងនៅ២កន្លែងផ្សេងគ្នា នៅសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង និង ឃុំឆ្នុកទ្រូស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨ ។
ជនរងគ្រោះដែលស្លាប់ក្នុងឧប្បត្តិហេតុ នេះម្នាក់ឈ្មោះ ហូយ៉ាំងស៊ឺង ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅភូមិសង្កាត់ ក្រុងកំពង់ឆ្នាំង និង ម្នាក់ទៀតឈ្មោះ ឡេ យ៉ាំងលីវ ភេទប្រុស អាយុ៦១ឆ្នាំ ជនជាតិវៀតណាម រស់នៅក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។
ស្ត្រីជាប្រពន្ធជនរងគ្រោះរស់នៅសង្កាត់ខ្សាមក្រុងកំពង់ឆ្នាំង បានអោយដឹងថា នៅមុនពេលកើតហេតុ ប្តីរបស់គាត់បានអូសផ្ទះបណ្តែតទឹក ទៅកន្លែងដែលអាជ្ញាធរខេត្ត ឲ្យផ្ទះបណ្តែតទឹកទាំងអស់ឡើងគោក។ ក្នុងពេលបម្លាស់ទីផ្ទះបណ្តែតទឹករបស់គាត់ មានគ្នា៤ទៅ៥នាក់ បាននាំគ្នាអូសផ្ទះមកកន្លែង ដែលមានទឹករាក់ ដើម្បីបង្គៀងផ្ទះ និង ទល់ឲ្យខ្ពស់ នៅពេលកំពុងទល់ទ្រផ្ទះ ប្តីរបស់គាត់បាន និងកំពុងអារឈើនៅខាងក្រោមផ្ទះបណ្តែតទឹក ដែលមានទឹកត្រឹមចង្កេះ ពេលនោះបានដួលនៅក្នុងទឹកម្នាក់ឯង ដោយពុំមានអ្នកដឹង ព្រោះអ្នកធ្វើផ្សេងទៀតនៅខាងក្រោយផ្ទះ ។ ស្រ្តីនេះបានបន្តទៀតថា នៅពេលដែលកំពុងធ្វើ កូនប្រុសរបស់គាត់រកឪពុកមិនឃើញ ហើយឆ្ងល់ ក៏ចុះក្នុងទឹករកមើល បានប្រទះឃើញឪពុកលង់ទឹកស្លាប់បាត់ទៅហើយ ។
ចំណែកឯករណីស្លាប់ម្នាក់ទៀតនៅឃុំឆ្នុកទ្រូស្រុកបរិបូរណ៍នោះ គឺ ជនរងគ្រោះក្រោយពីបម្លាស់ទីផ្ទះបណ្តែតទឹករបស់ខ្លួនរួច មានអការងងិតមុខខ្សល់គរស្លាប់តែម្តង មិនអាចជួយសង្រ្គោះទាន់ ៕ ចន្ថា