ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន ៖ ក្រុមប្រឆាំងកំពុងធ្វើដំណើរអស់ផ្លូវហើយ

ចែករំលែក៖

ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជា ជនកម្ពុជា លោក សុខ ឥសាន បានចំអកទៅកាន់អតីតគណបក្សសង្គ្រោះជាតិ (បក្សប្រឆាំង) ថា ហួសពេលហើយអូន អ្វីៗទៅមុខអស់ហើយ។

ការអះអាងរបស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា គឺលោក សុខ ឥសាន បន្ទាប់ពីបក្សប្រឆាំងបានទទួលបរាជ័យផ្ទួនៗក្នុងការតតាំងជាមួយបក្សកាន់អំណាចទាំង អតីតបក្សនេះនៅមានវត្តមានរហូតដល់ អស់វត្តមាន ក្នុងការចូលរួមប្រកួតក្នុងការបោះឆ្នោត។

លោក សុខ ឥសាន បានឲ្យដឹងថា រហូតមកដល់ ថ្ងៃអង្គារ ៨រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី២ ខែតុលា ឆ្នាំ ២០១៨ នេះទៅហើយ មានវិទ្យុបរទេសនិយាយភាសាខ្មែរមួយ នៅតែលើកយកបញ្ហាបោះឆ្នោតនៅកម្ពុជា ដែលបានប្រព្រឹត្តទៅតាំងពីថ្ងៃទី២៩ ខែ កក្ដដា ឆ្នាំ២០១៨ មកនិយាយធ្វើបទ សម្ភាសន៍ជាមួយអ្នកវិភាគមិនឯករាជ្យមកនិយាយមួលបង្កាច់សភាពការណ៍ប្រទេសកម្ពុជា និងបំភិតបំភ័យប្រជាជនកម្ពុជា និងសាធារណជនទូទៅបន្តទៀត។

លោកបញ្ជាក់ថា “តើពួកគេនៅមាន មហិច្ឆតា និងគោលបំណងអ្វីទៅដែលធ្វើ ទង្វើបែបនេះនោះ? ប៉ុន្តែទោះបីពួកគេ មានគំនិតអាក្រក់ស្អីក៏ដោយ ក៏មិនអាចប្រែក្រឡាស់សភាពការណ៍នៅកម្ពុជាឲ្យដើរ ថយក្រោយបានជាដាច់ខាត”។

លោកក៏បានលើកឡើងថា ការបោះ ឆ្នោតបានដំណើរការដោយប្រជាធិបតេយ្យសេរី ត្រឹមត្រូវ និងយុត្តិធម៌ ទទួលបានការគាំទ្រពីប្រជាជនកម្ពុជា ច្រើនលើសលប់ ជិត១០០ភាគរយឯណោះ។ ប្រជុំដំបូងរដ្ឋ សភា ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតនៃព្រះមហាក្សត្រនៃព្រះរាជាណា ចក្រកម្ពុជាបានប្រព្រឹត្តទៅស្របតាមរដ្ឋ ធម្មនុញ្ញ ។

ការបង្កើតក្បាលម៉ាស៊ីនដឹកនាំរដ្ឋសភា និងការបង្កើតរាជរដ្ឋាភិបាលថ្មីនីតិកាលទី៦បានដំណើរការដោយរលូននិងជោគ ជ័យ ហើយរាជរដ្ឋាភិបាលថ្មីបាននិងកំពុងដំណើរការការងាររបស់ខ្លួនដោយការ ទទួលខុសត្រូវខ្ពស់។

លោកបន្ថែមថា មេដឹកនាំបណ្តាប្រទេសនៅលើពិភពលោករួមមានទាំងប្រទេស មហាអំណាច ប្រទេសធំៗ បានផ្ញើសារអបអរសាទរចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីថ្មី និងទទួលសារតាំងពីឯកអគ្គរដ្ឋទូតឯកអគ្គរាជទូតនៃរដ្ឋាភិបាលរាជរដ្ឋាភិបាលថ្មីជាបន្តបន្ទាប់ ដូចជា សហ រដ្ឋអាមេរិក, បារាំង, អង់គ្លេស, អាល្លឺម៉ង់, រុស្សុី, ឥណ្ឌា, ចិន, ឥណ្ឌូនេស៊ី ។ល។

លោកក៏បានលើកឡើងថា អង្គការសហ ប្រជាជាតិ ក៏បានទទួលស្គាល់រាជរដ្ឋាភិបាល កម្ពុជានីតិកាលទី៦ជារាជរដ្ឋាភិបាលស្របច្បាប់តំណាងប្រជាជនកម្ពុជាទូទាំង ប្រទេស ហើយបានអញ្ជើញគណៈប្រតិភូរាជរដ្ឋាភិបាល ទៅចូលរួមប្រជុំនៅក្នុង មហាសន្និបាត លើកទី៧៣ នៃ អ.ស.ប. នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកដែល សម្តេចតេជោបានដឹកនាំគណៈប្រតិភូទៅចូលរួមប្រកបដោយមោទនភាពជាតិខ្ពង់ ខ្ពស់ ។

លោកបានអះអាងយ៉ាងដូច្នេះថា «ទង្វើ ឬដំណើរនេះបានធ្វើឲ្យរាល់ឧបាយកល និងសកម្មភាពរារាំងរបស់ពួកប្រឆាំងទាំងក្នុងនិងក្រៅប្រទេសត្រូវទទួលបរាជ័យ យ៉ាងជូរចត់ និងយ៉ាងអាម៉ាស់បំផុត»។

អ្នកនាំពាក្យបក្សកាន់អំណាចរូបនេះ ក៏បានដាក់សំណួរយ៉ាងដូច្នេះថា “តើមក ដល់ពេលនេះ មានស្អីត្រូវ៖ មានការចរចានយោបាយស្អីជាមួយពួកឧទ្ទាមក្រៅច្បាប់នោះ? តើមានស្អីត្រូវកោះប្រជុំកិច្ចព្រមព្រៀង ទីក្រុងប៉ារីស ស្អីនោះ? តើមានត្រូវការស្អីឲ្យបរទេសមកធ្វើអាជ្ញាកណ្តាលនោះ? តើបរទេសណាលើកយកបញ្ហាកម្ពុជា មកពិភាក្សាបើអត់មានការរំលោភសិទ្ធិមនុស្សស្អីផងនោះ? តើត្រូវការអ្វីមកនិយាយពី បញ្ហាកម្ពុជាទៀតបើលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាបាននិងកំពុងដំណើរការល្អមានសក្តានុពលនិងមានការរីកចម្រើនល្អនោះ?”។

លោកបានសង្កត់ធ្ងន់ថា «អតីតបក្ស ប្រឆាំងបានងាប់តៃហោងទៅហើយអត់ មានផ្លូវបានមានដង្ហើមឡើងវិញទេ ទុកឲ្យ វាងាប់ទៅឋាននរកទៅហោងទៅ។ ដូច្នេះរឿងយកបញ្ហាកម្ពុជាមកនិយាយឡើងវិញនោះ អត់ផ្លូវជាដាច់ខាត ទោះបីបន្ថែមម៉ោងផ្សាយប៉ុន្មានម៉ោងទៀតក៏គ្មានសង្ឃឹមដែរ មិនបាច់ខិតខំជួយប្រោះព្រំទេ។តែប៉ុណ្ណេោះហើយហួសពេលហើយ អូន»៕ ហេង សូរិយា


ចែករំលែក៖