ប្រជាពលរដ្ឋខ្មែរនៅស្រុកអង្គរបុរីនិយាយថា អភិបាលខេត្តតាកែវបច្ចុប្បន្ន លោក អ៊ូច ភា ងាប់ត្រគាកស្តូក ទុកឲ្យមន្ត្រីជលផលក្រឡុកតាមចិត្ត ។ ប៉ុន្តែប្រជាពលរដ្ឋខ្លះនិយាយថា លោកអភិបាលខេត្តក៏ទទួលបានផលប្រយោជន៍ការបិទភ្នែកនេះដែរ ។ សមតាមអ្វី ដែលពួកមន្ត្រីជលផលនិយាយប្រាប់ លោកអភិបាលខេត្តថា ធនធានធម្មជាតិផ្នែកជលផល ទាំងនោះ បើមិនអនុញ្ញាតឲ្យជនជាតិវៀតណាមចូលមកនេសាទទេ គង់វាហូរតាមទឹកចូលទៅទឹកដីវៀតណាមដែរ ។ ដូច្នេះយើងអនុញ្ញាតឲ្យជនជាតិវៀតណាមចូលមកនេសាទ ហើយយកប្រាក់ទៅ វាមិនស្រួលឬ(Sic) ។ ប៉ុន្តែអ្វីដែលគួរឲ្យហួសចិត្តនោះ គឺពលរដ្ឋខ្មែរនៅស្រុកអង្គរបុរី មិនត្រូវបានពួកមន្ត្រីជលផលអនុញ្ញាតឲ្យចូលនេសាទដើម្បីចិញ្ចឹមក្រពះនោះឡើយ ។
គេរាយការណ៍ថា លោក អឹម ផាត នាយសង្កាត់ជលផលអង្គរបុរី និងលោក ឃឹម ប៊ុនថន នាយផ្នែករដ្ឋបាលជលផលអង្គរបុរី គឺជាអ្នកដែលទទួលបានផលប្រយោជន៍ក្នុងការប្រព្រឹត្តបទល្មើសជលផលនេះ ។ គ្មានទេ បណ្តាជនខ្មែរដែលចូលទៅនេសាទដើម្បីបានត្រីលក់ ដូរ គ្រាន់ចិញ្ចឹមជីវិតនោះ ។ បើមានក៏សុទ្ធតែពួកឈ្មួញដែលមានប្រាក់បង់ឲ្យពួកមន្ត្រីជលផល អ៊ឹម ផាត និងឃឹម ប៊ុនថន នេះដែរ ។ គ្រាន់តែនៅ អតីតឡូត៍លេខ១៧ បទល្មើស របាំង ព្រួល រាប់ពាន់ម៉ែត្រ កាត់ទន្លេ និងព្រែកនៅក្នុងភូមិសាស្ត្រនោះ ។ សៃយ៉ឺនរាប់សិបខ្សែកំពុងធ្វើសកម្មភាពស្របគ្នាជាមួយទូកអ្នកនេសាទវៀតណាម ដែលពួកគេធ្វើសកម្មភាពនេសាទជាចំហរ ។ មិនតែប៉ុណ្ណោះ ពួកមន្ត្រីជលផល បានដើរកាងសកម្មភាព នេសាទល្មើសច្បាប់បណ្តាជនវៀតណាមនោះទៀតផង ។
នៅអតីតឡូត៍លេខ១៧ ក្បែរច្រមុះស្នាក់ការពួកមន្ត្រីជលផលនេះ យ៉ាងហោចណាស់មានទូកវៀតណាមធ្វើសកម្មភាព១២គ្រឿង ដែលជាផលចំណូលរបស់លោក អ៊ឹម ផាត និងជិត១០គ្រឿងទៀត ជារបស់លោក ឃឹម ប៊ុនថន ។ នៅទីនេះ មានរបាំងខ្សែពីរខ្សែរបស់ឈ្មោះ ខុម ដែលមួយខ្សែៗមានប្រវែង២គីឡូម៉ែត្រ ។ នៅទីនេះដែរ មានរបាំងខ្សែរបស់ឈ្មោះ ណាក់ នៅកំពង់យោល ដែលធ្វើសកម្មភាពចាប់ពីចុងព្រែកគង់រហូតដល់វាលអតីតឡូត៍លេខ១៧ ។ របាំង៣ខ្សែផ្សេងទៀតបានលាតសន្ធឹងពីឡូត៍លេខ១៧រហូតដល់ឡូត៍លេខ១៩ ។ ម្ចាស់របាំងទាំងនោះ គឺជាអ្នកដែលផ្តល់ផលប្រយោជន៍ឲ្យពួកមន្ត្រីជលផលទាំងពីររូបខាងលើរាប់ពាន់ដុល្លារក្នុងមួយរដូវ ។ អ្នកដែលធ្លាប់បានរកស៊ីកាលពីឆ្នាំមុនៗ មកដល់ឆ្នាំនេះ ត្រូវបានពួកមន្ត្រីជលផលបិទទាំងស្រុង មិនឲ្យធ្វើសកម្មភាពឡើយ ។
បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ពួកមន្ត្រីជលផល អ៊ឹម ផាត និងឃឹម ប៊ុនថន ជាអ្នកដែលមើលការដោយផ្ទាល់ ចំពោះបទល្មើសនេសាទនៅក្នុងភូមិសាស្ត្រស្រុកអង្គរបុរី និងបុរីជលសា ។ ពួកគេបានព្យាយាមបិទបាំងមិនឲ្យពលរដ្ឋខ្មែរចូលនេសាទក្នុងទឹកដីរបស់ខ្លួនឡើយ ។ ការបើពួកពលរដ្ឋខ្មែរចូលនេសាទ ពួកគេនឹងឃើញទូកនេសាទវៀតណាមដែលធ្វើសកម្មភាពល្មើសច្បាប់ដែរ ។ ដូច្នេះ ទោះតម្លៃណាក៏ដោយ ពួកមន្ត្រីជលផល បានព្យាយាម ធ្វើយ៉ាងណារាំងខ្ទប់ពលរដ្ឋខ្មែរបានឃើញបទល្មើសនេសាទទាំងនោះឡើយ ។ ប្រជាពលរដ្ឋនិយាយថា គេមិនដែលឃើញថ្នាក់ដឹកនាំខេត្ត និយាយរួម និងនិយាយដោយឡែក លោកអភិបាលខេត្ត អ៊ូច ភា មានមតិយោបល់យ៉ាងណាចំពោះបញ្ហាបទល្មើសនេសាទនេះឡើយ ៕