ខេត្តព្រះសីហនុ ៖ លោកឧបនាយក រដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំ ដែនដី នគរូបនីយកម្ម និងសំណងតាម រយៈលោក ឆាន់ សាផាន រដ្ឋលេខាធិការ ប្រចាំការបានជម្រាបជូនលោក យន្ត មីន អភិបាលខេត្តព្រះសីហនុត្រូវបញ្ឈប់ផ្តល់គោលការណ៍ឲ្យដំណើរសាងសង់មុនទទួលបានលិខិតអនុញ្ញាតពីស្ថាប័នមានសមត្ថកិច្ច ដែលជាហេតុបង្កឲ្យមានបទល្មើសសំណង់ប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ សោភណភាពនិងគុណភាពសំណង់តែ ម្តង ។
ក្នុងលិខិតរបស់លោក ឆាន់ សាផាន រដ្ឋលេខាធិការប្រចាំការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់លេខ២៤១៧ ដនស/អរប ចុះថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨ បានឲ្យដឹងថាក្រសួងសូមជម្រាបដល់លោក យន្ត មីន អភិបាលគណៈអភិបាលខេត្តព្រះ សីហនុឲ្យជ្រាបថា ការដ្ឋានសំណង់ជាច្រើនក្នុងភូមិសាស្រ្តខេត្តព្រះសីហនុបាននិងកំពុងដំណើរការសាងសង់ខ្លះជិតរួចរាល់ទាំស្រុងទៅហើយដោយពុំមានលិខិតអនុញ្ញាត សាងសង់មានតែគោលការណ៍ឲ្យដំណើរការសាងសង់មុនទទួលបានលិខិតអនុញ្ញាតសាងសង់ ចេញដោយរដ្ឋបាលខេត្តព្រះសីហនុប៉ុណ្ណោះ ។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាត់ទុកសកម្មភាពសាងសង់សំណង់មុនទទួលបានលិខិតអនុញ្ញាតពីស្ថាប័នជំនាញនេះគឺផ្ទុយពីស្មារតីនៃអនុក្រឹត្យលេខ៨៥ អនក្រ.បក ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩៧ ស្តីពីលិខិតអនុញ្ញាតសាងសង់បណ្តាលឲ្យកើតមានបទល្មើសសំណង់ ប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ សោភណភាពនិងគុណភាពសំណង់តែ ម្តង ។
ពាក់ព័ន្ធបញ្ហាសំណង់ខុសច្បាប់ដែលកំពុងសាងសង់ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុនេះក្រសួងរៀបចំដែនដី នគរូបនីយ កម្ម និងសំណង់ស្នើដល់រដ្ឋបាលខេត្តបញ្ឈប់បន្ទាន់នូវការចេញលិខិតអនុញ្ញាតជា គោលការណ៍ដល់ម្ចាស់សំណង់ឲ្យដំណើរការសាងសង់មុនទទួលបានលិខិតអនុញ្ញាតសាងសង់ពីស្ថាប័នមានសមត្ថកិច្ច និងត្រូវពង្រឹងការគ្រប់គ្រងការដ្ឋានសំណង់ឲ្យ គោរពតាមច្បាប់ បទដ្ឋានគតិយុតិ្តនិងបច្ចេកទេសជាធរមាន ។
ក្នុងរយៈពេល០៣ឆ្នាំចុងក្រោយនេះ គឺគិតត្រឹមខែកញ្ញា ឆ្នាំ២០១៨នេះ ក្នុងខេត្តព្រះសីហនុមានអគារជាង១៣២គម្រោង នៃសំណង់អគារខ្ពស់ៗត្រូវបានស្ថាបនាឡើងដោយអ្នកវិនិយោគទាំងក្នុងនិងក្រៅស្រុកដែលមានចាប់ពីកម្ពស់៥ជាន់ដល់ ៤២ជាន់បាននិងកំពុងដំណើរការសាង សង់ជាជំហានៗក្នុងនោះ៖
-ឆ្នាំ២០១៦ អគារកម្ពស់ពី៥ជាន់ ដល់ ៣៥ជាន់ មានចំនួន ៤៦ គម្រោង
-ឆ្នាំ២០១៧ ចាប់ពី៨ជាន់ទៅដល់ ៤២ជាន់មានចំនួន ១១គម្រោង
-ឆ្នាំ២០១៨ សំណង់អគារកម្ពស់ចាប់ពី ៥ជាន់ទៅ៩ជាន់ មាន២៤គម្រោង, ១០ ជាន់ ទៅ ១៩ជាន់ មាន១៦គម្រោង,២០ ជាន់ទៅ២៩ជាន់មាន២គម្រោង ។
ចំពោះគម្រោងអគារដែលមានកម្ពស់៣០ជាន់ទៅ៣៩ជាន់មាន១គម្រោង និង មានចំនួន១១គម្រោងមានទំហំក្រឡាផ្ទៃសរុប ១៦៦.៥៩៨.២១ ម៉ែត្រក្រឡា ក្នុង នោះ៖ ៨ជាន់ មាន២ម្រោង, ៩ជាន់មាន១ គម្រោង, ១១ជាន់ មាន១៣ គម្រោង, ១៤ ជាន់មាន១គម្រោង, ១៥ជាន់មាន១គម្រោង, ១៨ជាន់មាន១គម្រោង, ១៩ជាន់មាន១ គម្រោង និង៣២ជាន់មាន១គម្រោងផង ដែរ ។
ជាមួយគ្នានេះដែរ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំ ដែនដីនគរូបនីយកម្ម និងសំណង់នា ថ្ងៃព្រហស្បតិ៍ ១០រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨នេះ បានសម្រេចបង្កើត ក្រុមការងារចំពោះកិច្ចចុះតាមដាននិងត្រួតពិនិត្យការដ្ឋានសំណង់ ស្ថិតក្នុងភូមិសាស្ត្រខេត្តព្រះសីហនុទាំងមូលតែម្តង។
ក្រុមការងារចំពោះកិច្ចដែលត្រូវបាន បង្កើតឡើងដើម្បីតាមដាន និងពិនិត្យការដ្ឋានសំណង់ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុជាបន្ទាន់នេះចែកចេញជា ៦ក្រុមផ្សេងៗគ្នាក្នុង១ក្រុមមានប្រធានម្នាក់ និងសមាជិក៣នាក់ដើម្បីចុះធ្វើកិច្ចការងារបន្ទាន់នេះ។
ក្នុងសេចក្តីសម្រេចរបស់លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ឲ្យដឹងថាក្រុមការចំពោះកិច្ចទាំង៦ក្រុមត្រូវទទួលភារកិច្ចដូចខាងក្រោម៖
១-ចុះតាមដាននិងត្រួតពិនិត្យការដ្ឋានសំណង់ ស្ថិតក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ ឲ្យអនុវត្តស្របតាមលិខិតអនុញ្ញាតសាងសង់ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត និងបច្ចេកទេស។
២- ធ្វើរបាយការណ៍ការងារផ្ញើជួនអគ្គនាយកដ្ឋានរៀបចំដែនដីនិងនគរូបនីយកម្ម ដើម្បីបូកសរុបជូនថ្នាក់នាំក្រសួងពិនិត្យ និងសម្រេច។
សូមបញ្ជាក់ថា ការបង្កើតក្រុមការងារ ចំពោះកិច្ចចុះតាមដាននិងពិនិត្យការដ្ឋានសំណង់ ដែលកំពុងរីកដូចផ្សិតទាំងតូចទាំងធំនេះ បន្ទាប់បែកធ្លាយព័ត៌មានមិនប្រក្រតីជាច្រើន ដោយការដ្ឋានសំណង់មួយជាច្រើនបានដំណើរការសាងសង់មុនទទួលបានលិខិតអនុញ្ញាតសាងសង់ពីស្ថាប័នសមត្ថកិច្ច។ ការដ្ឋានទាំងត្រូវបានគេរកឃើញ ទទួលជាគោលការណ៍សាងសង់ដែលចេញដោយរដ្ឋបាលខេត្តព្រះសីហនុ ប៉ុណ្ណោះ ៕ ឆ្លាម សមុទ្រ