ព័ត៌មានទាន់ហេតុការណ៍៖

IMF ព្យាករថាសេដ្ឋកិច្ចកម្ពុជានឹងកើនដល់៧.៣ភាគរយនៅឆ្នាំ២០១៨នេះ

ចែករំលែក៖

ភ្នំពេញ ៖ មូលនិធិរូបិយវត្ថុពិភពលោក (IMF) បានព្យាករសេដ្ឋកិច្ចរបស់កម្ពុជាក្នុងឆ្នាំនេះថាមានការកើនឡើងដល់៧.៣%។

ការព្យាករបែបនេះរបស់ IMF ធ្វើ ឡើងក្នុងឱកាសដែលលោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា អនុញ្ញាតឲ្យក្រុមបេសកកម្មមាត្រា IV របស់ IMF ដឹកនាំដោយលោក Jarkko Turunen ចូលជួបសំណេះសំណាលរាយ ការណ៍ពីការវាយតម្លៃស្ថានភាពសេដ្ឋកិច្ចនៅឆ្នាំ២០១៨ និងទស្សនវិស័យក្នុងរយៈពេលមធ្យមនាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨។

IMF បានព្យាករទៀតថា ជាមួយនឹង ការកើនឡើងនៃសេដ្ឋកិច្ចរបស់កម្ពុជាក្នុងនោះទុនបម្រុងអន្ដរជាតិត្រូវរំពឹងថា បន្ដកើនឡើងដល់៩,៦ប៊ីលានដុល្លារអាមេរិកនៅ ចុងឆ្នាំ២០១៨ ដែលធានាការទូទាត់ការនាំចូលនាឆ្នាំបន្ទាប់បានប្រមាណ៥ខែ។ ចំណែកឯវិស័យធនាគារ មានវឌ្ឍនភាពល្អប្រសើរដោយគ្រឹះស្ថានធនាគារ និងហិរញ្ញ វត្ថុមានសុខភាពល្អ ហើយបន្ដសេវាហិរញ្ញ វត្ថុដោយប្រសិទ្ធភាព ដែលបានពង្រីកបរិយា ប័ន្នហិរញ្ញវត្ថុជាលំដាប់ ។

IMF បានឲ្យដឹងទៀតថា កំណើនឥណទានរបស់គ្រឹះស្ថានធនាគារត្រូវបានរំពឹងថា កើនឡើងប្រមាណ១៩%ហើយឥណទានដែលផ្ដល់ដោយ វិស័យមីក្រូហិរញ្ញវត្ថុកើនឡើង៣៤%។

ក្រុមបេសកកម្មមាត្រា IV របស់ IMF បានឲ្យដឹងទៀតថា នៅឆ្នាំ២០១៩ និង រយៈ ពេលមធ្យមកំណើនសេដ្ឋកិច្ចត្រូវបានរំពឹងថា នឹងរក្សាក្នុងរង្វង៧%ជាមួយអត្រាអតិ ផរណាក្នុងរង្វង់៣%ក្នុងរយៈកាលមធ្យម។ ក្រុមបេសកកម្មបានផ្ដល់អនុសាសន៍ដល់កម្ពុជាឲ្យបន្ដធ្វើកំណែទម្រង់ចម្បងៗ និងបន្ដពង្រឹងស្ថិរភាពហិរញ្ញវត្ថុ ដើម្បីគ្រប់គ្រងហានិភ័យដែលអាចនឹងកើតមានឡើងផង ដែរ។

លើសពីនេះទៀតក្រុមបេសកកម្មរបស់ IMF បានអបអរសាទររាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបានវឌ្ឍនភាពសេដ្ឋកិច្ចគួរឲ្យកត់សម្គាល់ ឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព តាមរយៈការទទួលបានកំណើនសេដ្ឋកិច្ចខ្ពស់រឹងមាំនិងកំណើែន ទម្រង់សំខាន់ៗនារយៈពេលកន្លងមក ។

ធនាគារជាតិនៃកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលវាយតម្លៃសេដ្ឋកិច្ចនិងអនុសាសន៍របស់ IMF ដែលនឹងរួមចំណែក ផ្ដល់ជាធាតុចូល ក្នុងការរៀចំគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចនិងហរិញ្ញវត្ថុនៅ កម្ពុជា ៕ ហេង សូរិយា


ចែករំលែក៖