ខេត្តស្ទឹងត្រែង ៖ យុវជនម្នាក់មានអាការក្អួតចង្អោររហូតសន្លប់ស្ដូកស្ដឹងហើយត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះអាយុជីវិតភ្លាមៗ បន្ទាប់ ពីគេបានផឹកភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវ អស់មួយកំប៉ុង ។
ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើល ឡើងកាលពីវេលាម៉ោង១០និង១៥នាទី យប់ថ្ងៃពុធ ៩រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិ ស័កព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិបាចុង សង្កាត់ ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។
ស្រ្តីជាម្តាយយុវជនរងគ្រោះបានឲ្យដឹងថា កូនប្រុសរបស់គាត់ដែលផឹកភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវមួយកំប៉ុងក្អួតចង្អោរសន្លប់ស្តូកស្តឹងនេះ មានឈ្មោះ ស្រ៊ុន សូណា អាយុ១៧ឆ្នាំ បច្ចុប្បន្នរស់នៅភូមិសង្កាត់កើតហេតុខាងលើ ក្នុងបន្ទុករបស់កាត់ ។
ស្ត្រីជាម្តាយជនរងគ្រោះរូបនេះបានរៀបរាប់ឲ្យដឹងថា មុនពេលកើតហេតុគឺក្រោយពីកូនរបស់គាត់ ត្រឡប់មកពីជួយលក់ពងទានៅឯផ្សាររួចមក រូបគេក៏បានដើរទៅមើលគេលេងល្បែងប្រជាប្រិយនៅឯវត្តបាចុង។ ប៉ុន្តែមិនយូរនោះទេកូនប្រុសគាត់ក៏ត្រឡប់មកផ្ទះវិញ ស្រាប់តែមានអាការក្អួតចង្អោរតែម្ដង។ ភ្លាមៗនោះ គាត់ក៏បានសួរកូនថា “កូនឯងកើតអី?” កូនក៏ឆ្លើយថា “ខ្ញុំអស់ កម្លាំងរកតែសន្លប់” ហើយគាត់ក៏សួរថា “ម៉េចចឹងកូន?” ទើបកូនប្រាប់ថា “ខ្ញុំមិនដឹង ទេមុននេះខ្ញុំបានផឹកខារ៉ាបាវអស់មួយ កំប៉ុង ស្រាប់តែងងឹតមុខរកដួល ទើបគារដើរមកផ្ទះឲ្យម៉ែឯងកោសខ្យល់ឲ្យខ្ញុំ ហ្នឹង”។ ពេលឃើញកូនខ្សោយកម្លាំងហើយសន្លប់ស្តូកស្តឹង យ៉ាងនេះ ទើបគាត់ឲ្យបងប្អូនដឹកកូនប្រុសម្នាក់នេះទៅកាន់មន្ទីរពេទ្យខេត្តស្ទឹងត្រែងដើម្បីឲ្យគ្រូពេទ្យជួយសង្គ្រេាះភ្លាមៗតែម្តងទៅ ។
ជុំវិញករណីនេះគេនៅមិនទាន់ដឹងថា តើយុវជនរូបនេះពុលភេសជ្ជៈខារ៉ាបាវដូចការអះអាង របស់គាត់ឬយ៉ាងណានោះទេ ហើយក៏នៅមិនទាន់មានការបញ្ជាក់ពី ស្ថាប័នជំនាញសាខាកាំកុងត្រូលខេត្តស្ទឹងត្រែងឬក៏ក្រុមគ្រូពេទ្យជំនាញនៅឡើយដែរ ៕ សហការី