ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលអះអាងថា កម្ពុជានឹងទាញយកធនធាន ប្រេង កាត និងរ៉ែមាសបាននៅក្នុងអាណត្តិថ្មីនេះ ដែលធ្វើឲ្យការប្រមូលចំណូលពីធនធានរ៉ែ នឹង កើនឡើងខ្ពស់។ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានថ្លែងលើកឡើង នៅក្នុងពិធីអបអរសាទរទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់ អន្តរជាតិកាលពីពេលថ្មីៗនេះថា នៅក្នុង អាណត្តិថ្មីនេះយើងរំពឹងថានឹងប្រមូលបានរ៉ែមាសពីក្នុងដីនិងទាញយកធនធានចេញពីវិស័យប្រេងកាតវិញព្រោះយើងនឹងមានអណ្តូងប្រេងកាតមួយដែលអាចរំពឹងថា នឹងផ្តល់ប្រេងដល់ប្រទេសជាតិយើងនៅ ក្នុងអាណត្តិទី៦ នេះ ដើម្បីដាក់ចូលក្នុង កញ្ចប់ថវិកាជាតិសម្រាប់យកមកអភិវឌ្ឍសង្គម។
លោករដ្ឋមន្រ្តីបន្តថា “វិស័យទាំង៣នៅក្រោមការគ្រប់គ្រងរបស់ក្រសួង ពិសេស វិស័យថាមពលបានជំរុញគ្រប់គ្រងឲ្យអគ្គិសនីមានស្ថិរភាព គុណភាព សុវត្ថិភាព ដែលកម្ពុជាអាចមានអគ្គិសនីគ្របដណ្តប់ទូទាំងប្រទេសក្នុងតម្លៃទាប និងគោរពឲ្យបានអំពីបញ្ហាបរិស្ថាន”។
លោករដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល បន្តថា ជាក់ស្តែងគិតមកដល់ពេលនេះ វិស័យអគ្គិសនី ក្រសួងបានអភិវឌ្ឍពីគ្មាន អគ្គិសនីប្រើប្រាស់ រហូតមកដល់ពេលនេះ យើងមានប្រភពថាមពលជាង ២ពាន់ មេហ្គាវ៉ាត់ និងបានអូសខ្សែភ្លើងបានគ្រប ដណ្ដប់ ជាង៨៥ភាគរយនៅតាមភូមិក្នុងក្របខណ្ឌទូទាំងប្រទេស និងជំរុញតភ្ជាប់ បណ្តាញឲ្យបានគ្រប់ភូមិទូទាំងប្រទេសនៅក្នុងឆ្នាំ២០២០ ខាងមុខនេះ។
រដ្ឋមន្ត្រីក្រសួងរ៉ែក៏បានបញ្ជាក់ឲ្យដឹង ផងដែរថា យើងមានរោងចក្រស៊ីម៉ងត៍ធំៗ ដែលបាន និងកំពុងផ្គត់ផ្គង់ស៊ីម៉ងក្នុងស្រុកតាមតម្រូវការ ដោយបានកាត់បន្ថយជា អតិបរមានៃការនាំចូលខណៈដែលនៅ ទស វត្សទី៨០ និង៩០ យើងបាននាំចូល ស៊ី ម៉ងត៍១០០ភាគរយ។ ដូច្នេះពាក់ព័ន្ធនឹង វិស័យថាមពល រ៉ែ និងវិស័យប្រេងកាត នៅក្នុងអាណត្តិទី៦ថ្មីនេះ យើងនឹងប្រមូល ផលចំណូលនៅគ្រប់វិស័យ បានច្រើនជាង អាណត្តិណាៗទាំង អស់ក្នុងការចូលរួម ចំណែកបង្កើនប្រាក់ចំណូលដល់សេដ្ឋកិច្ចជាតិ។
លោកបណ្ឌិត ម៉ី កល្យាណ ប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានសិក្សាដើម្បីការអភិវឌ្ឍបានថ្លែងថា ការប្រមូលចំណូលរបស់ជាតិមានភាពល្អប្រសើរ ដោយសារការដឹកនាំប្រកបដោយឆន្ទៈរបស់ថ្នាក់ដឹកនាំនៃ អគ្គនាយកដ្ឋានពន្ធដារ ប៉ុន្តែវឌ្ឍនភាពនេះនៅមិនទាន់សម្រេចបានតាមអ្វីដែលយើងចង់បាននៅឡើយទេ ព្រោះចំណូលពន្ធ អាចទទួលបានច្រើនជាងនេះ ប្រសិន បើយើងប្រមូលបាន និងធ្វើការងារកាន់តែមានប្រសិទ្ធភាព។
លោកបន្តថា “ការប្រមូលពន្ធទាមទារ ការអត់ធ្មត់ និងឆន្ទៈរឹងមាំ និងមានឆន្ទៈ នយោបាយ ទើបយើងអាចប្រមូលបាន ច្រើន”៕ ហេង សូរិយា