ព័ត៌មានទាន់ហេតុការណ៍៖

នារីម្នាក់បើករថយន្តបុកម៉ូតូបត់ឆ្លងផ្លូវបណ្តាលឲ្យបុរសម្នាក់របួសធ្ងន់នៅមុខមន្ទីរពេទ្យរ៉ូយ៉ាល់

ចែករំលែក៖

ភ្នំពេញ: នារី​​ម្នាក់​បើក​រថយន្តមួយគ្រឿង យ៉ាងលឿន​បានជ្រុលចង្កូត​ទៅ​បុក​ម៉ូតូ​​បើកឆ្លងផ្លូវ​ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ហើយរថយន្ត​នៅ​មិន​ទាន់​អស់​ល្បឿន​បានជ្រុល​ទៅ​ឡើងលើ​ខឿន​​បណ្តាលឲ្យ​បែកកង់​ទៅមុខលែងរួច។

ហេតុការណ៍នេះបានកើតឡើងកាល​ពី​ម៉ោង​១១​យប់​ ថ្ងៃ​ទី​៤​ ខែតុលា​ ឆ្នាំ​២០១៨​ តាមបណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី ខាងមុខមន្ទីរពេទ្យ​រ៉ូយ៉ាល់​ភ្នំពេញ​ ​​ ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែនសុខ​។

ប្រភពពត៌មាន​នៅ​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា​ នៅមុន​ពេល​កើត​ហេតុ​គេ​ឃើញ​បុរស​ម្នាក់​បើក​បរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ ធូដេ​ ពណ៌​ស​ ពាក់ស្លាកលេខ​ ភ្នំពេញ​1BZ-1127​ ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច ខណៈមកដល់​ចំណុច​កើត​ហេតុ​ម៉ូតូ​បាន​បត់​ឆ្វេង​ឆ្លងផ្លូវ​បំណង​ទៅ​ផ្លូវ​៥៥៥​ ភ្លាម​នោះ​ស្រាប់​តែ​មានរថយន្ត​មួយ​គ្រឿង​​ម៉ាក​ អេះស្កាឡែត​ ពណ៌​ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ ​2I-0188 ​បើក​បរ​ដោយ​នារី​ម្នាក់​និងបុរសម្នាក់ទៀត​រួម​ដំណើរ​ជាមួយ​ តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ ក្នុង​ទិសដៅ​បញ្រ្ចាស​ទិស​គ្នា​ និងក្នុងល្បឿនយ៉ាងលឿន​ បាន​ជ្រុល​​ទៅ​បុក​ម៉ូតូ​ពេញ​ទំហឹង​បណ្តាលឲ្យ​ម៉ូតូ​រងការខូចខាត​ដាច់ជា២។ រីឯអ្នកបើកបរ​រងរបួសបាក់ជើងខាងស្តាំ​ ចំណែកឯ​រថយន្ត​នៅ​មិន​ទាន់​អស់​ល្បឿន​បាមជ្រុល​ទៅ​ឡើងលើ​ខឿន​​នៅ​មុខ​មន្ទីរ​ពេទ្យ​រ៉ូយ៉ាល់​បណ្តាលឲ្យ​បែកកង់​ទៅមុខលែងរួច។

បន្ទាប់ពីកើតហេតុជនរងគ្រោះត្រូវបានរថយន្ត​សង្គ្រោះបន្ទាប់ដឹកយកទៅសង្គ្រោះនៅឯ​ គ្លីនិក​ពន្លឺ​ ចំណែក​ម៉ូតូ​និង​រថយន្ត​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ចុះ​មក​​វាស់​វែង​និង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរ​ផ្លូវ​គោក​នៃស្នង​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​​រង់ចាំ​​ដោះស្រាយ​គ្នា​​នៅ​ពេល​ក្រោយ​ ៕ ជ្រោយពេជ្រ


ចែករំលែក៖