ខេត្តព្រៃវែង៖ ប្រជាពលរដ្ឋយ៉ាងតិចចំនួន៣ភូមិ ក្នុងឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង បានត្អួញត្អែរថា អាជ្ញាធរមូលដ្ឋាន ចាប់ពីថ្នាក់ឃុំដល់ថ្នាក់ស្រុក ហាក់ដូចជាព្រងើយកន្តើយ មិនបានយកចិត្តទុកដាក់ ដោះស្រាយជួយស្ថាបនាផ្លូវមួយខ្សែ ដែលមានប្រវែងប្រមាណជាង៥គីឡូម៉ែត្រ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ ប្រជាជនក្នុងមូលដ្ឋាន ក៏ដូចជាអ្នកដំណើរឆ្លងកាត់ ។ ពួកគាត់បានអះអាងថា ផ្លូវមួយខ្សែ ដែលមានចម្ងាយជាង៥គីឡូម៉ែត្រនោះ គឺលំបាកក្នុងការធ្វើដំណើររដូវប្រាំងហុយ និងមានជង្ហុកធំៗ ហើយនៅរដូវវស្សា ធ្វើដំណើរសឹងមិនកើត ដោយសាររអិល ទាំងកង់ ម៉ូតូ ឡាន ក្នុងនោះសូម្បីតែថ្មើរជើង ក៏លំបាកបំផុត ។
ប្រជាពលរដ្ឋបានបញ្ជាក់ថា ចំណុចដែលលំបាកបំផុត គឺចាប់ពីគល់ស្ពានព្រែកតាសូរ ភូមិត្រាល ភូមិជំនិច ភូមិព្រែកកាំភ្លើង រហូតដល់ភូមិកំពង់ពពិល (ផ្សារកំពង់ពពិល) ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង ខូចខាតធ្ងន់ធ្ងរ ចាប់តាំងពីឆ្នាំ២០០៩ រហូតមកដល់បច្ចុប្បន្ននេះ ។ ពួកគាត់ពុំបានឮថា ថ្នាក់មូលដ្ឋាន ឬថ្នាក់លើ នឹងមានផែនការស្ថាបនាផ្លូវនេះដែរឬទេ ខុសពីនៅមូលដ្ឋានដទៃទៀត ដែលមានផ្លូវគមនាគមន៍ ដ៏ល្អប្រសើរ និងជាមធ្យោបាយសម្រួលចរាចរណ៍ ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ពិសេស គាត់មានឱកាសដឹកទំនិញ កសិផល ទៅកាន់ទីផ្សារបានយ៉ាងងាយស្រួលបំផុត ។ ដោយឡែក ផ្លូវមួយខ្សែឆ្លងកាត់ចំនួន៣ភូមិ ក្នុងឃុំកំពង់ពពិលរបស់ពួកគាត់ ពិតជាលំបាក ហើយក៏នៅនឹងមុខ នឹងភ្នែកច្រមុះអាជ្ញាធរទាំងនោះផងដែរ ។
ស្ត្រីវ័យជាង៤០ឆ្នាំមួយរូប ដែលជាគ្រូបង្រៀននៅក្នុងឃុំកំពង់ពពិល បានលើកឡើងថា ខ្ញុំឆ្ងល់អំពីបញ្ហានេះដែរ ទៅលើអាជ្ញាធរគ្រប់ជាន់ថ្នាក់ ក្នុងស្រុកពារាំង ហេតុអ្វីមិនបានគិតគូរជុំវិញបញ្ហាផ្លូវក្នុងភូមិនេះ ក្នុងនោះ សូម្បីតែលោក ផឹង សំនៀង មេឃុំកំពង់ពពិល លោកហុង ដានី ប្រធានការិយាល័យសាធារណការ និងដឹកជញ្ជូនស្រុក ក៏ដូចជាលោក ហ៊ី ធួក អភិបាលនៃគណៈអភិបាលស្រុក សូម្បីតែបន្តិច ក៏ពួកគាត់មិនបានគិតគូរ ដើម្បីអភិវឌ្ឍន៍ក្នុងមូលដ្ឋានរបស់ខ្លួន ។ អ្នកស្រីបន្តថា ប្រសិនបើអាជ្ញាធរឃុំ ស្រុក និងខាងជំនាញគ្មានថវិកា ឬថ្នាក់លើមិនទម្លាក់ឲ្យ ពួកគាត់គួរណាស់តែ មានដំណោះស្រាយ ស្នើឲ្យថ្នាក់ពង្រឹងមូលដ្ឋាន ក៏ដូចជាថ្នាក់លើ ជួយគិតគូរដោះស្រាយ ប្រាកដជាថ្នាក់ពង្រឹងមូលដ្ឋាន និងថ្នាក់លើ មិនទុកឲ្យផ្លូវមួយនេះ រងការខូចខាតកាន់តែធ្ងន់ធ្ងរ និងបង្កផលលំបាកដល់ប្រជាពលរដ្ឋ ចរាចរណ៍ក្នុងមូលដ្ឋាននោះឡើយ ។
ប្រជាពលរដ្ឋក្នុងឃុំកំពង់ពពិល ក៏បានស្នើសុំយ៉ាងទទូចផងដែរដល់ថ្នាក់ពង្រឹងមូលដ្ឋានឃុំ ស្រុក មេត្តាជួយសម្រួលឲ្យបានក្នុងការស្ថាបនាផ្លូវមួយខ្សែនេះ សម្រាប់មធ្យោបាយចរាចរណ៍ ទាំងកូនៗទៅសាលារៀន ការដឹកកសិផលទៅកាន់ទីផ្សារ ឧបាសក ឧបាសិកាទៅវត្តអារ៉ាម អ្នកដំណើរឆ្លងកាត់ បានស្រួល ពិសេសប្រជាពលរដ្ឋ ពិតជាសប្បាយរីករាយសម្រាប់កាដូផ្លូវមួយខ្សែនេះ ខណៈពួកគាត់រងការលំបាក ក្នុងការធ្វើដំណើររយៈពេល៩ឆ្នាំមកហើយនោះ ។
ពាក់ព័ន្ធនឹងករណីប្រជាពលរដ្ឋក្នុងឃុំកំពង់ពពិលស្នើសុំអាជ្ញាធរជួយស្ថាបនាផ្លូវមួយខ្សែប្រវែងជិត៥គីឡូម៉ែត្រនេះ អង្គភាពនគរវត្តមិនអាចទាក់ទងបានទេពីអាជ្ញាធរ និងជំនាញពាក់ព័ន្ធស្រុកពារាំងនៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨ ដោយគ្មានលេខទូរស័ព្ទ ។ ប៉ុន្តែមានមន្ត្រីខ្លះបានលើកឡើងថា ប្រសិនបើករណីនេះ ដឹងដល់លោក ស សុខា តំណាងរាស្ត្រខេត្តព្រៃវែង លោកនឹងមានវិធានការគិតគូរដោះស្រាយជូនប្រជាពលរដ្ឋក្នុងឃុំកំពង់ពពិលពិតជាពុំខានឡើយ ៕ សុខ ខេមរា