ព័ត៌មានទាន់ហេតុការណ៍៖

ក្រឡេកមើលបទល្មើសជលផលនៅឃុំពាមបាង ស្រុកស្ទោង

ចែករំលែក៖

ខេត្តកំពង់ធំ៖ បទល្មើសនេសាទនៅខេត្តកំពង់ធំ ជាពិសេស​នៅឃុំពាមបាង ស្រុកស្ទោង បានកើតមានយ៉ាងគគ្រឹកគគ្រេង ។ នៅទីនេះ​មន្ត្រីរដ្ឋបាលជលផល លោក ហួន ផល ត្រូវគេអះអាងថា ជាមេចំណែកធំ ក្នុងការប្រមូលប្រាក់ជូននាយខណ្ឌរដ្ឋបាលជលផល ។ ប្រជាពលរដ្ឋនិយាយជាទូទៅថា បើគ្មានប្រាក់ឲ្យលោក ហួន ផល ទេ សូម្បីមងមួយដៃ ក៏មិនអាចយកទៅដាក់យកត្រីមកស្លរបានដែរ ។

បទល្មើសនេសាទមានគ្រប់ប្រភេទក្នុងដែនសមត្ថកិច្ចរបស់លោក ហួន ផល ។ ប្រជាពលរដ្ឋដែលនេសាទជាលក្ខណៈគ្រួសារ ដើម្បីចិញ្ចឹមឆ្នាំង ពិតជាមិនអាចបានឡើយ ប៉ុន្តែបណ្តា​ជនដែលបានផ្តល់ប្រាក់​ប្រចាំខែតាមទំហំបទល្មើសជូនលោកហួន ផល គឺអាចធ្វើសកម្មភាពបានដោយសេរី ។ ប្រជាពលរដ្ឋនិយាយថា ទង្វើរបស់សង្កាត់រដ្ឋបាលជលផលពាមបាង បានធ្វើឲ្យប្រជាពលរដ្ឋអាក់អន់ស្រពន់ចិត្តជាខ្លាំង ។ ប៉ុន្តែពួកមន្ត្រីជលផល ពិសេសលោកហួន ផល នាយសង្កាត់តែម្តង គឺសប្បាយនឹងការកើបលុយយ៉ាងច្រើនសន្ធឹកសន្ថាប់ក្នុងរដូវកាលបិទនេសាទនេះ ។

អភិបាលខេត្តកំពង់ធំ​បានប្រជុំណែនាំក្រើនរំលឹកឲ្យសមត្ថកិច្ចជំនាញបង្ក្រាបបទល្មើសឲ្យបាន​ពេញដៃ ពេញជើងផង ។ ប៉ុន្តែ​លោក ហួន ផល មិនបានបំពេញកាតព្វកិច្ច​តាមការស្នើសុំរបស់លោកសុខ លូ អភិបាលខេត្ត​កំពង់​ធំ​នោះឡើយ ។ ផ្ទុយទៅវិញ លោក​ព្យាយាមលាក់បាំងបទល្មើស ព្រោះតែផលប្រយោជន៍ក្រុមខ្លួន ។ រាល់ការណែនាំរបស់អភិបាលខេត្ត​ឲ្យយកចិត្តទុកដាក់បង្ក្រាបបទល្មើសជលផលនោះ គឺលោកហួន ផល មិនដែលខ្ចីខ្វល់ និងអនុវត្តតាមនោះឡើយ ។

ប្រជាពលរដ្ឋ​នៅ​តំបន់ពាមបាងនិយាយថា បទល្មើសនេសាទ​កើតមានព្រោងព្រាត ដែលមិនអាចលាក់បាំងនឹងភ្នែក​មហាជនបានឡើយ ។ យ៉ាងណាក៏ដោយ លោកហួន ផល បានរាយការណ៍ទៅថ្នាក់លើថា គ្មានបទល្មើសនេសាទឡើយ ។ ប្រជាពលរដ្ឋតំបន់ពាមបាង​និយាយថា បទល្មើសនេសាទ មានគ្រប់ប្រភេទ ហើយគេអាចមើលឃើញដោយផ្ទាល់ភ្នែកបាន ។ ដូច្នេះការបដិសេធតែមាត់ទទេរបស់លោកហួន ផល មិនអាចបិទបាំង​ការពិតបានឡើយ ។ ប្រជាពលរដ្ឋនិយាយថា គ្មានអ្វីត្រូវសួរនាំលោក ហួន ផលទេ ពីព្រោះបទល្មើសពាសពេញផ្ទៃទឹក ។ នោះគឺបទល្មើសដែលកំពុងកើតមាននៅបឹងទន្លេឆ្មា និងបឹងទន្លេសាប ក្នុងស្រុកសន្ទុកនេះតែម្តង ។ ប្រជាពលរដ្ឋរំពឹងថា អភិបាលខេត្តកំពង់ធំនឹងពិនិត្យមើលករណីនេះឡើងវិញ ៕ ហេង សូរិយា


ចែករំលែក៖