ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ ស្រវឹងបើករថយន្តលឿនជ្រុលទៅបុកទ្រូងផ្លូវខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ រថយន្តឡិចស៊ីស RX300មួយគ្រឿង បើកបរដោយបុរសម្នាក់ បោះពួយយ៉ាងលឿន និងខ្វះការប្រុង ប្រយ័ត្នក៏ជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ នៅមុខក្រសួងសាធារណការ បណ្ដាលឲ្យរថយន្តខូចខាតយ៉ាងដំណំ តែមិនបង្កឲ្យមានអ្នករងរបួសនោះទេ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ២និង១០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨ ត្រង់ចំណុចស្តុបទើបបង្កើតថ្មី ខាងមុខច្រកចូលផ្សារទួលគោក តាមបណ្ដោយផ្លូវលេខ២៨៩ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ក្រុងភ្នំពេញ ។

តាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ បើករថយន្ត មួយគ្រឿងម៉ាកឡិចស៊ីស RX 300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AH-7555 ដោយធ្វើដំណើរ តាមបណ្ដោយផ្លូវលេខ២៨៩ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ។ លុះមកដល់ចំណុចកើតហេតុ ដោយ មិនប្រយ័ត្ន ក៏ជ្រុលចង្កូតទៅក្បាលព្រួញនាគ ពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យបាក់អស់២កង់ ។ ចំណែកឯ រថយន្តបង្កខូចខាត ដាច់ក្រឡេកង់ និងកំពិតផ្នែកខាងមុខចំហៀងខាងឆ្វេងទៅមុខលែងរួច ។ ភ្លាមៗនោះអ្នកបើកបររថយន្តបានគេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុករថយន្ត នៅនឹងកន្លែងកើតហេតុ ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញ បានចុះមកដល់កន្លែងកើតហេតុ ហើយបានធ្វើការស្ទូចយករថយន្តបង្ក ទៅ រក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយ គ្នាទៅតាមច្បាប់ ៕ ស តារា


ចែករំលែក៖