ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រី២គ្រួសារ ដែលត្រូវជាបងប្អូនបង្កើតមានជីវភាពក្រីក្រ និងខ្វះខាតទទួលអំណោយពីប្រធានរដ្ឋាករទឹកខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ ដោយមើលឃើញពីទុក្ខលំបាក និងមានជីវភាពក្រីក្រខ្វះខាតរបស់ស្ត្រី២គ្រួសារ ត្រូវជាបងប្អូនបង្កើត នឹងគ្នារស់ក្នុងភូមិទទារ សង្កាត់ចេក ក្រុងស្វាយរៀង ដែលទទួលបន្ទុកយ៉ាងខ្លាំង ក្នុងការរ៉ាប់រងចិញ្ចឹមកូនរហូតដល់ទៅ៣នាក់ដូចគ្នា ខណៈប្ដីរត់ចោល និងម្នាក់ទៀតប្ដីមានជំងឺស្លាប់ចោល ។

ជាក់ស្ដែងនារសៀល ថ្ងៃព្រហស្បតិ៍ ១០រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨ លោកចាន់ វណ្ណសុខា ប្រធានរដ្ឋាករទឹកខេត្តស្វាយរៀង មានចិត្តអាណិតអាសូរយ៉ាងខ្លាំង បានផ្តល់ជាអំណោយផ្ទាល់ខ្លួនរបស់លោក ដល់ស្ត្រី២ គ្រួសារ មកពី ភូមិទទារ សង្កាត់ចេក ក្រុងស្វាយរៀង ។

ក្នុងឱកាសនោះ លោកចាន់ វណ្ណសុខា បានឲ្យដឹងថា ទោះបីជាអំណោយជាគ្រឿងឧបភោគ បរិភោគមានបន្តិចបន្តួចក្ដី ក៏វាអាចដោះស្រាយក្នុងជីវភាពគ្រួសាររបស់អ្នកមីង បានមួយរយៈពេល ក្នុងការចិញ្ចឹមកូនៗ ហើយមិនតែប៉ុណ្ណោះ សូមមីងៗបន្តយកចិត្តទុកដាក់មើលថែរក្សាកូន ចៅ ព្រោះរដូវនេះ ជារដូវវស្សា ទឹកកំពុងតែឡើងខ្លាំង ដើម្បីជៀសវាងគ្រោះថ្នាក់កើតឡើង ដោយសារទឹកជំនន់ និងរក្សាសុខភាពអនាម័យ និងលាងដៃ នឹងសាប៊ូ ពិសេសត្រូវហូបទឹកឆ្អិនដាំពុះ ។

អំណោយ ដែលបានចែកជូនស្ត្រីទាំង ២ គ្រួសារ ក្នុង ១ គ្រួសារទទួលបាន អង្ករ ២៥ គីឡូក្រាម មីមួយកេស ត្រីខ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប ទឹកត្រី៦ដប ស្ករសរ ប៊ីចេង និង ថវិកា ៤០,០០០ រៀល ។

សូមបញ្ជាក់ថា ស្ត្រី ដែលមានជីវភាពក្រីក្រ និងខ្វះខាត ២គ្រួសារមានឈ្មោះ គង់ សាន អាយុ៤០ឆ្នាំ មានកូនក្នុងបន្ទុក៣នាក់ ប្ដីមានជំងឺស្លាប់ចោលអស់រយះពេលមួយឆ្នាំ និងមួយគ្រួសារទៀត មានឈ្មោះ គង់ សាបន អាយុ៤៨ឆ្នាំ មានកូន៣នាក់ ខណៈប្ដីរត់ចោលប្រមាណ៣ឆ្នាំមកហើយ ៕ យឹម សុថាន


ចែករំលែក៖