ព័ត៌មានទាន់ហេតុការណ៍៖

តៃកុងអ្នកបើករថយន្តដឹកទឹកក ងោកមួយភាំង ក្រឡាប់ធ្លាក់ប្រឡាយចាក់ទឹកកកចោលពេញផ្លូវ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ រថយន្តដឹកទឹកមួយគ្រឿង ក្រឡាប់ចាក់ទឹកកកចោលពេញទាំងផ្លូវ ក្រោយពេលដែលអ្នកបើកបរ ងោកមួយភាំង ហេតុការណ៍រថយន្តដឹកទឹកកកក្រឡាប់នេះ បានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិព្រៃពួច ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តដឹកទឹកកកនេះ ម៉ាក ហ៊ីយ៉ាន់ដាយពាក់ស្លាកលេខ ភ្នំពេញ ២Q-៤៤១៣ ចំណុះ១,៥តោន ។ អ្នកបើកបរដែលបង្កគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវសាធារណៈ មិនបានផ្តល់អត្តសញ្ញាណខ្លួននោះទេ ។

ប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តដឹកទឹកកកមួយគ្រឿង ដែលធ្វើដំណើរកពីត្បូងមកជើង បើកក្នុងល្បឿនយ៉ាងលឿន ពេលមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែរថយន្តរេចង្កូតចូលស្នាមភ្លោះ ក្រឡាប់ធ្លាក់ទឹកកកចេញមកទ្រេលពេញផ្លូវតែម្តង ។ ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តបានលូនចេញពីកាប៊ីនរថយន្ត ប៉ុន្តែមិនរងរបួសធ្ងន់ធ្ងរ ។

ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា នេះសំណាងហើយ ដែលនៅពីខាងមុខរថយន្តនេះ មិនមានអ្នកធ្វើដំណើរនោះ បើពុំដូច្នេះទេ ច្បាស់មានគ្រោះថា្នក់ខ្លាំងជាក់ជាមិនខាន ។ ក្រោយពេលកើតហេតុ ម្ចាស់រថយន្តក៏បានរករថយន្តស្ទូចចេញ និង យករថយន្តផ្ទេរបន្ត៕ ចន្ថា


ចែករំលែក៖