ភ្នំពេញ ៖ បុរស២នាក់បានរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកទៅកាន់មន្ទីរពេទ្យភ្លាមៗ និងមនុស្ស៥នាក់ទៀតបានរងរបួសស្រាល បន្ទាប់ពីពួកគេធ្វើដំណើរដោយរថយន្តកូរ៉េមួយគ្រឿង បានរេចង្កូតទៅបុកឃឿនទ្រូងផ្លូវ បណ្ដាលឲ្យបាក់អស់៣កង់ ឯរថយន្តក្រឡាប់ផ្អៀងជើងម្ខាង ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៨ និង៤០នាទីយប់ ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ស្ថិតក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តបង្កខាងលើម៉ាក កូរ៉េ មួយតោនកន្លះ ពណ៌ខៀវ ពាក់ស្លាកលេខ ស្វាយរៀង 2A-0419 ធ្វើដំណើររួមគ្នាដោយមនុស្សប្រុស៧នាក់ របួសធ្ងន់២នាក់ ស្រាល៥នាក់ ។
យោងតាមសម្ដីជនរងគ្រោះដែលធ្វើដំណើរក្នុងរថយន្តបង្កខាងលើ ព្រមទាំងរងរបួសស្រាលបានប្រាប់ឲ្យដឹងថា នៅពេលកើតហេតុ រូបគាត់បានធ្វើដំណើរតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ មិនដឹងជាយ៉ាងម៉េច រថយន្តបានរេចង្កូតទៅបុកឃឿនទ្រូងផ្លូវបណ្ដាលឲ្យក្រឡាប់ផ្អៀងជើងម្ខាងតែម្ដង ដោយធ្វើឲ្យតៃកុង និងអ្នករួមដំណើរម្នាក់ រងរបួសធ្ងន់ ព្រមទាំងអ្នករួមដំណើរ៥នាក់ រងរបួសស្រាល ។
សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ហើយទាក់ទងទៅជំនាញចរាចរណ៍ឲ្យចុះមកវាស់វែងយករថយន្តបង្ក ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕ ភារ៉ា ដង្កោ