ភ្នំពេញៈ ជនសង្ស័យម្នាក់បានជិះម៉ូតូធ្វើសកម្មភាពឆក់ទូរស័ព្វដៃពីនារីម្នាក់ បានសម្រេចហើយព្យាយាមជិះរត់ តែរត់មិនរួចត្រូវបានជនរងគ្រោះ និងកម្លាំងប្រជាការពាខណ្ឌដេញចាប់បានប្រគល់ជូនសមត្ថកិច្ច ។
ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ និង៣០នាទី ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ចំណុចម្តុំដងនង្គ័ល ភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យ ឈ្មោះ ឈឿង ហៃវាសនា ភេទប្រុស អាយុ ២៦ ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
រីឯជនរងគ្រោះ ឈ្មោះ ឃឿន ឆេងលាប ភេទស្រី អាយុ២០ឆ្នាំ មុខរបរនិស្សិត ស្នាក់នៅព្រៃព្រីងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ហើយទូរស័ព្ទដែលជនសង្ស័យឆក់ ម៉ាក IPhone 6Plus ពណ៌ខ្មៅ ។
សាក្សីថា មុនពេលកើតហេតុ នារីដែលជាជនរងគ្រោះបានធ្វើរដំណើរដោយម៉ូតូក្នុងទិសដៅពីជើងទៅត្បូង តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី លុះមកដល់ចំណុចកើតហេតុ ខាងលើជនសង្ស័យបានជិះម៉ូតូមួយគ្រឿងស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FY 0330 មកពីក្រោយ ក៏ធ្វើរសកម្មភាពឆក់ទូរស័ព្ទពីជនរងគ្រោះតែម្តង ។
ក្រោយពេលឆក់បាននារី ដែលជាជនរងគ្រោះបានដេញតាមពីក្រោយ ខណៈពេលនោះក៏មានកម្លាំងប្រជាការពាខណ្ឌពោធិ៍សែនជ័យ កំពុងនៅក្បែរនោះ ក៏បានជួយដេញរហូតមកដល់ចំណុចផ្លូវជាតិលេខ៤ ទល់មុខនឹងការ៉ាសសាំង PTT ខាងលិចរង្វង់មូលចោមចៅ ទើបឃាត់បានតែម្តង ទើបរាយការណ៍ទៅកម្លាំងប៉ុស្តិ៍ចោមចៅ៣ មកយកជនសង្ស័យទៅសួរនាំ ចំណែកសម្ភារប្រគល់ជូនជនរងគ្រោះវិញ ។
បច្ចុប្បន្នជនសង្ស័យកំពុងសួរនាំ នៅប៉ុស្តិ៍នគរបាល ចោមចៅទី៣ ដើម្បីកសាងសុំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យចាត់ការបន្ត ៕ សុខាសែនជ័យ