ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់បានស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ ដោយសាររថយន្តធុនតូច បុកជាមួយរថយន្តធុនធំ ហើយអ្នកបើកបរបង្ករត់គេចខ្លួន ។ គ្រោះថ្នាក់ចរាចរណ៍ នាមកើតឡើងនៅម៉ោង៥ និង១០នាទីល្ងាច ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិចម្ការចេក ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ។
រថយន្តរងគ្រោះម៉ាកផេនធើរ ពណ៌បៃតងចាស់ ពាក់ស្លាកលេខ ភ្នំពេញ ២V-៨៧០៦ បើកបរដោយឈ្មោះសៀង សុផាត ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិល្វាលើ ឃុំផ្តៅ ស្រុកកងមាស ខេត្តកំពង់ចាម ។ ជនរងគ្រោះទី២ឈ្មោះហ៊ុន រដ្ឋា ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិត្រពាំងជ្រៃ ឃុំឈើខ្មៅ ស្រុកកធំ ខេត្តកណ្ដាល ជាអ្នករួមដំណើរជាមួយ ។ ពួកគេទាំង២នាក់ បម្រើការងារនៅក្រុមហ៊ុនឱសថ frendolmic មានទីតាំងនៅភូមិស្ទឹងខាស់ ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ។ ចំណែករថយន្តបង្កម៉ាកហុីយ៉ាន់ដាយ ពណ៌ក្រហម ពាក់ស្លាកលេខ ព្រះសីហនុ ៣A-៧៦៨៨ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ។
ប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះ បើករថយន្តតាមបណ្តោយផ្លូវជាតិលេខ៤ ទិសដៅពីលិចទៅកើត ។ លុះមកដល់ចន្លោះគីឡូម៉ែត្រលេខ៩៤-៩៥ បានបើកវ៉ារថយន្តផ្សេងៗ រួចក៏ជ្រុលចង្កូតបុករថយន្តហុីយ៉ាន់ដាយ១គ្រឿង កំពុងបើកបញ្រ្ចាសទិសគ្នាចំពីមុខពេញទំហឹង បណ្តាលឲ្យអ្នកបើកបរ ស្លាប់ក្នុងរថយន្ត និងអ្នករួមដំណើរ រងរបួសធ្ងន់ ។ ក្រោយបង្កហេតុ អ្នកបើកបររថយន្តហុីយ៉ាន់ដាយ បានរត់ចោលរថយន្ត ។
ក្រោយកើតហេតុ រថយន្តសង្គ្រោះរបស់កងពលលេខ៣១ ប្រការនៅពេជ្រនិល បានដឹកជនរងគ្រោះ ទៅមន្ទីរពេទ្យ ។ ចំណែកសាកសព សមត្ថកិច្ច បានទាក់ទងឲ្យក្រុមគ្រួសារ មកទទួលយកទៅធ្វើបុណ្យនៅស្រុកកំណើត ។ ដោយឡែករថយន្តទាំង២គ្រឿង សមត្ថកិច្ចវាស់វែងរួច បានអូសយកមករក្សាទុកនៅអធិការដ្ឋាន រង់ចាំដោះស្រាយនៅពេលក្រោយ ៕ សេនាស័ក្តិ