ភ្នំពេញ៖ បុរសម្នាក់ ជាអ្នកក្រឡុកស្រានៅក្នុងហាងបារាំង បានរងរបួសធ្ងន់រហូតដល់ស្លាប់ ខណៈជិះម៉ូតូដួលបោកទៅនឹងខឿនផ្លូវ កាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃសុក្រ ១១រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវវេងស្រេង ទល់មុខនឹងទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សពជនរងគ្រោះមានឈ្មោះ អ៊ុំ សុភ័ក្រ ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅភូមិទ្រា១ ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ និងស្រុកកំណើតនៅខេត្តតាកែវ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១០០ ស៊េរីចាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FI-1031 ។
តាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានមុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូតាមបណ្ដោយផ្លូវវេងស្រេង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែដួលបោកទៅនឹងខឿនផ្លូវ បណ្តាលឲ្យរបួសធ្ងន់ ភ្លាមនោះរថយន្តសាមុយបានទៅដឹកជនរងគ្រោះ ដើម្បីសង្គ្រោះតែអកុសលបានស្លាប់ ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យ រួចក៏ដឹកជនរងគ្រោះមកដាក់នៅកន្លែងកើតហេតុវិញ ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញ បានចុះទៅត្រួតពិនិត្យនិងវាស់វែងធ្វើកំណត់ហេតុ ហើយប្រគល់សពឲ្យសាច់ញាតិជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ស តារា