ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តនិងម៉ូតូបុកគ្នា ប្រកែកយកត្រូវរៀងខ្លួន សមត្ថកិច្ចឃាត់បញ្ជូនទៅចរាចរណ៍ក្រុង

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តឡិចស៊ីស RX330 បុកគ្នាជាមួយម៉ូតូម៉ាកស្កុបពី ខណៈបើកបរគ្មានការប្រុងប្រយ័ត្នពេលបត់ឆ្លងផ្លូវ បណ្តាលឲ្យរថយន្តនិងម៉ូតូខូចខាតយ៉ាងដំណំ តែមិនបង្កឲ្យមានអ្នករងរបួសនោះឡើយ ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងការពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃព្រហស្បតិ៍ ១០រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២៧១ កែងផ្លូវលេខ១៨៧ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តឡិចស៊ីស RX-330 ពណ៌សមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AV-5081 បើកតាមបណ្តោយផ្លូវលេខ២៧១ ទិសដៅពីជើងមកត្បូង បត់ទៅផ្លូវលេខ១៨៧ ស្រាប់តែមានម៉ូតូម៉ាកស្កូបពីអាយ ពណ៌ទឹកដោះគោមួយគ្រឿង ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខភ្នំពេញ 1GP-5103 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៧១ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនក៏ជ្រុលទៅបុករថយន្តដែលកំពុងតែបត់យ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្តឡិចស៊ីស រងការខូចខាតទ្វារផ្នែកខាងស្តាំរថយន្ត។ រីឯម៉ូតូដួលរងការខូចខាតផ្នែកខាងមុខម៉ូតូ តែមិនបង្កឲ្យមានអ្នករងរបួសនោះទេ ។

ក្រោយកើតហេតុភាគីទាំងសងខាងដោះស្រាយគ្នាមិនត្រូវ ទើបសម្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តនិងម៉ូតូយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធី ៕ ស រស្មី


ចែករំលែក៖