ព័ត៌មានទាន់ហេតុការណ៍៖

ករណីសំរាមពាសវាលពាសកាលនៅខេត្តព្រះសីហនុ មានតែចៅហ្វាយក្រុង និងអភិបាលខេត្តដឹងច្បាស់

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថាចៅហ្វាយក្រុង និងអភិបាលខេត្តព្រះសីហនុ បានក្លាយជាផ្ទាំងស៊ីបយ៉ាងចាស់ដៃ ពីមជ្ឈដ្ឋានប្រជាជន មន្ត្រីរាជការ នៅក្នុងខេត្តមួយនេះ ពាក់ព័ន្ធទៅនឹង ករណីបញ្ហាសំរាម គរពាសវាលពាសកាល និងហូរអណ្តែតតាមទឹកធ្វើឲ្យបាត់បង់សោភណ្ឌភាពនៃខេត្តតំបន់ ទេសចរណ៍ឆ្នេរសមុទ្រដ៏ល្បីល្បាញរបស់កម្ពុជា ។ ដោយឡែកបណ្តាញសង្គមហ្វេសប៊ុក ក៏បានរិះដោយមិន សំចៃមាត់ ទៅលើចៅហ្វាយក្រុង និងអភិបាលខេត្តព្រះសីហនុថា គ្មានភាពទទួលខុសត្រូវ ក្នុងនាមជាអាជ្ញាធរ សមត្ថកិច្ចដែនដី មិនត្រឹមតែសំរាម ឆ្អេះឆ្អាប មានគំនរពាសវាលពាសកាលក្នុងក្រុងប៉ុណ្ណោះទេ កាកសំណល់ មួយចំនួនទៀតបានគរនៅតាមឆ្នេរខ្សាច់នាមាត់សមុទ្រ ធ្វើឲ្យតំបន់ទេសចរណ៍កម្សាន្ត ក្លាយទៅជាគំនរសំរាម ហើយទាំងទេសចរណ៍ជាតិ និងអន្តរជាតិខកចិត្ត ខកបំណងរបស់ខ្លួនមកកម្សាន្ត រហូតដល់ពលរដ្ឋមួយចុំំនួន ទៀតធ្លោយនូវពាក្យថា តំបន់ទេសចរណ៍ខេត្តព្រះសីហនុដ៏ល្អរបស់ខ្ញុំ….បច្ចុប្បន្នអ្នកទៅណាអស់ហើយ!!! ។

ប្រជាពលរដ្ឋ មន្ត្រីរាជការតាមមន្ទីរជុំវិញខេត្ត ទទួលស្គាល់ថាទាំងចៅហ្វាយក្រុង និងអភិបាលខេត្តព្រះសីហនុ អសមត្ថភាពក្នុងការដឹកនាំ គ្រាន់តែរឿងតូចតាច សំរាមស្អុយពេញក្រុងដោះស្រាយមិនចេញ ធ្វើមិនកើត បាក់ មុខបាក់មាត់ ក្នុងនាមជាថ្នាក់ដឹកនាំ និងធ្វើឲ្យខេត្តមួយនេះរងនូវការរិះគន់ជាបន្តបន្ទាប់ ចំពោះភាពគគ្រិច នេះ ជាដើម….។

មន្ត្រីខ្លះបានធ្លោយថា បញ្ហាសំរាមនរណាក៏ដឹងដែរថា អាចពាក់ព័ន្ធទៅនឹងបញ្ហាផលប្រយោជន៍រវាងក្រុមហ៊ុន ដឹកជញ្ជូនសំរាមជាមួយអាជ្ញាធរក្រុងនិងខេត្ត ឬមានភាគហ៊ុនទើបបញ្ហាធ្វេសប្រហែសនេះ កន្ទេលធំបន្លំដេក ចង់មានអ្នករិះគន់ប៉ុន្មានលាននាក់ទៀត ក៏ចៅហ្វាយក្រុង និងចៅហ្វាយខេត្តមិនឈឺក្បាលវិលមុខ ។

នៅលើបណ្តាញហ្វេសប៊ុកមួយឈ្មោះ Meas Saborn សង្ស័យជាអ្នកដែលបានដឹងរឿងបញ្ហាដឹកសំរាមនេះ បានបញ្ជាក់ប្រាប់សាធារណៈអំពី ភាពមិនប្រក្រតីរបស់អភិបាលខេត្តព្រះសីហនុលោក យន្ត មីន និង លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ ជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ មានភាគហ៊ុនជាមួយក្រុមហ៊ុនសំរាម ដែល ទើបនឹងដាក់វិនិយោគថ្មីៗនេះ។ ម្ចាស់គណនីបានបញ្ជាក់យ៉ាងលម្អិតថា ៖ សំរាមកើនទៅតាមមនុស្ស ដូច្នេះ មធ្យោបាយប្រមូលសំរាម ត្រូវតែកើនឡើងដែរ ប៉ុន្តែខេត្តព្រះសីហនុ ដោយសារតែកំហឹងផ្ទាល់ខ្លួន លោកចៅ ហ្វាយខេត្តបែរជាដកក្រុមហ៊ុនប្រមូលសំរាម ដែលមានរថយន្ត៥០គ្រឿង និងកម្មករច្រើននាក់ ហើយមកយក ក្រុមហ៊ុនដែលមានភាគហ៊ុន លោកចៅហ្វាយខេត្ត និងលោកចៅហ្វាយក្រុងវិញម្តង និងមានរថយន្តត្រឹម១៧ គ្រឿង កម្មករក៏តិច ហើយតម្លៃ១គុណនិង១០ ខ្ពស់ជាងក្រុមហ៊ុនមុន ។ ហេតុនេះហើយទើបធ្វើឲ្យរាស្ត្រនៅ ខេត្តព្រះសីហនុខឹងសម្បា ។ ដូច្នេះសំរាមគរពេញក្រុង វាមិនចម្លែកទេ គឺវាសមមុខចៅហ្វាយខេត្តនេះហើយ ។

ជាក់ស្តែង ពេលរដូវភ្លៀងធ្លាក់មជ្ឈដ្ឋានរបស់ប្រជាពលរដ្ឋ បានផ្តិតរូបពីសកម្មភាពសំរាមគរពាសវាលពាស កាលពេញក្រុង ក៏ដូចជាហូរតាមទឹក កាត់ផ្លូវសាធារណៈ និងការបោះចោលទៅតាមទឹកហូរពីលំនៅឋានពលរដ្ឋ ទីតាំងធ្វើអាជីវកម្មរបស់អាជីវករ សកម្មភាពជនជាតិចិនបោះសំរាមចោលតាមទឹក សុទ្ធតែជាសកម្មភាពដ៏គួរ ឲ្យស្អប់ខ្ពើមបំផុត ។ ក្នុងនោះសូម្បីតែចៅហ្វាយក្រុង និងអភិបាលខេត្តនេះតែម្តង ធ្វើមើលមិនឃើញ ខ្វះការ ទទួលខុសត្រូវ កាន់តែធ្វើឲ្យមុខមាត់នៃខេត្តតំបន់ទេសចរណ៍ឆ្នេរសមុទ្រមួយនេះត្រូវបានអាប់ឱន ។

ពាក់ព័ន្ធករណីនេះ អង្គភាពនគរវត្ត មិនអាចទាក់ទងសុំការបំភ្លឺបានទេ ពីលោក អ៊ី សុខឡេង អភិបាលនៃគណៈ អភិបាលក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨ ដោយទូរស័ព្ទចូលគ្មានអ្នកទទួល ។ ដោយឡែក លោក យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ជាមួយនឹងការរិះគន់ថា លោក នឹងអភិបាលក្រុង មានភាគហ៊ុនជាមួយក្រុមហ៊ុនប្រមូលសំរាមថ្មី គាត់បានបដិសេធ និងធានាថាមិនមានរឿងបែបនេះទេ ។ តាម ទូរស័ព្ទជាមួយអង្គភាពនគរវត្ត លោក យន្ត មីន បានបញ្ជាក់យ៉ាងដូច្នេះថា ខ្ញុំសូមនិយាយដោយត្រង់ ក្នុងនាមជា អ្នកកាន់ព្រះពុទ្ធសាសនាទៀងត្រង់ គឺខ្ញុំនឹងលោកអភិបាលក្រុង គេបានចោទរឿងនេះថាមានភាគហ៊ុនជាមួយ ក្រុមហ៊ុនសំរាម តែការណ៍ពិត ខ្ញុំធានាថា ទាំងអភិបាលក្រុង ហើយនិងខ្ញុំផ្ទាល់មិនបានពាក់ព័ន្ធរកស៊ី ឬមានភាគ ហ៊ុនជាមួយក្រុមហ៊ុននោះទេ ។

លោកអភិបាលខេត្តបន្តថា តាមពិតទៅ គេបានរិះគន់ធ្វើបាបខ្ញុំច្រើន ចេះតែបង្កើតឲ្យមានបញ្ហាមិនចេះចប់ សម្រាប់ខ្ញុំ ខ្ញុំមិនបានធ្វើដូចអ្វីដែលត្រូវបានគេរិះគន់ទេ ហើយក៏សូមបញ្ជាក់លម្អិតផងដែរ រឿងសំរាមនេះទាំងខ្ញុំ និងចៅហ្វាយក្រុងប្រឹងប្រែងណាស់ឲ្យអស់ពីសមត្ថភាព ។

ពាក់ព័ន្ធនឹងការរិះគន់ធ្ងន់ៗនៃអំពើពុករលួយរវាងក្រុមហ៊ុនសំរាម និងចៅហ្វាយក្រុង ចៅហ្វាយខេត្តព្រះសីហនុ ថាមានភាគហ៊ុនជាមួយក្រុមហ៊ុនប្រមូលសំរាមថ្មី រហូតដល់គេបញ្ជាក់ថា ក្រុមហ៊ុនប្រមូលសំរាមចាស់មានរថ យន្ត៥០គ្រឿង ហើយក្រុមហ៊ុនថ្មីមានរថយន្ត១៧គ្រឿងនោះ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ហាក់ មិនបានធ្វើការបកស្រាយ ទើបគេដាក់ភាពសង្ស័យថា បញ្ហាសំរាមគររហូតបាត់បង់សោភណ្ឌភាពក្រុង អាច នឹងពាក់ព័ន្ធជាមួយចៅហ្វាយក្រុង ចៅហ្វាយខេត្តព្រះសីហនុ នេះក៏ថាបាន ។

មន្ត្រីរាជការមួយចំនួនបានរិះគន់ថា តំបន់ទេសចរណ៍ខេត្តព្រះសីហនុ បច្ចុប្បន្នមានពលរដ្ឋរស់នៅច្រើន អ្នកវិនិ យោគកើនជាងមុន ។ ក្នុងនោះជនជាតិចិនបើកអាជីវកម្ម ស្ទើរពេញក្នុងខេត្ត ដូច្នេះកំណើនសំរាមច្រើនលើស សព្វមួយដង ហើយអាជ្ញាធរក៏មានវិធានការតម្រូវឲ្យក្រុមហ៊ុនសំរាម ទទួលខុសត្រូវចំពោះការកើនឡើងនេះ ដែរ ។ ផ្ទុយទៅវិញ មិនគួរណាសោះ សំរាមកាន់តែច្រើន ដកក្រុមហ៊ុនប្រមូលសំរាមដែលមានរថយន្តមាន មធ្យោបាយច្រើន កម្មករច្រើន ហើយដាក់ក្រុមហ៊ុនថ្មីមានរថយន្តតិច កម្មករខ្វះមុខក្រោយ តើក្រុមហ៊ុនមួយនេះ អាចដោះស្រាយ ឬទទួលខុសត្រូវដឹកជញ្ជូនសំរាមទាំងនោះបានទាន់ពេលវេលា គ្រប់ទីកន្លែងបានទេ?

ពួកគាត់បន្តថា ទាំងចៅហ្វាយក្រុង ចៅហ្វាយខេត្តព្រះសីហនុ មិនសូវជាឈឺក្បាលវិលមុខ ក្នុងដែនសមត្ថកិច្ច គ្រប់គ្រងរបស់ខ្លួននោះទេ មិនត្រឹមតែបញ្ហាសំរាមពួកគាត់ដោះស្រាយមិនចេញ? ក្នុងនោះសូម្បីតែក្លិបកម្សាន្ត ជាច្រើនកន្លែងក្លាយជាទីតាំងប្រើប្រាស់ថ្នាំញៀន ទីតាំងទេសចរណ៍ផ្លូវភេទ ក៏ដូចជាប្រមូលផ្តុំក្រុមសង្គមងងិត ដែលត្រូវបានសមត្ថកិច្ចបង្ក្រាបក្នុងបទល្មើសជាក់ស្តែងញឹកញាប់ ។ ប្រជាពលរដ្ឋ បុគ្គលិក មន្ត្រីរាជការជុំវិញ ខេត្ត សំណូមពរឲ្យថ្នាក់លើមេត្តាពិនិត្យនូវបាតុភាពដែលកើតមានមិនចេះចប់ ក្នុងក្រុង-ខេត្តព្រះសីហនុនេះផង ហើយសមត្ថភាពចៅហ្វាយក្រុង ចៅហ្វាយខេត្តព្រះសីហនុធ្វើការដឹកនាំត្រឹមកម្រិតខ្វះការទទួលខុសត្រូវ ទើប រងនូវការរិះគន់ និងកើតមានជាបន្តបន្ទាប់ទាំងបញ្ហាដីធ្លី សំណង់ បរិស្ថាន សន្តិសុខ ទេសចរណ៍ ។ និយាយរួម ទាំងចៅហ្វាយក្រុង ចៅហ្វាយខេត្តព្រះសីហនុគ្រប់គ្រងមិនបាន ៕ សុខ ខេមរា


ចែករំលែក៖