ភ្នំពេញ ៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដែលបង្កដោយរថយន្តកុងតឺន័រមួយគ្រឿង បើកជែងខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុកជាមួយរថយន្តកុងតឺន័រ ក្រុមហ៊ុនផែស្ងួត ចំកង់រថយន្តផ្នែកខាងក្រោយ ផ្ទុះលាន់ឮដូចរន្ទះ ហើយរថយន្តរេចង្កូតធ្លាក់ចេញពីផ្លូវបេតុង ជ្រុលចូលក្នុងប្រឡាយទឹក បោកក្បាលផ្ទប់នឹងភ្លឺប្រឡាយ បណ្ដាលឲ្យខូចខាតខ្ទេចស្ទើរទាំងស្រុង តែ មិនបណ្ដាលឲ្យមានមនុស្សរងរបួសនោះទេ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីព្រឹក ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវបេតុង(៥០ម៉ែត្រ) ត្រង់ចំណុចផ្លូវកោង ស្ថិតក្នុងភូមិអន្លង់គងចាស់ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
យោងតាមសម្ដីប្រជាបលរដ្ឋដែលឃើញហេតុការណ៍ ខាងលើនេះបានរៀបរាប់ប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ រថយន្តកុងតឺន័រមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 4A-4769 ដឹកទូកុងតឺន័រក្រុមហ៊ុន Seaco Company ធ្វើដំណើរក្នុងល្បឿនយ៉ាងលឿន ទិសដៅពីលិចទៅកើត តាមបណ្ដោយផ្លូវបេតុង៥០ម៉ែត្រ (ដោយសារផ្លូវម្ខាងកំពុងស្ថាបនា ទើបបើកឲ្យធ្វើចរាចរលើផ្លូវតែម្ខាងសិន) លុះពេលធ្វើដំណើរមកដល់ចំណុចផ្លូវកោង ដែលជាកន្លែងកើតហេតុ ស្រាប់តែបានបន្ថែមល្បឿន ជែងខ្វះការប្រុងប្រយ័ត្ន ចូលគន្លងចរាចរណ៍ម្ខាងទៀត ស្របពេលដែលមានរថយន្តកុងតឺន័រមួយគ្រឿងទៀត ម៉ាក NISSAN DIESEL ក្បាលពណ៌បែតង ពាក់ស្លាកលេខភ្នំពេញ 3B-5458 ជារបស់ក្រុមហ៊ុនផែស្ងួត បើកមកពីមុខក្នុងដៅបញ្ច្រាសទិសចរាចរណ៍គ្នា ក៏ជ្រុលទៅបុកចំកាង និងកង់ផ្នែករថយន្តកុងទីន័រ ក្រុមហ៊ុនផែស្ងួត តេងឡាយ ផ្ទុះកង់លាន់ឮដូចរន្ទះ បណ្តាលឲ្យរថយន្តកុងតឺន័រក្រុមហ៊ុន Seaco Company រេចង្កូតធ្លាក់ចេញពីផ្លូវបេតុង ចូលក្នុងប្រឡាយទឹក បោកក្បាលរថយន្តផ្ទប់នឹងភ្លឺប្រឡាយ ខូចខាតផ្នែកខាងមុខខ្ទេចស្ទើរទាំងស្រុង តែសំណាងល្អ មិនបណ្ដាលឲ្យមានមនុស្សរងរបួសនោះទេ។ ចំណែករថយន្តកុងទីន័រផែស្ងួតតេងឡាយ ខូចខាតផ្នែកខាងមុខយ៉ាងដំណំ បើកទៅមុខប្រហែល៥០ម៉ែត្រ ដើម្បីរកកន្លែងអែបបាន ព្រោះខ្លាចស្ទះចរាចរណ៍ ។ ភ្លាមនោះអ្នកបើកបរថយន្តបង្ក ក៏បានចុះពីលើរថយន្ត មកចរចាគ្នាជាមួយរថយន្តរងគ្រោះផងដែរ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកជួយសម្រួលចរាចរណ៍ ដើម្បីកាត់បន្ថយការកកស្ទះ និងឲ្យភាគីទាំងសងខាងចរចាគ្នាមួយជំហានសិន បើសិនជាដោះស្រាយមិនត្រូវគ្នាទេ សមត្ថកិច្ច នឹងរាយការណ៍ប្រាប់សមត្ថកិច្ចជំនាញឲ្យចុះមកវាស់វែងបន្តទៀត៕ ភារ៉ា ដង្កោ