ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូបុកគូទរថយន្តរបួសធ្ងន់២នាក់នៅក្បាលកោះ

ចែករំលែក៖

ភ្នំពេញ ៖ បុរស២នាក់រងរបួសធ្ងន់ បាក់ដៃនិងបាក់ជើង សន្លប់ស្តូក បន្ទាប់ពីជិះម៉ូតូលឿនជ្រុល ទៅបុកគូទរថយន្តកំពុងបត់ឆ្លងផ្លូវ កាលពីវេលាម៉ោង១២និង១០នាទី ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវជាតិលេខ១ ភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។

ជនរងគ្រោះជិះម៉ូតូម៉ាកហុងដា សេ១២៥ សេរី២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1H-5272 ជិះឌុបគ្នា២នាក់ រងរបួសធ្ងន់ទាំង២នាក់ ។ ចំណែករថយន្ត ម៉ាក MITSUBISI ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2AM-0629 បើកបរដោយបុរសម្នាក់ មានទីលំនៅ ក្បែរកន្លែងកើតហេតុ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនចូលប៉ុស្តិ៍ក្បាលកោះ ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ រថយន្តបើកតាមបណ្តោយផ្លូវជាតិលេខ១ ពីកើតទៅលិច លុះដល់ចំណុចកើតហេតុ រថយន្តបត់ឆ្លងផ្លូវ បំណង់ចូលផ្ទះ មិនទាន់ផុតផង ត្រូវបានជនរងគ្រោះជិះម៉ូតូឌុបគ្នាបើកបរក្នុងល្បឿនលឿនពីកើតទៅលិច ហ្វ្រាំងមិនទាន់ជ្រុលទៅបុកគូទរថយន្ត បណ្តាលឲ្យរងរបួសធ្ងន់ទាំង២នាក់ អ្នកបើកបររថយន្ត ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន ។

ក្រោយកើតហេតុ ជនរងគ្រោះទាំង២នាក់ត្រូវបានសមត្ថកិច្ច ហៅរថយន្តសង្រ្គោះដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកច្បារអំពៅ ចំណែករថយន្ត ខ្ទេចគូទក្រោយ និងម៉ូតូ រងខូចខាតខ្ទេច ត្រូវបាន ជំនាញវាស់វែងរួច យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅដើម្បីរង់ចាំដោះស្រាយពេលក្រោយ ៕ សណ្តោស


ចែករំលែក៖