ខេត្តសៀមរាប៖ ប្រភពព័ត៌ពីមន្ត្រីមន្ទីរកសិកម្មខេត្តសៀមរាបបានខ្សឹបប្រាប់ថា បច្ចុប្បន្នលោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប និងមន្ត្រីរដ្ឋបាលព្រៃឈើប្រចាំស្រុកស្វាយលើ ស្រុកសូទ្រនិគម ស្រុកប្រាសាទបាគង និងស្រុកជីក្រែង មិនចាត់វិធានការបង្ក្រាបបទល្មើសដឹកជញ្ជូនឈើខុសច្បាប់ដែលកំពុងកើតឡើងយ៉ាងរាលដាលនោះទេ គឺគិតតែប្រមូលលុយពីក្រុមឈ្មួញដឹកជញ្ជូនឈើខុសច្បាប់យកទៅចែកគ្នាធ្វើមានធ្វើបានយ៉ាងសុខស្រួល ហើយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់ ។
ប្រភពបានឲ្យដឹងទៀតថា ការដែលលោក ម៉ុង ប៊ុនលីម និងបក្ខពួកឃុបឃិតគ្នាធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានការឃុបឃិតបើកដៃពីសំណាក់លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប ដែលល្បីល្បាញខាងពុករលួយ ។
តាមប្រភពពីសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តសៀមរាប បានឲ្យដឹងថា កន្លងមកការបង្ក្រាបក្រុមឈ្មួញដឹកជញ្ជូនឈើខុសច្បាប់នៅក្នុងខេត្តសៀមរាប ភាគច្រើនជាចំណាត់ការបស់សមត្ថកិច្ចនគរបាល និងសមត្ថកិច្ច កងកម្លាំងកងរាជអាវុធហត្ថ ចំណែកមន្ត្រីរដ្ឋបាលព្រៃឈើមិនដែលបង្ក្រាបក្រុមឈ្មួញដឹកជញ្ជូនឈើខុសច្បាប់នោះទេ ។
ជាក់ស្ដែងកាលពីខែ កញ្ញា ឆ្នាំ ២០១៨ កន្លងទៅនេះ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគមបានបន្តចេញ បង្ក្រាបរថយន្ដដឹកឈើល្មើសច្បាប់ដែលបានដាក់បង្កប់ក្រោមបាវអង្កាម នៅត្រង់ចំណុចផ្លូវលេខ៦៤ខាងជើងផ្សារដំដែក ស្ថិតក្នុងភូមិអូរលុះ ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។ ក្រោយការបង្ក្រាបរថយន្ដល្មើសត្រួតពិនិត្យ រកឃើញផ្ទុកឈើប្រភេទចម្រុះគ្មានច្បាប់ចំនួន៣០.៦៣៥ម៉ែត្រត្រីគុណ (សាមសិបម៉ែត្រត្រីគុណប្រាំមួយរយសាមសិបប្រាំ)ដោយមានការចង្អុលបង្ហាញពីលោកស្នងការរងជាប្រធានផែនការងារប្រឆាំងបទល្មើស ឲ្យប្រគល់ជូនទៅខាងជំនាញរដ្ឋបាលព្រៃឈើយកទៅរក្សាទុក និងចាត់ការតាមនីតិវិធីនៃច្បាប់ព្រៃឈើបន្ត។
បច្ចុប្បន្នលោក ទា គឹមសុទ្ធ និងលោក ម៉ុង ប៊ុនលីម មិនចាត់វិធានការបង្ក្រាបបទល្មើសព្រៃឈើចាត់ទុកបទល្មើសព្រៃឈើជាប្រភពចំណូលដ៏សំខាន់របស់ពួកគេ ។ ប្រភពបានឲ្យដឹងទៀតថា ឈ្មួញដឹកជញ្ជូនឈើតាមរថយន្តធុនធំចូលមកចែកចាយតាមដេប៉ូក្នុងក្រុងសៀមរាប ឬដឹកជញ្ជូនឈើឆ្លងកាត់ខេត្តសៀមរាប ត្រូវមានទំនាក់ទំនងជាមួយលោក ទា គឹមសុទ្ធ និងលោក ម៉ុង ប៊ុនលីម ទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។
លោក ទាគឹមសុទ្ធ ធ្លាប់ប្រាប់ក្នុងកិច្ចសម្ភាសថា លោកនិងចាត់វិធានការឲ្យអស់ មិនឲ្យកើតមានបទល្មើសនោះទេ តែឥឡូវក្លាយជាពាក្យកុហក ឆ្លើយយករួចខ្លួន និងឆ្លើយឲ្យផុតតែពីមាត់ តែប៉ណ្ណោះ ៕ ប៊ុនរិទ្ធី