ពានរង្វាន់ណូបែលសន្តិភាព ឆ្នាំ២០១៨ បានរកឃើញម្ចាស់ហើយ ដោយមិនមែនជាប្រធានាធិបតីកូរ៉េខាងត្បូង ឬមេដឹកនាំ កូរ៉េខាងជើងនោះឡើយ ដោយសារស្ថានភាពនៅឧបទ្វីបកូរ៉េមិនទាន់ទទួលបាន សន្តិភាពពេញលេញនៅឡើយ ។ ណូបែល សន្តិភាព ឆ្នាំ ២០១៨ បានទៅលើស្ត្រី ដែលជាសកម្មជនប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាផ្លូវភេទ ។
នៅពេលនេះគណៈកម្មាធិការពានរង្វាន់ណូបែល ទើបតែបានសម្រេចប្រគល់ពាន រង្វាន់ណូបែលសន្តិភាពជូនទៅបុគ្គល២រូបដែលអ្នកទាំង២ សុទ្ធតែបានបូជាកម្លាំង កាយចិត្ត ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាផ្លូវភេទ និងការជួញដូរ ផ្លូវភេទទៅលើស្ត្រី។ បុគ្គលទីមួយ មាន ឈ្មោះថា ណាដ្យ៉ា មូរ៉ាដ ជាស្ត្រីជនជាតិ យ៉ាហ្ស៊ីឌី ហើយដែលធ្លាប់រងគ្រោះក្លាយជាទាសករផ្លូវភេទរបស់ក្រុមជីហាដអង្គការរដ្ឋអ៊ិស្លាម នៅស៊ីរី។ ចំណែកបុគ្គលទី២ គឺលោកវេជ្ជបណ្ឌិត ដេនី ម៉ាក្វេហ្គឺ។ លោក គឺជាវេជ្ជបណ្ឌិតរោគស្រ្តី នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។ អស់រយៈពេល ២០ឆ្នាំមកហើយ ដែលលោកវិជ្ជបណ្ឌិត បានព្យាយាមជួយសង្រ្គោះ ព្យាបាល និង ការពារស្ត្រីជនជាតិកុងហ្គោ ដែលរងគ្រោះដោយការធ្វើទារុណកម្មផ្លូវភេទ មិនតិច ជាង៥ម៉ឺននាក់ទេ។
ឆ្នាំនេះ សម្រាប់ពានរង្វាន់ណូបែល សន្តិភាព គឺមានបេក្ខភាពច្រើនណាស់ រហូតដល់ទៅ៣៣១បេក្ខភាព មានទាំង ជាបុគ្គលឯកជន និងស្ថាប័នអង្គការនានា។ មានការប៉ាន់ស្មានជាច្រើនថា មេដឹកនាំ កូរ៉េទាំង២ អាចបានទទួលពានរង្វាន់ឆ្នាំនេះ បន្ទាប់ពីប្រទេសទាំងពីរបានខិតខំ ចាប់ដៃ គ្នាកសាងសន្តិភាពឡើងវិញ។
ក៏ប៉ុន្តែទីបំផុត លទ្ធផលដឹងហើយ គឺសមាជិកទាំង៥រូប នៃគណៈកម្មាធិការ ពានរង្វាន់ណូបែល បានសម្រេច ប្រគល់ពានរង្វាន់ណូបែលសន្តិភាពឆ្នាំ២០១៨ ជូនទៅបុគ្គល២រូបព្រមគ្នា ដែលអ្នកទាំង ២នេះ សុទ្ធតែបានធ្វើសកម្មភាពការងារ ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាផ្លូវភេទ លើស្ត្រី។
បុគ្គលទីមួយ គឺជាអតីតជនរងគ្រោះ នៃអំពើហិង្សាផ្លូវភេទនេះផ្ទាល់តែម្តង ដែល នាងមានឈ្មោះថា ណាដ្យ៉ា មូរ៉ាដ ដែលធ្លាប់ត្រូវបានក្រុមជីហាដអង្គការរដ្ឋអ៊ិស្លាម ចាប់ យកទៅធ្វើជាទាសករផ្លូវភេទ។ ចំណែក បុគ្គលទី២ គឺលោក ដេនី ម៉ាក្វេហ្គឺ ដែល លោកជាវេជ្ជបណ្ឌិតរោគស្ត្រី ហើយដែលបានលះបង់បូជាកម្លាំងកាយចិត្ត អស់រយៈ ពេល២០ឆ្នាំមកហើយ ដើម្បីព្យាបាល និង ការពារស្ត្រីជនជាតិកុងហ្គោ ដែលបានរង ទារុណកម្ម ដោយអំពើហិង្សាផ្លូវភេទ។
អំពីប្រវត្តិរបស់ម្ចាស់ពានរង្វាន់ណូបែលទាំងពីរ
នាង ណាដ្យ៉ា មូរ៉ា មានអាយុ២៥ឆ្នាំ នាងគឺជាជនជាតិ យ៉ាហ្ស៊ីឌី ដែលជាសហគមន៍ជនជាតិភាគតិចមួយរស់នៅភាគ ពាយ័ព្យអុីរ៉ាក់ក្បែរព្រំដែនស៊ីរី និងទួរគី។ កាលពីខែសីហា ឆ្នាំ២០១៤ នៅពេល ដែលក្រុមជីហាដអង្គការរដ្ឋអ៊ិស្លាម បាន វាយដណ្តើមបានភូមិ កូឆូ ក្បែរតំបន់ភ្នំស៊ីន ចា ដែលជាភូមិនាងរស់នៅ ក្រុមគ្រួសារ នាងប្រមាណ១៨នាក់ ក៏ដូចជាមនុស្សរាប់ពាន់នាក់ទៀតក្នុងភូមិ ត្រូវបានក្រុមជីហាដ សម្លាប់ចោល។ ចំណែករូបនាង ព្រមទាំង ស្ត្រីវ័យក្មេងៗឯទៀត ត្រូវបានក្រុមជីហាដ កេណ្ឌយកទៅតំបន់មូស៊ូល ដែលជាទីតាំង ធំរបស់ពួកគេ ដើម្បីយកទៅចែកចាយឲ្យ ពួកជីហាដ ធ្វើជាទាសករផ្លូវភេទ។
នៅម៉ូស៊ូល នាងត្រូវបានក្រុមជីហាដ លក់បន្តឲ្យគ្នាវាពីមួយទៅមួយ។ ៣ខែ ក្រោយមក នាងបានរត់គេចខ្លួនបានសម្រេចដោយមានជំនួយពីក្រុមគ្រួសារមួយ។ បន្ទាប់មកនាងបានរត់ភៀសខ្លួនមកដល់ អឺរ៉ុប ដោយបានទទួលសិទ្ធិជ្រកកោននៅប្រទេសអាល្លឺម៉ង់។ ក្រោយពីមកដល់អឺរ៉ុប នាងបានផ្តល់បទសម្ភាសន៍ តាមបណ្តាញ ទូរទស្សន៍ និងបណ្តាញព័ត៌មានជាច្រើន ស្តីពីសកម្មភាពព្រៃផ្សៃ ដែលពួកជីហាដ អង្គការរដ្ឋអ៊ិស្លាម បានធ្វើទៅលើរូបនាង ក៏ដូចជាស្ត្រីក្មេងៗ ដែលពួកវាចាប់យកទៅធ្វើជាទាសករផ្លូវភេទ។
ទារុណកម្មលើរាងកាយ ការរំលោភ សេពសន្ថវៈ ជារៀងរាល់ថ្ងៃ បានបំផ្លាញ កិត្តិយស និងភាពជាមនុស្សរបស់ស្ត្រីរងគ្រោះទាំងនោះ ដែលក្នុងនោះមានរូបនាង ផ្ទាល់។ ពេលមកដល់អាល្លឺម៉ង់ នាងបានធ្វើសកម្មភាពជាច្រើនដើម្បីអំពាវនាវឲ្យមានការទទួលស្គាល់អំពីអំពើប្រល័យពូជសាសន៍ ប្រព្រឹត្តដោយក្រុមជីហាដអង្គការរដ្ឋអ៊ិស្លាម ទៅលើជនជាតិយ៉ាហ្សុីឌី ប្រមាណ ១២.០០០នាក់។
នៅខែធ្នូ ឆ្នាំ២០១៥ នាងត្រូវបានអង្គ ការសហប្រជាជាតិ អញ្ជើញឲ្យទៅថ្លែង សុន្ទរកថា នៅអង្គមហាសន្និបាត ដែលក្នុង ពេលនោះ លោក បាន គីមូន បានទាំង សារភាពថា លោកបានស្រក់ទឹកភ្នែកនៅពេលបានស្តាប់ប្រវតិ្តរឿងរ៉ាវ ព្រមទាំងបានឃើញអំពីការតាំងចិត្តមុតមាំរបស់នាងក្នុងការស្វែងរកយុត្តិធម៌ឲ្យដល់ស្ត្រីរងគ្រោះ ដោយអំពើហិង្សាផ្លូវភេទ។
លោកដេនី ម៉ាក្វេហ្គឺ គ្រូពេទ្យទេវតាជួយស្ត្រីរងគ្រោះដែលរងទារុណកម្មផ្លូវភេទ
តាមពិតទៅ លោក ដេនី ម៉ាក្វេហ្គឺ ធ្លាប់ត្រូវបានគេស្នើជាបេក្ខភាពពានរង្វាន់ណូបែលសន្តិភាពនេះ ច្រើនដងមកហើយ។ សកម្មភាពការងារ ការតស៊ូដើម្បីបុព្វហេតុស្ត្រីរបស់លោកវេជ្ជបណ្ឌិតរូបនេះ គឺបាន ចាប់ផ្តើមនៅឆ្នាំ១៩៩៩ នៅពេលដែលលោកបានស្ថាបនានិងដឹកនាំមន្ទីរពេទ្យ មួយឈ្មោះ Panza ក្នុងតំបន់Bukavu ភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។
លោក ដេនី ម៉ាក្វេហ្គឺ បច្ចុប្បន្នដែលមាន វ័យ៦៣ឆ្នាំ បានរៀនមុខវិជ្ជាពេទ្យ ជំនាញ រោគស្ត្រីនេះ នៅប្រទេសបារាំង។ លោក បាននិយាយថា នៅបារាំង លោកមិនដែល ឃើញស្ត្រីបានស្លាប់ ក្នុងពេលសម្រាល កូនទេ តែនៅក្នុងប្រទេសលោកវិញ គឺស្ត្រីច្រើនណាស់ ដែលប្រឈមមុខនឹងគ្រោះថ្នាក់ដល់ជីវិតនៅពេលសម្រាលកូន។ ហេតុដូច្នេះហើយបានជាលោក សម្រេចចិត្តត្រលប់ទៅខេត្តKivu ដែល ជាស្រុកកំណើតរបស់លោក ដើម្បីជួយ ស្ត្រីនៅទីនោះ។ ដំបូងឡើយ លោកថា លោកគ្រាន់តែចង់ព្យាបាលសុខភាពស្ត្រី និងធ្វើជាឆ្មបសម្រាលកូនតែប៉ុណ្ណោះ តែ អ្នកជំងឺដំបូងរបស់លោក បានធ្វើឲ្យលោក ភ្ញាក់ព្រើត ដោយអ្នកជំងឺនោះមានស្លាកស្នាមរបួសនៅលើប្រដាប់ភេទយ៉ាងធ្ងន់ធ្ងរ និងមានស្នាមគ្រាប់កាំភ្លើង ស្នាមទារុណកម្ម ផ្សេងៗ ពាសពេញខ្លួន។
មិនដល់ប៉ុន្មានខែក្រោយផង លោក បានសង្កេតឃើញករណីស្រដៀងគ្នានេះ លើអ្នកជំងឺជាស្ត្រីអាយុ៤៥ឆ្នាំម្នាក់ផ្សេងទៀត។ នេះហើយ ដែលជាចំណុចចាប់ផ្តើម នៃយុទ្ធនាការតស៊ូរបស់លោក ដើម្បីការ ពារ សង្រ្គោះជួយដល់ស្ត្រីដែលរងទារុណ កម្មផ្លូវភេទ។ បើគិតមកត្រឹមពេលនេះ មានស្ត្រីមិនតិចជាង៥ម៉ឺននាក់ទេ ដែល លោកបានជួយសង្រ្គោះ។ លោកបានលើក ឡើងថា ប្រទេសកុងហ្គោ មានសង្រ្គាមរ៉ាំរ៉ៃ ជាប្រចាំ។ ស្ត្រីបានក្លាយជាជនរងគ្រោះ ព្រោះពួកកម្លាំងប្រដាប់អាវុធដែលវាយ ប្រយុទ្ធគ្នាបានយកស្រ្តីធ្វើជាអាវុធ ដើម្បីធ្វើ សង្រ្គាម វាយប្រហារភាគីម្ខាងទៀត។ ការកេណ្ឌយកស្ត្រី ទៅធ្វើជាទាសករផ្លូវភេទបានក្លាយទៅជារឿងសាមញ្ញ សម្រាប់ក្រុមឧទ្ទាមទ័ពព្រៃទាំងនោះ។
ហេតុដូច្នេះហើយ បានជាលោក បាន ធ្វើសកម្មភាពជាច្រើន ជាមួយអង្គការអន្តរ ជាតិផ្សេងៗ ដើម្បីបំផុសបំផុលឲ្យមតិ សាធារណៈ និងមតិអន្តរជាតិបានដឹង និងចូលរួមជួយឈឺឆ្អាល ដល់ស្ត្រីដែល រងគ្រោះ។ យុទ្ធនាការ ផ្សព្វផ្សាយនិងការអំពាវនាវស្វែងរកយុត្តិធម៌ បានធ្វើឲ្យលោក ត្រូវបានគេប៉ុនប៉ងធ្វើឃាតជាច្រើនលើក ផងដែរ។
នៅឆ្នាំ២០១៣ លោកបានទទួលពាន រង្វាន់របស់ មូលនិធិChirac ក្នុងនាមការងារ ការបូជាកម្លាំងកាយចិត្តរបស់លោក ដើម្បីជួយស្ត្រីដែលរងគ្រោះដោយអំពើហិង្សាផ្លូវភេទ ហើយនៅឆ្នាំ២០១៤ លោកក៏ត្រូវបាន សភាអឺរ៉ុប ប្រគល់ពានរង្វាន់ Sakharov ជូនដែរ ដើម្បីជាការតបស្នងដល់ស្នាដៃ និងការតស៊ូរបស់លោក ដើម្បីបុព្វហេតុស្ត្រី នេះ៕ ម៉ែវ សាធី