ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូលឿន បុកទ្រុងរទេះគោយន្តពីក្រោយ របួសធ្ងន់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ក្មេងស្ទាវម្នាក់ បើកម៉ូតូលឿនហើយគ្មានពាក់មួកសុវត្ថិភាព សង្ស័យផឹកស្រាស្រវឹងធ្លាក់ភ្នែក មើលមិនឃើញគោយន្ត បើកនៅខាងមុខ បានជ្រុលបុកទ្រុងពីក្រោយ បណ្តាលឲ្យរបួសធ្ងន់សន្លប់ស្តូក ។

គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតោឡើងនៅម៉ោង៦ និង១០នាទីយប់ ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៤៤ ស្ថិតក្នុងភូមិតងស្រេង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

ជនរងគ្រោះឈ្មោះស៊ឹម រ៉ន ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិដីឆ្នាំ ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បើកម៉ូតូម៉ាកហុងដាឌ្រីម សេ ១២៥ ស៊េរី ឆ្នាំ ២០១៤ ពណ៌ខ្មៅ គ្មានស្លាកលេខ ។ ចំណែកគោយន្តបង្ក ម៉ាក Hinota HT140 ពណ៌ក្រហម សណ្តោងរ៉ឺម៉ក បើកបរដោយឈ្មោះ អ៊ុក ស៊ុន ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិស្រែវៀន ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

ប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ គេឃើញគោយន្ត១គ្រឿង បើកបរតាមផ្លូវជាតិលេខ៤៤ ទិសដៅពីកើតទៅលិច លុះមកដល់ចន្លោះគីឡូម៉ែត្រលេខ៣០-៣១ ស្រាប់តែមានយុវជនរងគ្រោះ បើកម៉ូតូមកតាមក្រោយដោយល្បឿនលឿន គ្មានពាក់មួកសុវត្ថិភាព សង្ស័យផឹកស្រវឹង ធ្លាក់ភ្នែក មើលមិនឃើញគោយន្តកំពុងបើកនៅខាងមុខ បានជ្រុលចង្កូតបុកទ្រុងចំពីក្រោយបណ្តាលឲ្យម៉ូតូដួល ខ្ទាតមនុស្សជាច្រើនម៉ែត្រ រងរបួសធ្ងន់សន្លប់ស្តូកស្តឹងតែម្នាក់ឯង និងម៉ូតូខូចខាតធ្ងន់ធ្ងរ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចអន្តរាគមន៍ បញ្ជូនជនរងគ្រោះ មកកាន់មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ដើម្បីសង្រ្គោះជីវិត ។ ដោយឡែកយានយន្តទាំង២គ្រឿង សមត្ថកិច្ច យកមករក្សាទុកនៅអធិការដ្ឋាននគរបាល ដើម្បីដោះស្រាយនៅពេលក្រោយ ៕ សេនាស័ក្តិ


ចែករំលែក៖