ភ្នំពេញ ៖ រថយន្ដម៉ាក Highlander បានបើកបុកជាមួយរថយន្ដស៊េរីទំនើប ម៉ាក RangrRover ត្រង់ចំណុចផ្លូវបំបែកជាបួន បណ្ដាលឲ្យរថយន្ដមួយគ្រឿងក្រឡាប់ផ្ងារជើង និងមួយគ្រឿងទៀត រងការខូចខាតយ៉ាងដំណំ សំណាងល្អក្នុងហេតុការណ៍នេះ មិនបណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ធ្ងរឡើយ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋកាលពីវេលាម៉ោង រំលងអធ្រាត្រ ឈានចូលថ្ងៃទី ១១ ខែតុលា ឆ្នាំ២០១៨ នៅត្រង់ចំណុចស្ទុប ណាន ជីង តាមបណ្ដោយផ្លូវលេខ១៦៩ កែងនឹងផ្លូវកម្ពុជាក្រោម ស្ថិតក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលកើតហេតុ គេសង្គេតឃើញ រថយន្ដស៊េរីទំនើប ម៉ាក RangrRover ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AY- 3663 ដែលបើកបរដោយបុរសម្នាក់ និងនារីម្នាក់រួមដំណើរជាមួយ បានធ្វើដំណើរតាមបណ្ដោយផ្លូវ១៦៨ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ក៏បានឆ្លងស្ទុប ទាំងមិនបន្ថយល្បឿន ក៏ត្រូវរថយន្តមួយគ្រឿងទៀតម៉ាក ហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AC-6117 បានធ្វើដំណើរតាមបណ្ដោយផ្លូវកម្ពុជាក្រោម ទិសដៅពីកើតមកលិចក្នុងល្បឿនលឿនដូចគ្នា ហើយក៏បុករថយន្តម៉ាក Rang Rover ពីចំហៀងពីក្រោយពេញទំហឹង បណ្ដាលឲ្យរថយន្ត Rang Rover ក្រឡាប់២ទៅ៣ត្រឡប់ រងការខូចខាតយ៉ាងដំណំ រីឯរថយន្តហាយឡែនឌ័រ បានរងការខូចខាត ផ្នែកខាងមុខយ៉ាងដំណំផងដែរ តែក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះឡើយ ។
ក្រោយកើតហេតុ ភាគីរថយន្តទាំង២ បានចេញពីកន្លែងកើតហេតុទុករថយន្តចោលរៀងៗខ្លួន ។ បន្ទាប់ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅមន្ត្រីជំនាញចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកវាស់វែងយករថយន្តទាំង២គ្រឿងនេះទៅរក្សាទុក រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ភារ៉ា ដង្កោ