ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ត្រូវរថយន្ដបុកស្លាប់ លើផ្លូវជាតិលេខ៤ យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានជិះម៉ូតូមកពីលេងប្រពន្ធ ក៏ត្រូវរថយន្ដស៊េរី ទំនើបបុកស្លាប់នៅលើដងផ្លូវជាតិលេខ៤គួរឲ្យអាណោចអាធ័ម ដោយបង្កការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋកាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ នៅក្បែរផ្សារកំបូល ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សពបុរសរងគ្រោះខាងលើមានឈ្មោះ ឈឹម ចាន់ណា អាយុ៣០ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅឯខេត្តតាកែវ ។

តាមសម្ដីប្រពន្ធជនរងគ្រោះបាននិយាយប្រាប់ទាំងទឹកភ្នែកថា ប្ដីរបស់គាត់បានចេញពីលេងគាត់រាងឆ្ងាយពីកន្លែងកើតហេតុបន្តិច ក្នុងគោលបំណងទៅផ្ទះជួលនៅសង្កាត់ចោមចៅ ដើម្បីធ្វើការ ដោយជិះម៉ូតូម៉ាកស្មាក់ រ៉េវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1E-5545 ។ ក្នុងហេតុការណ៍នោះ ប្រជាពលរដ្ឋក៏ឃើញជនរងគ្រោះធ្វើដំណើរតាមបណ្ដោយផ្លួវជាតិលេខ៤ ទិលដៅពីលិចទៅកើត ដោយមានរថយន្ដមួយគ្រឿងម៉ាក ឡិចស៊ីស NX200t ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AR-3871 បានធ្វើដំណើរស្របគ្នាក្នុងល្បឿនលឿន ហើយក៏បានបើកបុកម៉ូតូជនរងគ្រោះពីក្រោយយ៉ាងពេញទំហឹង បណ្ដាលឲ្យម្ចាស់ម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកឯម៉ូតូរងការខូចខាតយ៉ាងដំណំតែម្ដង តែក្នុងអំឡុងពេលនោះ រថយន្តបង្កបានបន្តទៅមុខប្រហែល៥០ម៉ែត្រ ទើបរថយន្តខូចមិនអាចទៅមុខបាន ដោយម្ចាស់រថយន្ដបង្កត្រូវប្រជាពលរដ្ឋឃាត់បានឲ្យសមត្ថកិច្ចដែរ តែមិនដឹងយ៉ាងម៉េចបានជាធ្វើឲ្យម្ចាស់រថយន្តបង្ករត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានវាស់វែងយករថយន្ដបង្ក និងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលចរាចរណ៍ផ្លូវគោលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់ ។

ចំណែកឯជនរងគ្រោះត្រូវបានរត់រថយន្តសាមុយដឹកបញ្ជូនទៅស្រុកកំណើតដើម្បីធ្វើបុណ្យទៅតាមប្រពៃណី ៕ ភារ៉ា ដង្កោ


ចែករំលែក៖