ខេត្តកណ្ដាល៖ គ្រោះថ្នាក់ចរាចរណ៍កើតមាន៣ករណីបណ្ដាលឲ្យមនុស្សស្លាប់២នាក់ និងរបួសធ្ងន់៣នាក់ គិតត្រឹមរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ ទូទាំងខេត្ដកណ្ដាល ។
មន្រ្ដីនគរបាលចរាចរណ៍ខេត្ដកណ្ដាលបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតមានចំនួន៣ស្រុក គឺ ស្រុកកៀនស្វាយកើតមាន១ករណី រវាងម៉ូតូ និងរថយន្ដ បណ្ដាលឲ្យមនុស្សស្លាប់ម្នាក់ ជនរងគ្រោះឈ្មោះ សួន អឹង ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកំពង់ចម្លង ឃុំព្រែកទម្លាប់ ស្រុកលើកដែក ខេត្ដកណ្ដាលជាអ្នកបើកបរម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ទឹកប៊ិច គ្មានស្លាកលេខ រីឯអ្នកបើកបររថយន្ដពុំស្គាល់អត្ដសញ្ញាណ បើករត់គេចខ្លួនបាត់ស្រមោល, ស្រុកខ្សាច់កណ្ដាល១ករណី រវាងម៉ូតូនិងរថយន្ដ បណ្ដាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់ ជនរងគ្រោះស្លាប់ឈ្មោះ ភឹម ភ័ស្ដ ភេទស្រី អាយុ២១ឆ្នាំ ជាអ្នកបើកបរម៉ូតូម៉ាកស៊ុយហ្ស៊ូគីនិច ធុនសេ១១០ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1GL-1573 និងរងរបួសធ្ងន់ឈ្មោះ ថុល ម៉ាលី ភេទស្រី អាយុ២១ឆ្នាំ (ជាអ្នករួមដំណើរ) ជនរងគ្រោះទាំង២នាក់មានទីលំនៅភូមិសំរោងកណ្ដាល សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ រីឯរថយន្ដម៉ាក FRONTIER ពណ៌ស ប្រភេទដឹកទំនិញ ពាក់ស្លាកលេខកំពង់ស្ពឺ2A-5584 បើកបរដោយជនមិនស្គាល់អត្ដសញ្ញាណ រត់គេចខ្លួនបាត់ស្រមោល, ស្រុកកោះធំមាន១ករណី រវាងម៉ូតូនិងរថយន្ដ បណ្ដាលឲ្យរបួសធ្ងន់២នាក់ ជនរងគ្រោះឈ្មោះ ផាន ផេវ ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិព្រែកតាមេម ឃុំព្រែកថ្មី ស្រុកកោះធំ ជាអ្នកបើកបរម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1CM-1747 និងម្នាក់ទៀតឈ្មោះ ណាត សេង ភេទស្រី អាយុ២៤ឆ្នាំ មានទីលំនៅឡក្បឿង ឃុំព្រែកថ្មី ស្រុកកោះធំ (ជាអ្នករួមដំណើរ) រីឯរថយន្ដម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ អ្នកបើកបរមិនស្គាល់អត្ដសញ្ញាណ រត់គេចខ្លួនបាត់ស្រមោល ។
ប្រភពដដែលបន្ដថា គ្រោះថ្នាក់ខាងលើ សរុបមនុស្សស្លាប់២នាក់ ប្រុសម្នាក់និងស្រីម្នាក់ ,របួសធ្ងន់៣នាក់ ប្រុស១នាក់និងស្រី២នាក់ ។ ករណីកើតមានគ្រោះថ្នាក់នេះគឺបើកបរមិនប្រកាន់ស្ដាំ២ករណី និងបើកបរជែងមិនប្រយ័ត្ន១ករណី ៕ ស្អាងជ័យ