ខេត្តស្វាយរៀង៖ យុវជន២នាក់ បានរងរបួសធ្ងន់សន្លប់ស្ដូកស្ដឹង ក្នុងថ្លុកឈាម ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ គួរឲ្យរន្ធត់ បង្កឡើងដោយរថយន្ត ម៉ាក Brand ពណ៌ស ប្រើប្រាស់ល្បឿនលឿន បុកពីក្រោយម៉ូតូយ៉ាងពេញទំហឹង លាន់ស៊ូដូចរន្ទះ កាលពីថ្ងៃព្រហស្បតិ៍ ២កើត ខែអស្សុជ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង៤និង២០នាទីទៀបភ្លឺ លើផ្លូវជាតិលេខ១ នៅចន្លោះគីឡូម៉ែត្រលេខ ១៦៥ និង១៦៦ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
បើតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថា យុវជនរងគ្រោះមានឈ្មោះ ឈុន ដារ៉ា អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកកាស៊ីណូ រស់ទីលំនៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង និងអ្នករួមដំណើរឈ្មោះ ជាក់ វីរះ អាយុ១៧ឆ្នាំ ជនជាតិខ្មែរមុខរបរបុគ្គលិកកាស៊ីណូរស់នៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដោយជិះម៉ូតូម៉ាកហុងដា ពណ៌ក្រហម គ្មានស្លាកលេខ ខូចខាតយ៉ាងដំណំ ។
ចំណែកអ្នកបើករថយន្តម៉ាក Brand ពណ៌ស ពាក់ស្លាកលេខ ចង្កូតស្ដាំ PP-2888 បង្កហេតុ ក្រោយឃើញសភាពការណ៍មិនស្រួលបានរត់គេចខ្លួនភ្លាមៗ ។
តាមសាក្សីបានឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តម៉ាក Brand ពណ៌ស ពាក់ស្លាកលេខ ចង្កូតស្ដាំ PP-2888 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ធ្វើដំណើរពីកើតមកលិចលុះបើកមកដល់កន្លែងកើតហេតុ ខាងលើក ក៏បុកពីក្រោយម៉ូតូម៉ាកហុងដា ណេវ ពណ៌ក្រហម គ្មានស្លាកលេខ ជិះគ្នា២នាក់ ក្នុងទិសដៅស្របគ្នា យ៉ាងពេញទំហឹងលាន់ដួចរន្ទះបង្កការភ្ញាក់ផ្អើលតែម្ដង ។
បច្ចុប្បន្ន ជនរងគ្រោះត្រូវក្រុមគ្រួសារបញ្ជូនយកទៅព្យាបាលនៅមន្ទីរពេទ្យប្រទេសវៀតណាម ហើយសមត្ថកិច្ចមូលដ្ឋានបានវាស់វែង និងអូសយកវត្ថុតាងមកទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត ដើម្បីបំពេញសំណុំរឿងតាមច្បាប់ ៕ យឹម សុថាន