ខេត្តស្វាយរៀង៖ មានការចុះរាវក្នុងទឹកប្រឡាយពីអ្នកភូមិ ប្រទះឃើញសពក្មេងប្រុសស្រីជាបងប្អូនបង្កើតទាំងយប់ បង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារ ស្រែកយំកាលពីវេលាម៉ោង៨យប់ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅ ភូមិជប់ព្រីង ឃុំថ្មី ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ។
បើតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យកាសែតនគរវត្តដឹងថា ក្មេងប្រុសស្រីដែលលង់ទឹកស្លាប់មានឈ្មោះ សាំង ហាអែន ភេទស្រី អាយុ១០ឆ្នាំ និងឈ្មោះ សែម ដុងហេ ភេទប្រុស អាយុ៥ឆ្នាំ ជាបងប្អូនបង្កើតរស់នៅ ភូមិជប់ព្រីងឃុំថ្មី ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ។
តាមសាក្សីបានឲ្យដឹងថា មុនកើតហេតុនៅវេលាម៉ោង៣រសៀល ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៨ ក្មេង ប្រុស ស្រី២នាក់ បានជិះកង់ឌុបគ្នាតាមភ្លឺប្រឡាយមេ ភូមិជប់ព្រីង ឃុំថ្មី ច្រកទ្វារទឹកខាងលិចភូមិ ក្នុងពោះប្រឡាយ ប្រមាណម៉ោង៥រសៀល ក៏មានការប្រទះឃើញកង់ និងស្នាមស្បែកជើង ក៏មានភ្ញាក់ផ្អើល និងរាយការណ៍ប្រាប់ក្រុមគ្រួសារ និងសមត្ថកិច្ចព្រមទាំងអ្នកចេញហែលទឹកចុះរាវច្រមុជមើល ប្រមាណជាម៉ោង៨យប់ ស្រាប់តែប្រទះឃើញ និងលើកមកដាក់លើគោកដើម្បីប្រគល់ឲ្យឪពុកម្ដាយតែម្ដង ។
បច្ចុប្បន្ន សពក្មេងប្រុសស្រី២នាក់ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុម គ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ទាំងក្ដុកក្ដួល និងអាឡោះអាឡ័យបំផុត ៕ យឹម សុថាន