ខេត្តព្រះសីហនុ ៖ ចៅហ្វាយក្រុង-ខេត្តព្រះសីហនុ បានធ្វើអោយអាប់មុខអាប់មាត់ អាម៉ាស់បំផុតចំពោះប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ក្រោមការគ្រប់គ្រងរបស់ខ្លួន គ្មានភាពទទួលខុសត្រូវលើសណ្តាប់ធ្នាប់ និងសន្តិសុខ ខណៈទីដ៏សែនមនោរម្យស្រស់ត្រកាលនៃតំបន់កម្សាន្តឆ្នេរសមុទ្រខេត្តព្រះសីហនុ ជាទីគយគន់ទៅកម្សាន្តពីភ្ញៀវជាតិ-អន្តរជាតិ បែជាឆ្នាំនេះស្ងាត់ជ្រលំ ហើយកើនយ៉ាងសំបូរបែបនូវសំរាមមានពាសពេញលើឆ្នេរខ្សាច់ ជាមួយនិងក្លិនឆ្អេះឆ្អាបស្អុយទៅវិញ…? ពីពេលមុនៗ នៅតំបន់ទេសចរណ៍តាមបណ្តាឆ្នេរសមុទ្រខេត្តព្រះសីហនុ មានភ្ញៀវជាតិ-អន្តរជាតិដ៏ច្រើនកុះករទៅកម្សាន្ត មិនថាថ្ងៃបុណ្យភ្ជុំបិណ្ឌ ចូលឆ្នាំខ្មែរ ចូលឆ្នាំចិន-វៀតណាម ឬកម្មវិធីបុណ្យជាតិផ្សេងៗនោះទេ។ គឺប្រជាពលរដ្ឋក្នុងមូលដ្ឋានមានឱកាសរកកម្រៃបានមកពីការលក់ដូរ ការជួលតូប បំពេញតាមតម្រូវការដល់ភ្ញៀវជាតិ-អន្តរជាតិ សឹងមិនគ្រប់គ្រាន់។
ដោយឡែកអីឆ្នាំនេះឬបច្ចុប្បន្ន អ្នកលក់ដូរត្អូញត្អែរគ្រប់គ្នាថាពួកគាត់ដាច់បាយហើយ បើស្ងាត់មនុស្សយ៉ាងនេះ…? បើពីមុនពួកគាត់ រកតូប រកម្ហូប ភេសជ្ជះ បង់សម្រាប់អង្គុយ អោយភ្ញៀវមិនបានគ្រប់ដល់ពួកគាត់ផង បែរជាឆ្នាំនេះក៏ដូចបច្ចប្បន្នតូប បង់អង្គុយរបស់គាត់ រងចាំមនុស្សទៅវិញ តើប្រជាពលរដ្ឋយើង និងភ្ញៀវអន្តរជាតិទៅណាអស់ហើយ…? មើលចុះស្ងាត់ភ្ញៀវសំបូរសំរាម បើមានគឺតិចតួចបំផុត សឹងតែថាអ្នកមកហិតសំរាមច្រើនជាងអ្នកមកកម្សាន។
មន្ត្រីរាជការតាមមន្ត្រីតាមមន្ទីរជុំវិញខេត្តបានលើកឡើងថា៖ មកដល់ពេលនេះ ទាំង ចៅហ្វាយក្រុង-ខេត្តព្រះសីហនុ លោកមិនទាន់ទទួលយកការរិះគន់ពីមជ្ឈដ្ឋានរបស់ប្រជាពលរដ្ឋនៅឡើយទេ ខណះការគ្រប់គ្រងដឹកនាំរបស់គាត់នៅមានកម្រិត ខ្វះការទទួលខុសត្រូវ និងមិនគិតដល់ចំណុចខ្សោយរបស់ខ្លួនដែលធ្វើអោយបាត់បង់ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ កើតឡើងដោយសារអ្វី…? គាត់(ចៅហ្វាយក្រុង-ខេត្តព្រះសីហនុ )វិញទេត្រូវរៀនសួរខ្លួនឯង ហេតុអីគ្មានអ្នកមកកម្សាន្តតំបន់ឆ្នេរខ្សាច់មាត់សមុទ្រ…? មន្ត្រីរាជការបានលើកពីកង្វះខាតលើការគ្រប់គ្រងតែ២ចំណុចតូចៗសិន ហើយក៏មិនលើកពីភាពអសកម្ម បញ្ហាមិនប្រក្រតីរឿងសំណង់។ល។ ទី១-ទាំងចៅហ្វាយក្រុង-ខេត្តព្រះសីហនុ គ្មានវិធានការរៀបចំសណ្តាប់ធ្នាប់៖ ជាក់ស្តែងតំបន់ឆ្នេរសមុទ្រពោរពេញទៅដោយសំរាម ទឹកកខ្វក់ ស្អុយ ឆ្អេះ ឆ្អាប ថង់សំរាមហូរចូលសមុទ្រសឹងគ្រប់ទីកន្លែង។
សំរាមក្នុងក្រុងរាយប៉ាយពាសពេញទីសាធារណះ ហើយថ្មីៗនេះកំប្លោកស្អុយរលួយរសាត់អណ្តែតមមកទើលើឆ្នេរខ្សាច់ តំបន់កម្សាន្តយាយីក្តីសប្បាយរបស់ភ្ញៀវជាតិ-អន្តរជាតិដែលពុំធ្លាប់មានពីមុនមក និងបង្ខំចិត្តមិនចង់ទៅកម្សាន្ត ពិសេសផ្លូវគមនាគមន៍ក្នុងក្រុងព្រះសីហនុខូចខាត គ្មានការជួសជុលថែទាំជាដើម។ ទី២-បញ្ហាសន្តិសុខ ជាកត្តាចំបងបំផុត តើទាំង ចៅហ្វាយក្រុង-ខេត្តព្រះសីហនុ បានគិតគូ គ្រប់គ្រងបានហើយឬនៅ អ្នកដឹងបានដឹង ហើយកុំលើកពីគុណសម្បត្តិខ្លួនបានធ្វើតែគេមិនលើកយកមកនិយាយអោយសោះ។ អំពើល្អ ការងារល្អ គេលើកយកមកបង្ហាញធ្វើអី ព្រោះគេដឹងហើយ សំខាន់បញ្ហាកង្វះខាត ភាពអសកម្មទើបគេយកមករិះគន់ដើម្បីស្ថាបនកែលម្អ ហេតុអីមិនទទួលយកទៅសិក្សាឆ្លក់កញ្ចក់មើលខ្លួនឯង..ដើម្បីមានឱកាសកែប្រែកំហុស។
មន្ត្រីរាជការបាននិយាយបែបហួសចិត្តថា៖ មិនដឹងជាលោក តាំង សុចិត្រគ្រឺះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ សមគំនិតជាមួយចៅហ្វាយក្រុង-ខេត្ត ឬគណនារាប់ចំនួនមនុស្សពីក្រហែងមេឃណាទេ បានតួលេខពីចំនួនអ្នកទៅកម្សាន្តខេត្តព្រះសីហុរយះពេល៣ថ្ងៃ មានចំនួន ៧៩.៥៨៧នាក់ ហើយថយចុះ១៣,៤៩%…? ក្នុងនោះបានគណនាយ៉ាងលម្អិតបែបនេះថា៖ ភ្ញៀវទេសចរមកសម្រាកកម្សាន្តនៅខេត្តព្រះសីហនុរយៈពេល៣ថ្ងៃក្នុងឱកាស បុណ្យភ្ជុំបិណ្ឌមានចំនួនសរុបប្រមាណ ៖
-ថ្ងៃទី០១នៃឱកាសភ្ជុំបិណ្ណប្រមាណ ១៨.០០០នាក់ (០៨ ខែតុលា ឆ្នាំ២០១៨)
-ថ្ងៃទី០២: ប្រមាណ ៣៥.០០០នាក់(០៩ ខែតុលា ឆ្នាំ២០១៨)
-ថ្ងៃទី០៣: ប្រមាណ ២៦.៥៨៧នាក់(១០ ខែតុលា ឆ្នាំ២០១៨) ដូច្នេះភ្ញៀវសរុបប្រមាណ ៧៩.៥៨៧នាក់ ថយចុះ១៣,៤៩%។
អ្វីដែលច្បាស់ពេកហ៊ានទាំងគណនាភូតភរថា៖ ក្នុងនោះមានភ្ញៀវជាតិៈ ៧៣.១៧៧នាក់ ថយចុះ ១៦,២៧% និងភ្ញៀវអន្តរជាតិ ៦.៤១០នាក់ កើនឡើង៣៩,៣៤%។
ខាងមន្ទីរទេសចរណ៍ខេត្តបានគណនាទៀតថា៖ ភ្ញៀវមកកម្សាន្តតាមរមនីយដ្ឋាននានាមានចំនួនសរុប ៧.៩៣៩ នាក់ ក្នុងនោះ
– រមនីយដ្ឋានក្បាលឆាយមាន ៥.៣១៩ នាក់ បរទេស១៥០នាក់។
– រមនីយដ្ឋានថ្មរូងមាន ១.២៤០ នាក់ បរទេស ៤៨ នាក់។
-រមនីយដ្ឋានពិកនិកមាន ១.៣៨០ នាក់ បរទេស ៣៩៤ នាក់។ ដោយឡែកសំរាប់ភ្ញៀវទៅទស្សនាតាមបណ្តាកោះនានារយៈពេលបីថ្ងៃមាន៖
-សរុប ២.៦៩៥នាក់ ( ស្រី១.២០៥នាក់)
-ជាតិសរុប ៦០៥នាក់( ស្រី ២៨៦នាក់)
-អន្តរជាតិ ២.០៩០នាក់ ( ស្រី៩២៤នាក់) ។
(ទិន្នន័យរបស់មន្ទីរទេសចរណ៍ ខេត្តព្រះសីហនុ)។
មន្ត្រីរាជការបានបញ្ជាក់ថា៖ មន្ទីរទេសចរណ៍ខេត្តបានរាយការណ៍ជូនទៅខាងមន្ទីរព័ត៌មាន ខេត្តព្រះសីហនុនូវតួលេខខាងលើនេះ។
លោក អីុ សុខឡេង អភិបាលក្រុងព្រះសីហនុ បានបង្ហាញពីការយកចិត្តទុកដាក់លើការគ្រប់គ្រងដឹកនាំរបស់ខ្លួន ក្នុងនោះលោកបានអោយដឹងថា រយៈពេល៥ថ្ងៃដ៏ដូចជាថ្ងៃភ្ជុំបិណ្ឌ លោក មិនបាននាំប្រពន្ធកូនទៅកម្សាន្តទីណាដូចជាបងប្អូនប្រជាពលរដ្ឋនោះទេ ដោយសារដឹកនាំ មន្ត្រីរាជការសហការជាមួយអង្គភាពពាក់ព័ន្ធ ប្រមូលសំរាម និងកំប្លោក ដែលបានហូរបក់ បោកពីប្រទេសវៀតណាមមកទើរលើតំបន់ឆ្នេរខ្សាច់អូរត្រេះ និងអូរឈើទាល ។
បន្ទាប់ពីចៅហ្វាយក្រុងព្រះសីហនុលើកឡើងបែបនេះ ក៏មានមតិពីមជ្ឈដ្ឋានទូទៅរិះគន់យ៉ាងពេញទំហឹងនូវគុណ បំណាច់របស់លោក អីុ សុខឡេង ពិតជាប្រមូលសំរាម និងកំប្លោកមែន ខណៈឃើញកំប្លោកមួយគុម្ពលើក២នាក់លោក យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដើម្បីថតបង្ហោះហ្វេសប៊ុក ហើយទង្វើនេះកាន់តែធ្វើឲ្យពលរដ្ឋមើល ឃើញថា ទាំងចៅហ្វាយក្រុង ទាំងចៅហ្វាយខេត្តមានចំណុចខ្សោយលើការគ្រប់គ្រងដឹកនាំយ៉ាងពិត ប្រាកដ ។
ក្នុងនោះពួកគាត់មិនបានទទួលយកនូវការរិះគន់ពីគ្រប់មជ្ឈដ្ឋាននោះទេ ដែលថ្នាក់លើគួរ ពិនិត្យពិចារណាលើបុគ្គលិកលក្ខណៈថ្នាក់ដឹកនាំទាំង២រូបនេះ គួររក្សាតំណែងឬត្រូវកែសម្រួលតួនាទី? ជៀសវាងការរិះគន់បន្តកើតមានជាគំហុក ជាពិសេសចៅហ្វាយក្រុង និងចៅហ្វាយខេត្តព្រះ សីហនុជាច្រើនអាណត្តិមកហើយ មិនដែលមានការដឹកនាំបែបនេះ ដូចលោក អីុ សុខឡេង លោក យន្ត មីន ក្លាយជាផ្ទាំងស៊ីបរបស់ពលរដ្ឋរិះគន់ដោយមិនសំចៃមាត់ ។
បុគ្គលិក មន្ត្រីរាជការតាមមន្ទីរជុំវិញខេត្តព្រះសីហនុបានរំឭកថា បញ្ហាសំរាមពាសពេញក្រុង ផ្លូវគមនា គមន៍បន្តខូចខាត តំបន់ឆ្នេរសមុទ្រ ពោរពេញដោយសំរាម កំប្លោកស្អុយ បង្ហូរទឹកស្អុយចូលសមុទ្រ ភ្ញៀវ ទេសចរត្រូវបានបាត់បង់ ប្រជាពលរដ្ឋលក់ដូរក្នុងមូលដ្ឋានបាត់បង់ចំណូល បញ្ហាទាំងអស់នេះគួរកុំលើក ឡើងបណ្តាលមកពីខេត្តព្រះសីហនុមានជនជាតិចិនច្រើនឲ្យសោះ ។ តាមពិតទៅ រាជរដ្ឋាភិបាលមិន ប្រកាន់នូវពណ៌សម្បុរ ពូជសាសន៍ សម្រាប់អ្នកយកលុយមករកស៊ីឬមកវិនិយោគនៅលើទឹកដីកម្ពុជានោះ ទេ ខណៈយើងត្រូវការចំណូល ចំណេញពីការវិនិយោគបរទេស ប៉ុន្តែអាជ្ញាធរ និងសមត្ថកិច្ចដែនដីនោះ ទេ ដែលខ្លួនខ្វះសមត្ថភាពក្នុងការគ្រប់គ្រងទើបបង្កឲ្យមានបញ្ហាមិនចេះចប់ ។
ប្រជាពលរដ្ឋមួយចំនួនបានត្អូញត្អែរថា (តំបន់ទេសចរណ៍ ឆ្នេរសមុទ្រខេត្តព្រះសីហនុ ភាពស្រស់បំព្រង គួរជាទីគយគន់មកលេងកម្សាន្តកាយស្រូបយកខ្យល់អាកាសបរិសុទ្ធសម្រាប់ពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិ អន្តរជាតិដ៏ល្អឥតខ្វោះពីមុនបាត់ទៅណាអស់ហើយ?) បាត់ភ្ញៀវជាតិ អន្តរជាតិមកកម្សាន្ត បាត់ចំណូល ពលរដ្ឋលក់ដូរដើម្បីដោះស្រាយជីវភាព បែរជាកើនតែសំរាមទើរគរដូចភ្នំតាមតំបន់ឆ្នេរសមុទ្រ ដូចជា ឆ្នេរអូរត្រេះ និងឆ្នេរអូរឈើទាលនេះជាដើម ។
ពួកគាត់បន្តថា អាណត្តិលោក អីុ សុខឡេងជាចៅហ្វាយ ក្រុង អាណត្តិលោកយន្ត មីន ជាអភិបាលខេត្ត ដឹកនាំធ្វើឲ្យអាប់មុខអាប់មាត់ រងនូវការរិះគន់ពីពលរដ្ឋ ខ្លួនឯងស្ទើរទូទាំងប្រទេសទៅហើយ ។ នេះមិនទាន់នឹងគិតថា តើមានភ្ញៀវអន្តរជាតិប៉ុន្មាននាក់ដែល បានផ្តិតរូបភាពដ៏កខ្វក់នៃគំនរសំរាមនៅក្រុងព្រះសីហនុ និងឆ្នេរខ្សាច់សមុទ្រ ដែលពោរពេញទៅដោយ សំរាមនោះផង ។
ពាក់ព័ន្ធនឹងបញ្ហាបរិស្ថាននៅខេត្តព្រះសីហនុជាប់ចំណាត់ថ្នាក់កខ្វក់ ហើយប៉ះពាល់សុខភាពពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ អង្គភាពនគរវត្ត មិនអាចទាក់ទងបានទេពីលោក សាមុត សុធារិទ្ធ ប្រធានមន្ទីរបរិស្ថានខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ ។ ប៉ុន្តែកន្លងទៅ ប្រធាន មន្ទីររូបនេះមិនបានធ្វើអត្ថាធិប្បាយនោះទេ តាមទូរស័ព្ទលោកគ្រាន់និយាយត្រឹមយករួចខ្លួនថា បើចង់ ដឹងរឿងអីៗ សូមអញ្ជើញមកកន្លែងខ្ញុំ បើក្រៅពីកន្លែង ឬខ្ញុំនៅក្នុងរថយន្ត តាមផ្លូវជាដើម ខ្ញុំមិនចេះ និយាយទេ រួចក៏បិទទូរស័ព្ទ ។
ដោយឡែកលោក តាំង សុចិត្រគ្រឹះស្នា ប្រធានទេសចរណ៍ខេត្តព្រះសីហនុ អង្គភាព នគរវត្ត មិនអាចទាក់ទងបានទេ ដោយទូរស័ព្ទចូលគ្មានអ្នកទទួល ខណៈតំបន់ឆ្នេរសមុទ្រខេត្តព្រះសីហនុសឹងតែគ្មាន ភ្ញៀវជាតិ អន្តរជាតិទៅកម្សាន្ត បែរជាគាត់មានតួលេខ ហើយក៏មិនដឹងគណនាចំនួនមនុស្សដោយរបៀប ណាទេ ទើបរកឃើញនិងរាប់បានចំនួនភ្ញៀវទេសចររយៈ៣ថ្ងៃទៅកម្សាន្តខេត្តព្រះសីហនុមានចំនួន៧៩.៥៨៧នាក់? ប៉ុន្តែធាតុពិតតាមតំបន់ឆ្នេរសមុទ្រស្ងាត់យ៉ាងជ្រងំ កើនតែសំរាមប៉ុណ្ណោះ ហេតុអ្វីប្រធានមន្ទីរទេសចរណ៍ខេត្តមានរបាយការណ៍គណនាចំនួនភ្ញៀវទេសចរណ៍បានល្អ ឥតខ្ចោះយ៉ាងនេះ ក្នុងនោះថែមទាំងបញ្ជាក់ថា ចំនួនភ្ញៀវទេសចរណ៍ទៅកម្សាន្តខេត្តព្រះសីហនុ បានថយចុះ១៣,៤៩ភាគរយថែមទៀត ។
លោក យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដែលពេញនិយម និងការរិះគន់ របស់ពលរដ្ឋស្ទើរទូទាំងប្រទេសនោះ អង្គភាព នគរវត្ត មិនអាចទាក់ទងបានទេ ដោយទូរស័ព្ទរបស់ចូល គ្រាន់តែនិយាយថា “និយាយអីក៏មិនបានដែរ ព្រោះជាប់រវល់ប្រជុំប្រញាប់” ៕ សុខខេមរា