ខេត្តពោធិ៍សាត់៖ មនុស្សក្មេងចាស់ប្រុសស្រីចំនួន ៣៧នាក់ ក្នុងនោះស្រីចំនួន ១៥នាក់បានរងរបួសស្រាល ធ្ងន់ រដូករណែលនៅលើកំណាត់ផ្លូវក្រាលកៅស៊ូលេខ៥៣ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយរថយន្តទ្រុង ១គ្រឿង បានកៀរអ្នកជិះម៉ូតូស្របទិសគ្នា រួចបានរេចង្កូតប្រះខ្លួនដេកទទឹងថ្នល់ ចាក់មនុស្សចោលដូចចាក់សំរាម រដូករណេលយំស្រែកទ្រហឹងអឺងកងគួឲ្យសង្វេគ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៤ និង៥០រសៀល ថ្ងៃពុធ ១កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវកៅស៊ូលេខ៥៣ ស្ថិតក្នុងភូមិបន្ទាយក្រង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
យោងតាមរបាយការណ៍ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តពិ៍សាត់ឃើញថា មុនដំបូងគេឃើញរថយន្ត ១គ្រឿងម៉ាក CANTER ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3C 0944 បើកបរដោយឈ្មោះ ភាព ភេទប្រុស រស់នៅភូមិពោធិ៍អណ្ដោត សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ធ្វើចរាចរណ៍ក្នុងទិសដៅពីត្បូងឆ្ពោះទៅទិសខាងជើង លុះមកដល់ចំណុចកើតហេតុ បានកៀរម៉ូតូ ១គ្រឿង ម៉ាក APRILIA ពាក់ស្លាកលេខ ពោធិ៍សាត់ 1F 9718 ឌុបគ្នាចំនួន៣នាក់ កំពុងធ្វើដំណើរស្របទិសគ្នា រួចរេចង្កូតជាន់ហ្វ្រាំងក្រឡាប់បះជើងច្រងាងទទឹងផ្លូវ ចាក់មនុស្សចោលរងរបួសរដូករណែល រួមទាំងភាគីម៉ូតូផងដែរ ។
ក្នងរបាយការណ៍ខាងលើបន្តទៀតថា ជនរងរបួសស្រាលធ្ងន់ទាំងចំនួន ៣៧នាក់ រស់នៅភូមិទី១ ឃុំកំពង់លួង ស្រុកក្រគរ និងភូមិពោធិ៍អណ្ដោត ភូមិឆ្លងកាត់ ភូមិស្ទឹងតូច សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ហើយជនរងរបួសបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកក្រគរ និងខេត្តពោធិ៍សាត់ បន្តទៅខេត្តបាត់ដំបង និងរាជធានីភ្នំពេញផងដែរ ចំណែកវត្ថុតាងរថយន្តបង្ក និងម៉ូតូបានរក្សាទុកជាបណ្ណោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកក្រគរ រង់ចាំវាស់វែង និងដោះស្រាយគ្នាតាមនីតិវិធី ហើយការគ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលមកពីអ្នកបើកបររថយន្តបង្កប្រើប្រាសល្បឿនលឿន ៕ ប៉ឹម ពិន