ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនអ្នកប្រែភាសាចិនម្នាក់ នៅក្រុមហ៊ុន លី ណា ណា ពីបទលួច ​

ចែករំលែក៖

ភ្នំពេញ៖ ក​ម្លាំ​ង​មូល​​ដ្ឋានកងរាជអាវុធហត្ថខ​ណ្ឌទួលគោក សហការ​ជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ​ចំការមន​ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ជាអ្នកប្រែភាសាចិនឲ្យក្រុមហ៊ុន លី ណា ណា (internationaltranding Co.LTD) ពីបទលួច(បារីយីហោ​៥៥៥) ​។

ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៦ និង១២នាទីព្រលប់ថ្ងៃព្រហស្បតិ៍ ២កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ នៅក្បែរច្រកចូលបុរីវិមានកូលាប សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ​។

តាមប្រភពព័ត៍មានពីមន្រ្តីកងរាជអាវុធហត្ថខណ្ឌទួលគោក បានឲ្យដឹងថា ដោយយោងលើបណ្តឹងរបស់ជនរងគ្រោះ(តំណាងក្រុមហ៊ុន លី ណា ណា (internationaltranding Co.LTD)បានប្តឹងមកសមត្ថកិច្ចឲ្យឃាត់ខ្លួន ជ​នសង្ស័យឈ្មោះ កាង ឌីម៉េង ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកប្រែភាសាចិន ស្នាក់នៅផ្ទះ១១០ Eoផ្លូវ២១៧ សង្កាត់អូរឬស្សី៤ ខណ្ឌ៧មករា ពីបទលួច(បារី​៥៥៥) ។ ចំណែកជ​នរងគ្រោះមាន​ឈ្មោះ ងួន មករា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកឡាន ឲ្យថៅកែក្រុម​ហ៊ុន លីណាណា ស្នាក់នៅផ្ទះលេខ៧០ ផ្លូវ១០៥ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ (ជាតំណាងក្រុមហ៊ុន លីណាណា )។ វត្ថុតាងដែលចាប់យកបានរួមមាន៖​ បារី៥៥៥ ចំនួន២ប៉ិច (បារីរបស់ក្រុមហ៊ុន លីណាណា), ម៉ូតូ០១គ្រឿង ម៉ាកស្កុបពី ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 1HD-5700 ។

បច្ចុប្បន្នជនសង្ស័យបានបញ្ជូនទៅការិយាល័យបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់ ៕ ស តារា


ចែករំលែក៖