ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌពោធិ៍សែនជ័យបញ្ជូនចោរប្លន់២នាក់ទៅតុលាការ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ បានបញ្ជូនខ្លួនជនសង្ស័យចំនួន២នាក់ ដែលជាមុខសញ្ញាវាយប្លន់យ៉ាងសកម្ម នៅក្នុងរាជធានីភ្នំពេញ ទៅកាត់សាលាដំបូងដើម្បីចាត់ការតាមច្បាប់ ក្រោយពីពួកគេ វាយប្លន់យកម៉ូតូពីជនរងគ្រោះកាលពីជិត១ខែមុន ។

ជនសង្ស័យ ឈ្មោះ ឆែម ប៊ុនឌឿន អាយុ១៨ឆ្នាំ និងឈ្នោះ នុត សុធុន អាយុ១៨ឆ្នាំ ។ ចំណែកជនរងគ្រោះឈ្មោះ បាន បញ្ញា អាយុ១៩ឆ្នាំ និងម៉ូតូដែលជនសង្ស័យនោះម៉ាក់ HONDA C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ មិនចាំស្លាកលេខ និងទូរស័ព្ទម៉ាកអាហ្វូនមួយគ្រឿង ។

លោក យឹម សារ៉ាន់អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានប្រាប់ឲ្យដឹងថា​ ហេតុការណ៍​នេះ បានកើតឡើងនៅវេលាម៉ោង០០និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចផ្លូវជាតិលេខ៣ ក្នុងភូមិព្រៃកី(ក) សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ជាក់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះរួមជាមួយមិត្តភក្កិ៤នាក់ផ្សេងទៀត បានជិះម៉ូតូ២គ្រឿង ធ្វើដំណើរចេញពីដើរលេងនៅកោះពេជ្រ តាមបណ្ដោយផ្លូវវេងស្រេងកាត់តាមរង្វង់មូលចោមចៅមកតាមផ្លូវជាតិលេខ ៣ មកដល់ត្រង់ចំណុចការដ្ឋានជួសជុលរថយន្តមួយកន្លែង ក្នុងភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ក៏ស្រាប់តែមានជនសង្ស័យចំនួន៨នាក់ ជិះម៉ូតូ៤គ្រឿង ហើយពេលនោះ ជនសង្ស័យជិះម៉ូតូម៉ាកហុងដាឌ្រីម C ១២៥ ស៊េរីឆ្នាំ ២០១៦ ជិះកៀរម៉ូតូជនគ្រោះរួចយកមួកសុវត្ថិភាពវាយទៅលើក្បាលជនរងគ្រោះ បណ្ដាលឲ្យជនរងគ្រោះរេចង្កូតដួលចូលប្រឡាយ រួចក្រុមជនសង្ស័យបានស្រែកថា កាប់វាឲ្យងាប់ បន្ទាប់មកជនសង្ស័យក៏យកទូរស័ព្ទ និងលើកម៉ូតូរបស់ជនរងគ្រោះជិះចេញទៅទិសខាងត្បូងបាត់ស្រមោលតែម្តង។

លោក យឹម សារ៉ាន់ អធិការរូបនេះ បានបន្តទៀតថា ក្រោមការបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ឲ្យកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យបើកការស្រាវជ្រាវរហូតដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ ទើបកម្លាំងរបស់លោកឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន២ នាក់ និងបក្ខពួក៦នាក់ផ្សេងទៀត កំពុងរត់គេចខ្លួន ៕ សុខាសែនជ័យ


ចែករំលែក៖